ជនជាប់ឃុំ ២៨.៤១៤នាក់ កំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារពន្ធនាគារតូចចង្អៀត

3 ខែ មុន 24 តូ សុផល

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកអគ្គនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា ក្នុងចំណោមជនជាប់ឃុំទាំងអស់មាន ២៨.៤១៤នាក់គឺ មាន៥១,៧៦ភាគរយ

ត្រូវបានចោទពីបទល្មើសគ្រឿងញៀន ១៨,៨៨ភាគរយ ពីបទប្លន់ និងលួចមានស្ថានទម្ងន់ទោស ៧,៩១ភាគរយ ពីបទឃាតកម្ម និងមនុស្សឃាត ៧,៦៨ភាគរយ បទរំលោភសេពសន្ថវៈ និងបទល្មើសផ្សេងៗ ១៣,៧៧ភាគរយ។

សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្តែងការព្រួយបារម្ភចំពោះសុខភាពអ្នកទោសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ខណៈចំនួនអ្នកជាប់ឃុំ ឃាំងកាន់តែច្រើនឡើងហើយគ្មានកន្លែងដាក់ពោលគឺនៅក្នុងឆ្នាំ២០១៧កន្លងទៅនេះមានអ្នកទោសកើនឡើងរហូតដល់ជិតពីរម៉ឺននាក់។

ការលើកឡើងរបស់សម្តេចក្រឡាហោម យ៉ាងដូច្នេះគឺបានធ្វើឡើងនៅក្នុងកម្មវិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨របស់អគ្គនាយកដ្ឋានពន្ឋនាគារនាទីស្តីការក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២០ ខែកុម្ភៈនេះ។

សម្តេចក្រឡាហោម ស ខេងបានលើកឡើងថា “នាពេលបច្ចុប្បន្ននេះយើងពិតជាមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពអ្នកទោស ដោយសារតែកន្លែងតូចចង្អៀតហើយ អ្នកទោសកាន់តែកើនឡើងជាពិសេសអ្នកទោសជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនតែម្តង។ តែ យ៉ាងណាក្តីក្រសួងមហាផ្ទៃនឹងចាត់ចែងធ្វើកន្លែងដាក់អ្នកទោសបន្ថែមទៀតនៅតាមខេត្តមួយចំនួនហើយក៏កំពុងធ្វើការពិចារណាក្នុងការដាក់ពួកគេនៅតាមសហគមន៍ផងដែរ”។

សម្តេចក្រឡាហោម បានលើកឡើងទៀតថា ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលអនុវត្តន៍យ៉ាងម៉ឹងម៉ាត់ចំពោះករណីគ្រឿងញៀន បានធ្វើឲ្យអ្នកទោសនៅក្នុងឆ្នាំ២០១៧កន្លងទៅនេះ មានការកើនឡើង ហើយកន្លែងដាក់ពួកគេត្រូវបានលើសកំណត់ដែល ជាកត្តាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ។ យ៉ាងណាក្តីករណីនេះវាមិនអាចធ្ងន់ធ្ងរដល់ប្រទេសមួយចំនួននៅក្នុងតំបន់នោះឡើយ។

លោកឧត្តមសេនីយ៍ឯក ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា ចំនួនជនជាប់ឃុំប្រចាំឆ្នាំ២០១៧ (គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧) មាន ២៨.៤១៤នាក់ក្នុងនោះជនបរទេស ចំនួន ១១៤៨នាក់ (ស្រី ២៧១នាក់) អនីតិជនចំនួន១៥៥៥ នាក់ (ស្រី៩៨នាក់) ស្ដ្រីមានផ្ទៃពោះ ចំនួន៣២នាក់ និងកូនតាមម្ដាយ ចំនួន១៤៧នាក (ស្រី៧២នាក់)។ យ៉ាងណាក្តីនាពេលបច្ចុប្បន្ននេះអ្នកទោសដែលជាប់ក្នុងពន្ធនាគារនោះពួកគេក៏ត្រូវបានធ្វើការបណ្តុះបណ្តាលជំនាញមួយចំនួនផងដែរដូចជាការធ្វើសំណង់ ការជុសជុលម៉ូតូ ជំនាញកាត់សក់ និងជំនាញជាច្រើនទៀត។

បើយោងតាមរបាយការណ៍ បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅឆ្នាំ២០១៧ កន្លងទៅនេះ នៅកម្ពុជា មានអ្នកទោសចំនួន ២២នាក់ បានរត់ចេញពីពន្ធនាគារនៅទូទាំងប្រទេស ក្នុងនោះ មានក៏មានអ្នកទោស ចំនួន៥នាក់ ផងដែរត្រូវបានចាប់ត្រឡប់មកវិញ និង១៧នាក់ទៀត កំពុងត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន។

មានជនជាប់ឃុំឃាំងរត់រួចដោយសកម្មភាពផ្សេងៗចំនួន ១១លើក លើ១០ពន្ធនាគារ ចំនួន២២នាក់ មានខេត្តរតនគិរីចំនួន ២លើក ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តឧត្តរមានជ័យ និងមណ្ឌលអប់រំកែប្រែទី២។ ក្នុងរបាយការណ៍ដដែល បានឲ្យដឹងថា ជនជាប់ឃុំឃាំងទាំង១០០នាក់នោះ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ ក្នុងនោះមានករណីស្លាប់ នៅមន្ទីរពេទ្យក្រៅចំនួន៨៥នាក់ ស្លាប់នៅក្នុងពន្ធនាគារចំនួន១៤នាក់ និងនៅបន្ទប់ឃុំឃាំង២នាក់។ អ្នកស្លាប់ភាគច្រើន កើតឡើងដោយសារជំងឺប្រចាំកាយ និងជំងឺដែលទទួលផលប៉ះពាល់ពីថ្នាំញៀន៕៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ