ព្រឹតិ្តការណ៍ថ្មីៗ

កំណេីនភ្ងៀវទេសចរណ៍នៅតែកេីន ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

1 ឆ្នាំ មុន 227 តូ សុផល

មណ្ឌលគិរី៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ក្នុងរយះពេល៣ថ្ងៃ គិតពីថ្ងៃទី១៦-១៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ

សម្រាប់ខេត្តមណ្ឌលគិរីគឺមានភ្ញៀវទេសចរណ៍ជាង១ម៉ឺន៧ពាន់នាក់ ដែលបានមកលេងកម្សាន្ត ដោយចំនួនទាំងនេះ នៅតែបន្តការកើនឡើង បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន មានប្រសាសន៍ថាកត្តាដែលទាក់ទាញភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីកាន់តែច្រើនឡើងបែបនេះ ដោយសារតែខេត្តមណ្ឌលគិរីជាខេត្តមួយដែលមានសក្កានុពលធម្មជាតិល្អប្រសើរ ដូចជាអាកាសធាតុត្រជាក់ វិសាលភាពព្រៃភ្នំ និងមានរមណីដ្ឋានស្អាតៗជាច្រើន ជាពិសេសនោះខេត្តមួយនេះបានរឹតបន្តឹងនូវសន្តិសុខ សុវត្តិភាពជូនភ្ញៀវទេសចរណ៍យ៉ាងល្អប្រសើរ និងមានប្រព័ន្ធផ្លូវថ្នល់ល្អងាយស្រួលក្នុងការធ្វើដំណើរ។ លោកបន្តថា ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរីតែងតែទៅលេងកម្សាន្តទឹកជ្រោះប៊ូស្រា បន្ទាប់ពីនោះភ្ញៀវទេសចរណ៍បានបន្តទៅកម្សាន្ត នៅរមណីដ្ឋានវប្បធម៍ភ្នំដោះក្រមុំ ដែលជាទីសក្ការ:របស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួងសុំសេចក្តីសុខ និងទៅទស្សនារមណីដ្ឋានសមុទ្រឈើមើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានបន្តទៀតថា បើគិតត្រឹមរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន- វៀតណាម ខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរណ៍មក លេងកម្សាន្តចំនួន ១៧,៣៧០នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៧,១០៥នាក់ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២៦៥នាក់ ហើយតួលេខនេះបើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ សម្រាប់ភ្ញៀវទេសចរណ៍សរុប១៤,៧១៦នាក់ ក្នុងនោះទេសចរណ៍ជាតិមានចំនួន១៤,៥៩១នាក់ ទេសចរណ៍អន្តរជាតិ១២៥នាក់ មានការកើនឡើងសរុប +១៨,០៣% ទេសចរណ៍ជាតិកើន +១៧,២២% ទេសចរណ៍អន្តរជាតិកើន +១១២% ។

លោក ងិន សុវិមាន មានប្រសាសន៍ទៀតថាចំពោះសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តមណ្ឌលគិរី នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានភាពល្អប្រសើរ ព្រោះកងកម្លាំង ប៉ូលីស ប៉េអឹម បានដាប់រាយនៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅរង្វង់មូលគោព្រៃ។ ក្នុងនោះដែរលោកក៏បានសំណូមពរដល់ម្ចាស់ភោជនីដ្ឋាន ក៏ដូចជាភ្ញៀវទេសចរទាំងអស់ ក្រោយពេលបរិភោគអាហាររួច គួរតែធ្វើការវិចខ្ចប់ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាបរិស្ថានទាំអស់គ្នា និងធ្វើឲ្យខេត្តរបស់យើងមានសោភ័ណភាព។
ដោយឡែកភ្ញៀវទេសចរ បានលើកឡើងថា អាកាសធាតុ និងសម្រស់នៃខេត្តមណ្ឌលគិរី ធ្វើឲ្យពួកគាត់មិនអាចបំភ្លេចបាន នូវទេសភាពដ៏ស្រស់ស្អាត ដែលអំណោយផលពីធម្មជាតិ ហើយពួកគាត់បានសំណូមពរ ដល់ប្រធានមន្ទីរទេសចខេត្តមេត្តាជួយរៀបចំ ទីតាំងទេសចរ ឲ្យបានល្អប្រសើរផង ជាពិសេសផ្លូវដែលចូលទៅកាន់តំបន់រមណីដ្នានទេសចរណ៍។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ