ព្រឹតិ្តការណ៍ថ្មីៗ

កម្ពុជា-ថៃ ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ ប៊ីលានដុល្លា នៅឆ្នាំ ២០២០

2 ខែ មុន 46 តូ សុផល

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ (6th JTC) ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ទី​ ២២ ខែកុម្ភៈ ឆ្នាំ២០១៨

នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា កម្ពុជា និងថៃ​ បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០។

កិច្ចប្រជុំនេះ​ ប្រព្រឹត្តទៅក្រោមគណៈអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សុនធិរ៉ាត់ សុនធិជីរ៉ាវង្ស (Sontirat Sontijirawong) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងតំណាងវិស័យឯកជននៃប្រទេសទាំងពីរ ប្រមាណជាង ១០០នាក់ ដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃលទ្ធផល ដែលបានអនុម័តនៅឯកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម រវាងកម្ពុជានិងថៃលើកទី៥ នៅទីក្រុងបាងកក ប្រទេសថៃ ឆ្នាំ២០១៥ និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមថ្មីនានាដូចជា ការនាំចូលជ្រូក ខ្សែភាពយន្ត ប្រេងឥន្ធន: ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា និងការអនុវត្តច្បាប់គយថ្មីរបស់ថៃ។

ក្រៅពីការបង្កើនទំហំពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើភាគីថៃ បន្ថែមរយៈពេលនៃការនាំចូលពោតពីកម្ពុជារហូតដល់ខែតុលារៀងរាល់ឆ្នាំ ដែលពីមុនការនាំចូលពោតមានរយៈពេលតែប្រាំខែប៉ុណ្ណោះ​ (ខែមីនា ដល់ខែសីហា)។ លើសពីនេះ ភាគីទាំងពីរបានឯកភាពបង្កើតក្រុមការងារចម្រុះ ដែលនឹងត្រូវកោះប្រជុំលើកទី១​ របស់ខ្លួន​ នៅក្នុងរយៈពេល ៣ខែ បន្ទាប់ពីកិច្ចប្រជុំ 6th JTC។

ទន្ទឹមគ្នានេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការបើកច្រកព្រំដែន កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាដើម។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៍បានចុះហត្ថលេខាលើឯកសារចំនួនពីរ គឺ (១) យុទ្ធសាស្ត្រកំណើននៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមបណ្តាខេត្តជាប់ព្រំដែន និង (២) អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម។ បន្ថែមពីនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្ម លើកទី៦ របស់កម្ពុជា ប្រកបដោយជោគជ័យ និងបានប្តេជ្ញាទ្រទ្រង់ និងជំរុញយន្តការកិច្ចសហប្រតិបត្តិការនានា ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ