ព្រឹតិ្តការណ៍ថ្មីៗ

ទាល់តែ នាយករដ្ឋមន្ត្រី ព្រមានដកតំណែង បានភ្ញាក់រលឹកស្ទុះស្ទារត់ជាន់ជើងគ្នា!

1 សប្តាហ៍ មុន 4659 តូ សុផល

ភ្នំពេញ ៖ កក្រើកក្រុងភ្នំពេញ ក្រោយប្រសាសន៍ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការពីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកជិះបញ្ច្រាស់ អត់មួក កញ្ចក់ កាលពីកន្លងទៅ។បទបញ្ជាថ្មីផ្សេងទៀត ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែល កំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កអោយខូចផ្លូវស្ពាន និង បង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។

ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាធ្ងន់ៗថា ចំពោះរថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើ ឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការ ដកតួនាទីមុខតំណែង។ បញ្ជានាយករដ្ឋមន្ត្រីចេញហើយគ្មានអ្នកណាម្នាក់មិនភិតភ័យតុកស្លុត បើរឹង ទទឹងមិនមិនអនុវត្តន៍ ត្រឹមតែ២៤ម៉ោងអស់តំណែងមិនខាន ដូច្នេះហើយគេសង្កេតឃើញគ្រប់បណ្តាស្រុក ខណ្ឌ ឬខេត្ត ស្រវាស្រទិញខិតខំមិនថាយប់ឬថ្ងៃឡើយ។

ពលរដ្ឋកើតចម្ងល់សួរតៗគ្នាថា បើសម្តេចតេជោ មិនចេញបញ្ជាទេ តើ រដ្ឋមន្ត្រី អភិបាលស្រុក អភិបាលក្រុង អភិបាលខណ្ឌ និងអភិបាលខេត្ត មិននឹកឃើញទេឬយ៉ាងណា? ឬមួយខ្លាចខ្នង ក្រុមហ៊ុនធំៗពេក?

ដែលកន្លងមកគេឃើញការអនុត្តន៍របស់សមត្ថកិច្ច ហាក់គ្មានប្រសិទ្ធភាពសោះ ណាមួយកាអនុវត្តន៍ ខាង លើប្រៀបបាននិងភ្លើងចំបើងបានតែមួយឆាវស្ងាត់ឈឹង។ កត្តានេះបណ្តាលអោយកំនើនគ្រោះថ្នាក់ ចរារណ៍បណ្តាលអោយមនុស្សស្លាប់ របួសនិងខូចខាតទ្រព្យសម្បត្តិ សាធារណៈរាប់មិនអស់។ ទៀត សោត បើគ្មានបទបញ្ជាពីថ្នាក់ដឹកនាំកំពូលទេ សមត្ថកិច្ច ឬអាជ្ញាធរស្ទើគ្រប់ជំនាញ ធ្វើភ្លេច យករួច ខ្លួនតែម្តង។

មតិតាមតុកាហ្វេនិយាយដោយចំហរថា ទាល់តែនាយករដ្ឋមន្ត្រីស្រែក ទើបនាំគ្នាភ័យ ស្រស្រាកស្រស្រាំ គ្រប់ខណ្ឌសម្រុកទាំងយប់ទាំងថ្ងៃព្រោះខ្លាចអស់តំណែង ចុះយូរហើយម្តេចមិននាំគ្នាំធ្វើ? ឬមួយចាំទាល់ តែ នាយករដ្ឋមន្ត្រីចេញបញ្ជាគ្រប់តែរឿង? ដែលរឿងខ្លះត្រឹម អាជ្ញាធររាជធានី ខណ្ឌ ឬ សង្កាត់សង្កាត់ក៍ អាចសម្រេច និងធ្វើវាបានដែរ មិនគួរណាបណ្តោយទាល់តែ  សម្តេចនាយករដ្ឋមន្ត្រី ចេញបញ្ជាគ្រប់រឿង បែបនេះសោះ។

បើក្រឡេកមកមើលឯបញ្ហា សន្តិសុខក្នុងរាជធានីភ្នំពេញវិញ មួយរយៈចុងក្រោយនេះហាក់កក្រើក ឡើង វិញ នូវការបាញ់បោះសេរី អំពើលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង (Net24ម៉ោង) និងកុងស៊ី បញ្ចាំ រាប់រយកន្លែងបាននិងកំពុងរីកដុះដាលដូចផ្សិតស្របពេលដែលអាជ្ញាធរផ្អាកសកម្មភាព ចុះពិនិត្យ និង បង្ក្រាប។

ជាក់ស្តែង ទីតាំង Internet 24ម៉ោង បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ឆ្នោតយួនតាមបណ្តាផ្សារនានា ជាពិសេសតាមទីតាំងប្តូរ និង វេលុយ (Wing / True Money / E-money / Asia វេលុយជាដើម)។

កុងស៊ីបញ្ជា ឬទីតាំងបញ្ចាំ ក៍កាន់តែរីកដុះដាលកាន់តែច្រើនឡើងៗ ធ្វើអោយបងប្អូនប្រជាពលរដ្ឋមាន ក្តីព្រួយបារម្ភកាន់តែខ្លាំង  ព្រោះដើមចមនៃអំពើលួច ឆក់ ប្លន់ គ្រឿងញៀន និងបទល្មើសនានា កើត ចេញពីប្រភពខាងលើនេះ។

គួររំលឹកដែរថា កាលពីកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់ចេញបញ្ជាអោយអោយអភិបាលខណ្ឌទាំង១២ ចុះពិនិត្យ និង និងបង្ក្រាប ទីតាំង Internet 24ម៉ោង បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ ឆ្នោតយួន និងកុងស៊ីគ្មានច្បាប់ផងដែរ តែការ អនុវត្តន៍តាមបទបញ្ជានោះ បានត្រឹមមួយភ្លើងបារី រហូតមកដល់ពេលនេះស្ងាត់ឈឹង ឬមួយចាំទាល់តែ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចេញបទបញ្ជាទៀតបាននាំគ្នាស្ទុះស្ទារ។

ប្រជាពលរដ្ឋរស់តាមបណ្តាលខណ្ឌទាំង១២ ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច  មេត្តាជួយរឹតបន្តឹង កន្លែង កុងស៊ីបញ្ចាំ និងទទួលផលចោរកម្មផង ព្រោះមួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមានការព្រួយ បារម្ភខ្លាំង ពីសុខសុវត្ថិភាព និងការបាត់បងទ្រព្យសម្បត្តិ របស់ខ្លួនជាច្រើន ដោយសារក្រុមចោរ លួច ឆក់ ប្លន់ យកទៅ លក់ ឬបញ្ចាំ​នៅកន្លែងកុងស៊ី ជាពិសេសកន្លែងដែលទទួលទិញផលចោរកម្មតែម្តង។

ប្រជាពលរដ្ឋសុំមិនបញ្ចេញ ឈ្មោះ ជាច្រើនរូប រៀបរាប់ប្រាប់TNN ថា កាលពីពេលថ្មីៗនេះ ម៉ូតូ និង រថយន្ត របស់​គាត់ត្រូវចោរលួចនោះ ពេលចាប់ជនសង្ស័យបានឆ្លើយថា យកទៅបញ្ចាំ នៅម្តុំផ្សារឃ្លាំង រំសេវ ទោះបើ គ្មានឯកសារក៍ទទួលដែរ។

ប្រភពដដែលបន្តថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនរឹតបណ្តឹងលើកន្លែងសុងស៊ីបញ្ចាំនោះទេ ប្រាដកជា កើតអំពើចោរកម្ម កាន់តែច្រើន ជាពិសេសធ្វើប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ច របស់ខ្លួនដែល មិនបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់។

ពលរដ្ឋសុំឲ្យសមត្ថកិច្ច និងមន្រ្តីតុលាការ ចាត់វិធានការចំពោះម្ចាស់កុងស៊ីបញ្ចាំឲ្យខ្លាំង ពីព្រោះពួកគេ ក៏មានទោស ដូចចោរផងដែរ ពោលទិញរបស់ចោរកម្មគ្មានឯកសារត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រោយពេលឡើងកាន់ដំណែងថ្មីៗ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន សង្កត់ ធ្ងន់យ៉ាងខ្លាំង រហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍ តែការអនុវត្តន៍នៅមានកំរិតនៅឡើយ។

លោកអភិបាលថ្លែងថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅ មានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកប​អាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យ  ឃើញថា ក្រោយពីបានណែនាំអស់រយៈពេលយូរយារមកហើ ហាក់បីដូចជា មិនទាន់ មានសកម្មភាព អ្វីមុតមាំទៅលើបញ្ហានេះទេ»៕

យោងតាមប្រសាសន៍ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក ថា នៅខណ្ឌរបស់លោក មាន កុងស៊ី បញ្ចាំមានច្បាប់៥៣ទីតាំង និងហ្គេមអនឡាញរាប់រយកន្លែងទៀតក្នុងដែនដីទួលគោកទាំងមូល។

ដោយឡែកខណ្ឌ១១ទៀត អង្គភាព TNN មិនទទួលតួលេខទេ តែបើតាមសេចក្តីរាយការណ៍របស់ ប្រជា ពលរដ្ឋពីតាមបណ្តាខណ្ឌនានាដូចជា ៖ ខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌឬស្សូកែវ ខណ្ឌ៧មករា ខណ្ឌមានជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ និងខណ្ឌផ្សេងៗទៀត  មានទីតាំង កុងស៊ីបញ្ចាំ និង ទីតាំងហ្គេមអនឡាញបង្កប់ល្បែងភ្នាល់ ឆ្នោតយួន ល្បែងទឹកភ្លៀង ហ្គេមបាញ់ត្រី ជល់មាន់ បាននិងកំពុងរីកសាយភាយពេញបន្ទុក។

តើទាំងអស់នេះ អាជ្ញាធររាជធានី ខណ្ឌ និងសង្កាត់ រងចាំបទបញ្ជាពី សម្តេចតាជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតបានធ្វើ ឬយ៉ាងណា?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ