ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌសែនសុខ សុំចិត្តអ្នករត់តាក់សុី បញ្ឈប់រត់ចាប់ម៉ូយ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី

6 ខែ មុន 20 តូ សុផល

ភ្នំពេញ៖នាព្រឹកថ្ងៃទី១៣ កុម្ភះ២០១៨នេះលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ

និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់រថយន្តតាក់សុីចំនួន ០៨នាក់មកណែនាំរួចទើបប្រគល់រថយន្តអោយយកទៅប្រកបមុខរបររកស៊ីធម្មតាវិញ បន្ទាប់ពីចុះប្រតិបត្តិការឃាត់ដកហូតរថយន្តខណ:ពេលឈប់ចាប់ដាក់ភ្ញៀវ(ម៉ូយ) យ៉ាងអនាធិបតេយ្យលើដងមហាវិថីសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងយកមករក្សាទុកនៅសាលាខណ្ឌសែនសុខរយះពេល ០៣ថ្ងៃកន្លងមកនេះ ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា ៖ ការឃាត់រថយន្តតាក់សុីរក្សាទុកនៅពេលនេះ រដ្ឋបាលខណ្ឌរក្សាទុករយៈពេល ០៣ថ្ងៃតែប៉ុណ្ណោប្រសិនបើថ្ងៃក្រោយឈប់ចតដាក់ភ្ញៀវបង្ករភាពអនាធិបតេយ្យ ហើយឃាត់បានម្តងទៀតនឹងរក្សាទុករយៈពេល ១០ថ្ងៃយ៉ាងយូរ និងចាត់ការតាមនីតិវិធីច្បាប់ ដោយមិនមានការផាកពិន័យជាទឹកប្រាក់អ្វីឡើយ ដូចនេះ ខ្ញុំសូមណែនាំដល់ម្ចាស់រថយន្តតាក់សុីទាំងអស់អោយបញ្ឈប់ការចាប់ដាក់ភ្ញៀវនៅលើដងមហាវិថីសហព័ន្ធរុស្សុី ដែលជាមហាវិថីមានគណៈប្រតិភូជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ និងត្រូវរកទីតាំងដាក់ម៉ូយអោយបានត្រឹមត្រូវកុំអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ។

លោកអភិបាលខណ្ឌបានបន្តថា ៖ ការចុះឃាត់ដកហូតរថយន្តរបស់បងប្អូននេះ ក្នុងគោលបំណងដើម្បីរក្សារបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អ និងដើម្បីបង្កាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗដែលអាចកើតមានជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ ក៏ដូចជាបងប្អូនអ្នករត់រថយន្តតាក់សុីផងដែរ ដូចនេះខ្ញុំសូមសំណូមពរអោយបងប្អូនអ្នករត់រថយន្តតាក់សុីទាំងអស់មេត្តាចូលរួមសហការជាមួយអាជ្ញាធរ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវ ដោយកុំបំពានច្បាប់ និងសូមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណ:អោយបានល្អស្អាតទាំងអស់គ្នា ជាពិសេសក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ សូមកុំបើកបរ ក្នុងស្ថានភាពសេពគ្រឿងស្រវឹង ដើម្បីការពារអាយុជីវិតរបស់បងប្អូន និងអ្នកដ៏ទៃផងដែរ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ