ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌមានជ័យ បន្តដឹកនាំ​កម្លាំង ចុះឃាត់រថយន្តកាត់តកែច្នៃខុសលក្ខណៈបច្ចេកទេស​ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ២

8 ខែ មុន 100 តូ សុផល

(ដោយ : AhBoYz)

រាជធានីភ្នំពេញ​ ៖ នៅវេលាម៉ោង​០៧យប់ ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៨នេះ ដោយមានការបញ្ជាផ្ទាល់ពី លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ នោះ លោក មា សុភាព អភិបាលរងខណ្ឌមានជ័យ បានបន្តដឹកនាំកម្លាំងជំនាញចម្រុះ របស់គណៈបញ្ជាការ​ឯកភាពខណ្ឌមានជ័យ ដោយមានការចូលរួមពីកម្លាំងសង្កាត់ សហការជាមួយនិង មន្រ្តីរបស់មន្ទីរសាធារណៈការនិងដឹកជញ្ជូន ចុះធ្វើការឃាត់ រថយន្តដែលបាន កាត់ត​កែច្នៃខុស លក្ខណៈ បច្ចេកទេស ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ និងកែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចស្តុបមុខ​វត្តចាក់អង្រែក្រោម ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមច្បាប់បន្តទៀត ។

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយ មន្រ្តីជំនាញរបស់មន្ទីរសាធារណៈការ បានបន្តដាក់គោលដៅធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ​ ​ម៉ូតូចំនួន​ ៨៧គ្រឿង និងម៉ូតូ ១គ្រឿងអត់ស្លាកលេខ មានឯកសារត្រឹមត្រូវ បានធ្វើការណែនាំអប់រំដល់ម្ចាស់ម៉ូតូទាំងអស់ អោយចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងឃាត់រថយន្តប្រភេទធន់ធ្ងន់ចូលរាជធានី បានចំនួន ២១គ្រឿង ដោយធ្វើការត្រួតពិនិត្យត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវ និងធ្វើការអប់រំដល់ម្ចាស់រថយន្តក៍ដូចជាក្រុមហ៊ុនអោយចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈផងដែរ ។

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច​តេជោបានបញ្ជាក់ថា ចាប់ពីម៉ោង០០​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី១០ ខែកុ​ម្ភៈ ឆ្នាំ២០១៨ ចំពោះ​រថយន្តប្រភេទ ​ត (​កាត់ត​កែឆ្នៃ​) ទាំងអស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្ត​ណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់​ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយខេត្ត ទាំង​ចៅហ្វា​យ​ស្រុក គឺ​ត្រូវ​ទទួលខុសត្រូវ​ ចំពោះមុខច្បាប់ បើ​មិន​ចាត់វិធានការ​ទេ គឺ​ប្រឈម​នឹង​ការដក​តួនាទី​មុខតំណែង​ ព្រោះ​ឡាន​កែឆ្នៃ​កាត់ត​ទាំងនេះ គឺអាច​បង្ក​ការខូចខាត​ផ្លូវថ្នល់ និង​បង្ក​ការគ្រោះថ្នាក់​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​ ​

ដោយឡែក​ពាក់ព័ន្ធ​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់​វិញ សម្តេច​ បាន​ប្រាប់​ដល់​ក្រសួង​មន្ទីរ​ពាក់​ព័​ន្ធ​នានា​ត្រូវ​ជួបប្រជុំ​ជាមួយ​ម្ចាស់ ឬ​តំណាង​ក្រុមហ៊ុន​ធ្វើការ​ពន្យល់​ណែនាំ​ឲ្យ​បាន​ច្បាស់​អំពី​ច្បាប់​ចរាចរណ៍ និង​ ការដឹកជញ្ជូន និង​ ផ្ទុកទំនិញ លើស​ទម្ងន់ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការខូចខាត​ផ្លូវថ្នល់ និង ស្ពាន ព្រមទាំង​អាច​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ផងដែរ ។ ​ហើយ​បើ​ក្រុមហ៊ុន​ណា​មិន​គោរព​តាមច្បាប់ គឺ​ត្រូវ​ចាប់​រថយន្ត​នោះ​ទុក ហើយនឹង​អាចឈាន​ទៅ​បិទ​ក្រុមហ៊ុន​នោះ​តែម្តង​៕ AhBoYz៚

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ