ព្រឹតិ្តការណ៍ថ្មីៗ

ជំងឺមហារីកមាត់ធ្មេញ (Oral Cancer)!

6 ខែ មុន 238 តូ សុផល

ជំងឺមហារីកមាត់ធ្មេញ គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។

ដុំកោសិកាមហារីកនេះកើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់ (Primary Lesion) ដូចជាអញ្ចាញធ្មេញ អណ្តាត តំបន់ក្រោមអណ្តាត ឆ្អឹងថ្គាម ក្រអូមមាត់ ផ្សេងៗ ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin)។

ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ ហើយភាគច្រើនបំផុតប្រហែល ៩០% ជាប្រភេទ Squamous Cell carcinomas។ ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់ ជាដើម។

១) មូលហេតុ៖
– កោសិកាមហារីកកើតឡើងដោយសារបម្រែបម្រួលខុសប្រក្រតីនៃ DNA (Oncogenes are activated as a result of mutation of DNA)។
– កត្តាប្រឈមសំខាន់ៗដែលធ្វើឲ្យងាយកើតជំងឺមហារីកមាត់ធ្មេញមានដូចជា: ការជក់បារី ការពិសារស្រា ការប្រើប្រាស់ស្លាម្លូយូរឆ្នាំ។
– កត្តារួមផ្សំផ្សេងទៀតដូចជា អនាម័យមាត់ធ្មេញមិនល្អ ការរំខាន ឬភាពគ្រើមនៃធ្មេញសប្បនិមិ្មតដែលធ្វើឲ្យមុតជាដំបៅរ៉ាំរៃ អ្នកជំងឺខ្វះអាហារូបត្ថម្ភ។
– កត្តាមេរោគ (Bacteria) ពពួកផ្សិត (Fungi) វីរុស(ឧទាហរណ៍ប្រភេទវីរុស HPV16)។

២) បម្រែបម្រួលដំបូងជាដុំស្លូត មុនពេលឈានទៅរកដុំកោសិកាមហារីក “Premalignant lesion”៖
ជាដំណាក់កាលដំបូងនៃការប្រែប្រួលកោសិកា(នៅជាប្រភេទស្លូត) ដែលអាចប្រឈមទៅនឹងការវិត្តន៍ទៅជាកោសិកាមហារីក។
ដុំរឺដំបៅមានលក្ខណ:ស្លូត(Premalignant lesion)មានដូចជាៈ បន្ទះពណ៌ស (Leukoplakia), បន្ទះពណ៌ក្រហម (Erythroplakia) ឬ ដំបៅពណ៌ក្រហមលាយស (Mixed Red & white lesion),បន្ទះឆ្នូតស(Oral lichen planus), សាច់ដុំក្នុងមាត់ទ្បើងក្រិន(Oral Submucour Fibrosis )ជាដើម។ នៅដំណាក់កាលនេះ បម្រែបម្រួលកោសិកាមានតិចតួច ហើយអ្នកជំងឺមិនមានការឈឺចាប់ទេ។

ការប្រែប្រួលនេះអាចកត់សម្គាល់ និងដឹងដោយទន្តបណ្ឌិត ជាពិសេសគឺការច្រឹបសាច់យកទៅវិភាគ (Biopsy) ដែលអាចឲ្យជាលទ្ធផលដូចជា៖
– បំរែបំរួលកោសិការកំរិតទាប(Mild dysplasia)
– បំរែបំរួលកោសិការកំរិតមធ្យម(Moderate Dysplasia )
– បំរែបំរួលកោសិកាកំរិតខ្លាំង ហើយមានកោសិកាមហារីក (Carcinoma in situ :Severe Dysplasia)
– បន្ទាប់ពីនេះ គឺ ចូលដល់ដំណាក់កាលជំងឺមហារីក

**ការពិនិត្យតាមដាន និងការព្រឹក្សាក្នុងការព្យាបាលក្នុងដំណាក់កាលដំបូងដោយមានបំរែបំរួលកោសិការតិចតួច(Mild dysplasia)និង បំរែបំរួលកោសិការកំរិតមធ្យម(Moderate dysplasia) ពិតជាមានសារៈសំខាន់មុនពេលកោសិកានេះក្លាយជាកោសិកាមហារីក នៅដំណាក់កាល បំរែបំរួលកោសិកាខ្លាំងនឹងមានកោសិកាមហារីក(Carcinoma in situ)**

៣) រោគសញ្ញា៖
+ ដំបូងៈ បន្ទះពណ៌ស បន្ទះពណ៌ក្រហម ឬ បន្ទះសលាយក្រហម
+ ដំណាក់កាលបន្តបន្ទាប់ៈ
– ឡើងដុះជាដុំសាច់ហើយរីកលូតលាស់លឿន
– ជាដំបៅក្នុងមាត់ ដែលមិនជា ហើយមានសភាពឈឺចាប់
– ងាយក្នុងការហូរឈាម ហើយដុំសាច់អាចឡើងរឹង
– ចាប់ផ្តើមស្ពឹកតំបន់មួយចំនួនដូចជាលើអណ្តាត ឬបបូរមាត់
– ឈឺក្នុងត្រចៀក ក្បាល
– ហាមាត់មិនរួច ស្ទះផ្លូវដង្ហើម
– ពិបាកញ៉ាំ ស្រកទំងន់លឿន
– ឡើងកូនកណ្តុរតាមតំបន់ក (Cervical lymphadenopathy) ផ្សេងៗ

៤) ការធ្វើរោគវិនិច្ឆ័យ៖
– ការធ្វើរោគវិនិច្ឆ័យអាស្រ័យទៅលើទំហំប្រភេទនៃជំងឺ និងដំណាក់កាលនៃការវិវត្តន៍
– ការពិនិត្យក្នុងមាត់ៈ ដុំសាច់រីកលូតលាស់លឿន មានសភាពរឹង ងាយចេញឈាម
– ការច្រឹបសាច់យកទៅពិសោធន៍(Biopsy) គឺបញ្ជាក់យ៉ាងច្បាស់ពីប្រភេទជំងឺមហារីកមាត់ធ្មេញ
– ការអង្កេតផ្សេងទៀតដូចជា ថតឆ្លុះកាំរស្មីអ៊ិច អឹមអរអាយ ស្កេននែរ (Panoramic X-ray, Chest X-ray CT Scan, MRI)ដើម្បីដឹងពីទីកន្លែង នឹង ការរីករាលដាល

៥) ដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកមាត់ធ្មេញ៖
គឺធ្វើឡើងតាមប្រព័ន្ធ TNM ដែលមាន ដំណាក់កាលទី ០, ១, ២, ៣, ៤ (Stage O, I, II, III, IV)
– Tមានន័យថាដុំសាច់ (Tumor)ដោយគិតពីទំហំដុំសាច់
– Nមានន័យថាការឡើងកូនកណ្តុរតំបន់ក ( Regional lymph node Spread)
– Mមានន័យការរីករាលដាលដល់ទីកន្លែងនឹងសរីរាង្គផ្សេង(Distant Mestastasis )

៦)ការព្យាបាល៖
ការព្យាបាលគឺ អាស្រ័យទៅតាមដំណាក់ការវិវត្តន៍នៃជំងឺ មានដូចជាៈ
– ការវះកាត់យកដុំកោសិកាមហារីកចេញ ( Radical Surgery)
– ការព្យាបាលដោយប្រើប្រាស់កាំរស្មី (Radiotherapy)
– ការព្យាបាលដោយប្រើប្រាស់ថ្នាំគីមី (Chemotherapy)
– ឬការរួមបញ្ចូលគ្នានៃវិធីសាស្ត្រព្យាបាលខាងលើ
– ការព្យាបាលថែទាំដំណាក់កាលចុងក្រោយ ( Palliative Theraphy)

៧) អនុសាសន៍ក្នុងការការពារជំងឺមហារីកមាត់ធ្មេញ៖
– ធ្វើអនាម័យមាត់ធ្មេញឲ្យបានល្អស្អាត
– បញ្ឈប់ការជក់បារី ផឹកស្រា និងពិសារស្លាម្លូ
– ក្នុងករណីមានដុំសាច់ ឬ ដំបៅ ឬភាពប្រែប្រួល មិនធម្មតាក្នុងមាត់ដែលបានកើតឡើងហើយមិនជា ឬបាត់ទៅវិញក្នុងរយៈពេល ២ទៅ ៣អាទិត្យ សូមមកព្រឹក្សាជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត។
– ណាត់ជួបជាមួយទន្តបណ្ឌិតជារាងរាល់ ៦ខែម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញរបស់លោកអ្នក។
– សូមយល់ថាការធ្វើរោគវិនិច្ឆ័យទាន់ពេលអាចកាត់បន្ថយនូវអត្រាស្លាប់ និងងាយស្រួលក្នុងការព្យាបាល។

ប្រសិនបើលោកអ្នកមានបញ្ហាមាត់ធ្មេញ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញរួសរាន់មកជួបពិគ្រោះជាមួយទន្តបណ្ឌិតឯកទេស នឹងក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់អោយទាន់ពេលវេលា ព្រោះអក្នជំងឺភាគច្រើនមកពិនិត្យនឹងព្យាបាលនៅដំណាក់កាល់ចុងក្រោយនៃជំងឺដែលមិនអាចជួយបាន។ Calmette Hospital

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ