ព្រឹតិ្តការណ៍ថ្មីៗ

ជំងឺមហារីកឈាមស្រួចស្រាវលើកុមារ

7 ខែ មុន 196 តូ សុផល

ជំងឺមហារីកឈាមជាជំងឺដែលកើតមានញឹកញាប់ជាងគេក្នុងចំនោមជំងឺមហារីកកុមារទាំងអស់ ហើយក៏ជាជំងឺដែលមានអត្រាព្យាបាលជាសះស្បើយខ្ពស់ផងដែរ។

គេចែកជំងឺនេះជាពីរប្រភេទគឺ ប្រភេទស្រួចស្រាវ និងរ៉ាំរ៉ៃ។ តែប្រភេទរ៉ាំរ៉ៃកំរកើតមានលើកុមារណាស់។ ជំងឺនេះបណ្តាលមកពី ការបង្កើតច្រើនខុសធម្មតាពីខួរឆ្អឹង នូវកោសិកាគ្រាប់ឈាមខ្ចីៗ ដែលមិនអាចវិវត្តទៅជាកោសិការធម្មតា។

ក) មូលហេតុ៖
រហូតមកដល់បច្ចុប្បន្ននេះគ្មានការស្រាវជ្រាវណាដែលបញ្ជាក់ពីមូលហេតុច្បាស់លាស់របស់ជំងឺនេះទេ។

ខ) រោគសញ្ញា៖
រោគសញ្ញាដែលជួបប្រទះញឹកញាប់មានដូចជា៖
– ឈឺឆ្អឹង
– ស្លេកស្លាំង អស់កំលាំងល្ហិតល្ហៃ
– គ្រុនក្តៅញឹកញាប់
– ការហូរឈាមមានដូចជា ឈាមច្រមុះ អញ្ចាញធ្មេញ ស្នាមក្រហម ឬជាំនៅលើស្បែក ក្នុងមាត់ ។ល។
– ឡើងកូនកណ្តុរ អណ្តើក ថ្លើមរីកធំ
– លៀនភ្នែក (ជួបដោយកំរ)

គ) ការពិនិត្យអមវេជ្ជសាស្ត្រ៖
១-ការរាប់គ្រាប់ឈាមៈ
– ចំនួនគ្រាប់ឈាមក្រហមអាចថយចុះ ឬធម្មតា
– ចំនួនគ្រាប់ឈាមស អាចកើនឡើង ធម្មតា ឬថយចុះ
– ចំនួនប្លាកែតអាចថយចុះ ឬធម្មតា
២-ការបូមខួរឆ្អឹងៈ ជាវិធីដែលអាចបញ្ជាក់ពីរោគវិនិច្ឆ័យជំងឺមហារីកឈាមបាន

ឃ) ការព្យាបាល៖
តើជំងឺមហារីកឈាមលើកុមារអាចព្យាបាលជាសះស្បើយបានដែរឬទេ?
ពិតជាអាច!
គេចែកជំងឺមហារីកឈាមស្រួចស្រាវជាពីរប្រភេទទៀតគឺ
១. Leucémie aiguë Lymphoblastique ដែលមានឱកាសព្យាបាលជាសះស្បើយជាង ៩០% ។
២. Leucémie aiguë Myéloblastique ដែលមានឱកាសព្យាបាលជាសះស្បើយប្រហែល ៥០%។

ង) វិធីព្យាបាល៖
– ការព្យាបាលដោយឱសថគីមី
– ការប្តូរខួរឆ្អឹង ក្នុងករណីមួយចំនួន

មជ្ឈមណ្ឌលជាតិជំងឺមហារីកនៃមន្ទីរពេទ្យកាល់ម៉ែត នាំមកនូវស្នាមញញឹម និងក្តីសង្ឃឹមជាថ្មីដល់កុមារដែលមានជំងឺមហារីក។ calmette hospital

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ