ព្រឹតិ្តការណ៍ថ្មីៗ

តំណាងរាស្រ្ត ២ រូប សំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ នៅខេត្តព្រៃវែង

1 សប្តាហ៍ មុន 155 តូ សុផល

ព្រៃវែង៖ នៅថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០១៨ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺលោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និង ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចទាំង៣ ដើម្បីឧបត្ថម្ភដល់ កងកម្លាំង ប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្ត ព្រៃវែង។

នៅក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឧត្តសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរង
នាយ នាយរងការិយាល័យ អធិការ អធិការរង វរសេនាតូច607 ការពារព្រំដែន និងប្រធាន ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ប៉ុស្តិ៍ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ផងដែរ ៥០០ នាក់ ។

ឧត្តមសេនីយ៍ទោ ស្រេង ជា ស្នងការ នគរបាលខេត្តព្រៃវែង តំណាងឱ្យកងកម្លាំងទាំង ៣ប្រភេទ បាន ឱ្យដឹងថា៖ កន្លងមកកងកម្លាំងទាំងអស់ បានខិតខំបំពេញតួនាទីភារកិច្ច ដែលប្រមុខ រាជរដ្ឋាភិបាល កម្ពុជាប្រគល់ជូន និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសរក្សាសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមរក្សាស្ថិរភាពនយោបាយក្នុងប្រទេស ព្រមទាំងប្តេជ្ញាទប់ស្កាត់រាល់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងបន្តទប់ស្កាត់រាល់ការ ប្រមូល ផ្តុំមនុស្សបង្កចលាចលគ្រប់រូបភាព ដើម្បីធ្វើបដិវត្តន៍ពណ៌។

ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈ អភិបាលខេត្ត បានថ្លែងការកោតសរសើរដល់ កងកម្លាំង ប្រដាប់អាវុធទាំង ៣ប្រភេទ ព្រៃវែង ដែលជានិច្ចជាកាល បានបំពេញភារកិច្ច ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សារធាណ:ជួនប្រជាពលរដ្ឋ និងប្រទេសជាតិ ព្រមទាំងបានចូលរួមចំណែក ក្នុងកិច្ចការមនុស្សធម៌ដល់សង្គមជាតិ យ៉ាងច្រើនផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ សែន ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយល្អ ដែលជាហេតុនាំឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពីបាតដៃទទេរហូតមកដូចសព្វថ្ងៃនេះ ។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដល់កងកម្លាំងទាំងអស់ក្នុងខេត្តព្រៃវែង។ លោកក៏បានកោតសសើរ ដល់បងៗជាកងកំលាំងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ដោយឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ផ្ទះសំបែង បំពេញភារកិច្ច ទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសុខសុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ហើយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ យ៉ាងខ្លាំង និងគ្រប់កាល:ទេសៈ ក្នុងការលើកកំពស់ជីវភាពរបស់កងកំលាំងប្រដាប់អាវុធទាំងអស់ផងដែរ។

នៅក្នុងឱកាសនោះ លោកហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពី បានប្រគល់អំណោយរបស់សម្តេចទាំង៣ ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ទាំង ៣ប្រភេទ នៅខេត្តព្រៃវែង រួមមាន ក្នុងនោះមានស្នងការដ្ឋាននគរបាលខេត្តឧបត្ថម្ភ អង្កចំនួន ២តោន តង់ចំនួន ១០០តង់ អាវពន្លឺចរារណ៍ ចំនួន ៥០ ពិលចរាចរណ៍ និង ថ្ម ចំនួន ៥០ ចំណែក តំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង និង កងរាជអាវុធហត្ថខេត្ត ក្នុងមួយអង្គភាព ទទួលបាន អង្កចំនួន ១តោន តង់ចំនួន ៥០ តង់ អាវពន្លឺចរារណ៍ ចំនួន ៥០ ពិលចរាចរណ៍ និង ថ្ម ចំនួន ៥០ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ