ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទំនិញធន់ធ្ងន់  តទ្រុងខុសលក្ខណៈបច្ចេកទេស ៩១គ្រឿង ត្រូវអភិបាលខណ្ឌជ្រោយចង្វារ បញ្ជាអោយឃាត់ ត្រួតពិនិត្យ 

1 ឆ្នាំ មុន 228 តូ សុផល

ភ្នំពេញ ៖ កាលពីវេលាម៉ោង០០:០០នាទីរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨គិតត្រឹមវេលាម៉ោង១២ថ្ងៃត្រង់នេះ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ សហការជាមួយក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកទំនិញធន់ធ្ងន់ថ្នាក់រាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដឹកទំនិញធន់ធ្ងន់គ្រប់ប្រភេទ ដែលធ្វើចរាចរចេញចូលរាជធានីភ្នំពេញ នៅចំណុចផ្លូវជាតិលេខ៦កែងវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការត្រួតពិនិត្យខាងលើ ជាលទ្ធផល៖ ត្រួតពិនិត្យរថយន្តសរុបបានចំនួន ៩១គ្រឿង ក្នុងនោះ រថយន្តត្រឹមត្រូវតាមច្បាប់ចំនួន ៨៨គ្រឿង ក្រុមការងារអនុញ្ញាតឲ្យធ្វើចរាចរជាធម្មតា និងមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន ០៣គ្រឿង ត្រូវបានកម្លាំងចម្រុះមានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការទៅតាមនីតិវិធីជាធរមាន។

លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាពីគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ គឺត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតចំពោះបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញបទបញ្ជាយ៉ាងដាច់ណាត់ ស្តីពីចំណាត់ការលើក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់រថយន្តដឹកលើសទម្ងន់ និងប្រើប្រាស់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស។

ការដាក់ចេញនូវបទបញ្ជាខាងលើនេះគឺធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលគម្រោងសាងសង់ស្ពាននិងផ្លូវនេះ គ្រោងចំណាយថវិកាជិត៥៧លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ ដោយចំណាយពេលប្រមាណ ៤២ខែ។

សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមដាក់ចេញនូវបទបញ្ជាអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់បំផុត មើល! ក្រុមហ៊ុនណាដែលដឹកជញ្ជូនលើសទម្ងន់ យើងនិយាយប្រជុំក្រុមហ៊ុនទាំងអស់ ហៅមកនិយាយគ្នា បើសិនជាមាន យើងអាចចាប់រថយន្តហើយយើងអាចបិទក្រុមហ៊ុននឹងចេញ បិទក្រុមហ៊ុនទៀត បើទោះជាក្រុមហ៊ុនថា បើអញ្ចឹងសេវាដឹកជញ្ជូនស្អីៗ អត់ទេទុកសិនទៅ ព្រោះអ្នកឯងសម្លាប់មនុស្សអស់ប៉ុន្មាន អ្នកឯងបំផ្លាញផ្លូវអស់ប៉ុន្មាន បើអ្នកឯងមិនកែ ខ្ញុំបិទក្រុមហ៊ុនចោល ត្រូវនិយាយគ្នាអារឿងហ្នឹងឲ្យច្បាស់» រឿងទី២ «រឿងកាត់ឡានត ខ្ញុំសូមបញ្ចាក់ចាប់ពីម៉ោង០០នាទីយប់នេះទៅ ឡានតទ្រុងទាំងប៉ុន្មានមិនត្រូវមានវត្តមានលើផ្លូវទេ បើមានវត្តមានលើផ្លូវ នៅក្នុងខេត្តណា ស្រុកណា ចៅហ្វាយខេត្តនោះ ចៅហ្វាយស្រុកនោះ ត្រូវទទួលខុសត្រូវ ចាប់ទុកទាំងអស់ ចាប់កាត់ទាំងអស់ អត់មានលែង»។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!