ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែជិះម៉ូតូឆាប និងជែង ជើងខ្លាំងមួួយក្រុម បានដកកាំភ្លើងបាញ់ និងដកកាំបិតដេញកាប់យ៉ាងសាហាវ

1 ឆ្នាំ មុន 103 តូ សុផល

បន្ទាយមានជ័យ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ស៊ិន សុភ័ក្រ្តា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត

និងឈ្មោះ ស្រ៊ុន តេងល័ក្ខ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណី ប៉ុនប៉ងអំពើឃាតកម្ម កាលពីវេលាម៉ោង ២១ និង ០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅចំណុចភ្នំ១០០ ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ទល់មុខអាគារស្តារវីលេច ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដែលបង្កឡើងដោយមនុស្សមួយក្រុម ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា ៖ ក្រោយទទួលពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានចាត់តាំងកម្លាំងជំនាញដើម្បីធ្វើការស៊ើបអង្កេតជនមុខសញ្ញាជនសង្ស័យ ។ រហូតមកទល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ០១នាក់ ឈ្មោះ ឆន រ៉ាឆាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញបានធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ៖ ក្រុមខ្លួនពិតជាបានធ្វើការបាញ់ទៅលើជនរងគ្រោះតែមិនត្រូវ និងបានដកកាំបិតដេញកាប់ទៀតផង មូលហេតុដោយ សារជនរងគ្រោះ បានជិះម៉ូតូឆាប និងជេងម៉ូតូរបស់ក្រុមខ្លួន តែការបាញ់ និងដកកាំបិតដេញកាប់ គឺជាសកម្មភាពផ្ទាល់របស់ឈ្មោះ ឆុយ (មិនស្គាល់ត្រកូល) ដែលជាបក្សពួករបស់ខ្លួន ។ បើតាមសំដីរបស់សាក្សីឈ្មោះ អូន ផុល និងឈ្មោះ នាំ ស្រួច មុខរបរ សន្តិសុខស្តារវីលេច បានបញ្ជាក់ថា ៖ នៅថ្ងៃកើតហេតុ ពួកគេបានលឺសម្លេងស្រែកអោយជួយ ព្រោះមានគេដេញបាញ់ ពេលនោះពួកគេទាំងពីរ បានចេញទៅមើល ក៏ឃើញមានជនមួយក្រុមមានគ្នាប្រមាណ ០៤នាក់ ជិះម៉ូតូម៉ាក MSX ចំនួន ០២គ្រឿង (០១គ្រឿងពណ៌ស និង ០១គ្រឿងពណ៌ក្រហម) ហើយរូបគេទាំង ០២នាក់ (សន្តិសុខ) បម្រុងចេញទៅឃាត់ជនសង្ស័យ តែជនរងគ្រោះបានស្រែកប្រាប់ថា ៖ កុំទៅពួកគេមានកាំភ្លើង លុះដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ រូបគេ (សន្តិសុខ) បានឃើញជនសង្ស័យមួយក្រុមនោះម្តងទៀត មកឈប់នៅក្បែរកន្លែងខ្លួនកំពុងយាម ស្រាប់តែជនមួយក្រុមនោះបានដកកាំភ្លើង បាញ់រះទៅលើហ្វូងមនសុ្សដែលកំពុងដើរកំសាន្ត និងបានដកកាំបិតស្រែកគម្រាមថែមទៀត ក្រោយធ្វើសកម្មភាពរួចជនសង្ស័យមួយក្រុមនោះ ក៏បានជិះម៉ូតូចេញបាត់ទៅ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់បន្ថែមថា ៖ ក្រោយទទួលបានចម្លើយសារភារបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់សាក្សី លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ៖ ដោយយោងលើអង្គហេតុខាងលើ តាមចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់សាក្សី ដែលនៅចំណុចកើតហេតុ ឃើញមានភាពស៊ីសង្វាក់គ្នា ដែលបង្ហាញពីតម្រុយនៃពិរុទ្ធយ៉ាងជាក់លាក់ ដែលអាចសន្និដ្ឋានបានថា ជនសង្ស័យខាងលើពិតជាបានប្រព្រឹត្តអំពើប៉ុនប៉ងមនុស្សឃាត និងកាន់កាប់ រក្សាទុកអាវុធខុសច្បាប់ ។ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ