ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងសម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ

5 ខែ មុន 117 តូ សុផល

កំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម បានគូសបញ្ជាក់

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា៖ តម្លៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរីកចម្រើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ហើយកម្ពុជាបច្ចុប្បន្ន គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអតីតកាលឡើយ។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងឆ្លងសមិទ្ធិផលនានាក្នុងវត្តគិរីកុសិលារាម ដែលអាយុកាល ៧៧ឆ្នាំ ស្ថិតក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានការចូលរួមពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលជាសប្បុរសជន និងពុទ្ធបរស័ទចំណុះជើងវត្តប្រមាណជាង ២០០នាក់។

«សមិទ្ធិផលទាំងអស់នេះ មិនមែនកើតឡើងដោយចៃដន្យឡើយ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ព្រះចៅអធិការ គណៈកម្មាធិការវត្ត ប្រជាពលរដ្ឋ និងសប្បុរសជនជិតឆ្ងាយចូលរួមកសាង ហើយអ្វីដែលយើងទាំងអស់គ្នា មិនគួរមើលរំលងនោះ គឺបរិយាកាសនៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់គម្រោងវិនិយោគតូចធំ និងទេសចរណ៍ ជាមួយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ គិតជាមធ្យម ៧% ដែលបានជួយឲ្យកម្ពុជា ចាកផុតពីឋានៈប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនូវផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ពី ១.០៤២ដុល្លារអារមេរិក ក្នុងឆ្នាំ២០១៣ ដល់​ ១.៤៣៥ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ហើយអត្រានៃភាពក្រីក្រ បានធ្លាក់ចុះយ៉ាងខ្លាំងពី ៥៣,៥% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣,៥% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០១៤ និងបន្តធ្លាក់ចុះថែមទៀត។

យោងតាមស្ថិតិរបស់មន្ទីរធម្មការ និងសាសនា​ ខេត្តកំពង់ចាម​ បានឲ្យដឹងថា នៅទូទាំងស្រុកព្រៃឈរ មានវត្តសរុបទាំងអស់ចំនួន ៥៨វត្ត ដែលសុទ្ធសឹងជាវត្តមគណៈមហានិកាយ និងមានព្រះសង្ឃគង់សរុបចំនួន ៧០៩អង្គ ហើយព្រះវិហារ និងសមិទ្ធិផលថ្មីៗនៅក្នុងវត្តគិរីកុសិលារាម ហៅវត្តត្រើង គិតជាថវិកាសរុបស្មើនឹង ២៦,៥៥០០ដុល្លារ​អាមេរិក​ ដែលបានកំពុងធ្វើពិធីបញ្ចុះខណ្ឌសីមា និងដាក់សម្ពោធនៅថ្ងៃនេះ គឺដើម្បីទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទគ្រប់លំដាប់ថ្នាក់ សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យទៀនផេ្សងៗ ដែលជាប្រពៃណីសាសនារបស់ជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ