ព្រឹតិ្តការណ៍ថ្មីៗ

ក្តីស្រឡាញ់មិត្តភក្តិ!

6 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ ទិវានៃក្តីស្រឡាញ់ នាថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៨ គេឃើញយុវវ័យមួយចំនួន បានសម្តែងនូវសកម្មភាពផ្សេងៗ ជានិមិត្តរូប

ក្នុងការអបអរនិងចែករំលែកការស្រឡាញ់ តែក្រឡេកមកមើល អតីតមិត្តរួមជំនាន់សាលាបាក់ទូកនាទស្សវត្សរ៍ទី៨០ មួយក្រុមឋិតក្នុងវ័យមជ្ឈឹម ក៏មិនចាញ់យុវជនយុវតីប៉ុន្មានដែរ ពួកគាត់បានបង្ហាញពីក្តីស្រឡាញ់រួបរួមសាមគ្គី ជួយគ្នាគ្រប់គ្រាលំបាក ដែលអាចចាត់ទុកជាគម្រូមួយសម្រាប់មនុស្សជំនាន់ក្រោយគួរយកតម្រាប់តាម។

ក្តីស្រឡាញ់ដែល អតីតសិស្សបាក់ទូកនាទស្សវត្សរ៍៨០ មួយក្រុមនេះរួមជាមួយអតីតលោកគ្រូអ្នកគ្រូចាស់ៗរបស់ពួកគាត់ បានសម្តែងឡើង គឺពួកគាត់បានប្រមែប្រមូលចូលរួមថវិកាគ្នា សរុបបាន១០,២០០ដុល្លារ យកទៅជួយដល់មិត្តនិងគ្រួសារមិត្តជួបទុក្ខលំបាកចំនួន០៣នាក់៖
– ទី១គឺគ្រួសាររបស់មិត្តឈ្មោះ ប៉ែន សុខន បានទទួលថវិកា ចំនួន៦,១០០$ ខណៈដែលពួកគាត់ជួបទុក្ខសោក ព្រោះលោកប៉ែន សុខន បានទទួលអនិច្ចកម្ម កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៨
– ទី២ គឺមិត្តឈ្មោះ អ៊ុក ស្រស់ ជួបទុក្ខលំបាកធ្លាក់ខ្លួនឈឺត្រូវទទួលការវះកាត់ បានទទួលថវិកា២,០៥០$
– ទី៣ គឺមិត្តឈ្មោះ វង់ រ៉ណ្ណដា ជួបទុក្ខលំបាកធ្លាក់ខ្លួនឈឺ ត្រូវទទួលការវះកាត់ដូចគ្នា បានទទួលថវិកា២,០៥០$

សកម្មភាពទាំងនេះ មិនមែនគ្រាន់តែជានិមិត្តរូបដែលធ្វើឡើងតែក្នុងទិវានៃក្តីស្រឡាញ់ប៉ុណ្ណោះទេ ចាប់តាំងពីក្រុម អតីតសិស្សបាក់ទូកនាទស្សវត្សរ៍ទី៨០នេះ ត្រូវបានឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្តួចផ្តើមចងក្រងឡើងតាមរយៈបណ្តាញទំនាក់ទំនងWhatsApp ពួកគាត់បានបង្កើតនូវ ចំណងមនោសញ្ចេតនា ស្រឡាញ់រាប់អានស្និតស្នាលគ្នា ជ្រោមជ្រែងជួយទុក្ខធុរគ្នា គ្រប់គ្រាលំបាក ទាំងមិត្តភក្តិនិងទាំងអតីតលោកគ្រូអ្នកគ្រូ ជាច្រើនរាប់មិនអស់ ទោះស្លាប់ឬរស់ ក៏ក្តីស្រឡាញ់របស់មិត្តទាំងនេះ នៅតែមានជារៀងរហូត។ដូចមិត្ត ប៉ែន សុខន កាលនៅមានជីវិត ធ្លាប់ធ្លាក់ខ្លួនឈឺ ចូលសម្រាកមន្ទីរពេទ្យ ចំនួន០២លើក ក៏ធ្លាប់ត្រូវបាន អតីតមិត្តរួមជំនាន់ទាំងនេះ រួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនគាត់រហូតដល់ទៅ ១០,២២០$ សម្រាប់សម្រាលបន្ទុកព្យាបាលផងដែរ តែពេលលោកអស់ជីវិត មិត្តភក្តិទាំងអស់នៅតែ រក្សាមនោសញ្ចេតនាស្រឡាញ់ ឈឺឆ្អាលជួយសម្រាលដល់បន្ទុកគ្រួសារគាត់ដដែល។ នេះហើយជាក្តីស្រឡាញ់ពិត ចំពោះមិត្តភាព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ