ព្រឹតិ្តការណ៍ថ្មីៗ

ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ស្ទឹងត្រង់-ក្រូចឆ្មារ) 

3 ខែ មុន 241 តូ សុផល

“គ្រប់យានយន្ដដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងយានយន្តកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវបញ្ឈប់ការធ្វើចរាចរណ៍នៅលើដងផ្លូវជាបន្ទាន់ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះតទៅ”
នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន ឆ្លងកាត់ ទន្លេមេគង្គ ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងផ្លូវតភ្ជាប់សងខាង ស្ពាន។

ស្ពាននេះមានប្រវែងសរុប ១.១៣១ ម និង ទទឹង១៣,៥០ ម ជាប្រភេទស្ពានបេតុងសរសៃដែក គ្រោង ចំណាយថវិកាសរុប ៥៦,៩៩៨ លាន ដុល្លារសហរដ្ឋអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយ ផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទះ ដែលមានទីតាំងឋិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំ ព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គម្រោងស្ពាននេះសាងសង់ឡើងដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (Shanghai Construction Group) និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន។

តាមគ្រោងការស្ថាបនានេះ នឹងត្រូវចំណាយរយៈពេលចំនួន៤២ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២១ខាងមុខ។

គួរកត់សម្គាល់ផងដែរថា៖ កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងនៅត្រើយខាងកើត និងត្រើយខាងលិច អាច ធ្វើដំណើរ និងទំនាក់ទំនងគ្នាទៅវិញទៅមកបានតាមរយៈការជិះទូកដ ឬសាឡាងចម្លងកែច្នៃតូចៗ ដែល ពួកគាត់តែងតែជួបនូវការលំបាក គ្រោះថ្នាក់ និងមិនសូវមានប្រសិទ្ធភាព ក្នុងការដឹកជញ្ជូនទំនិញ។

ថ្លែងក្នុងសន្ទរកថា ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ ស្ពាននេះជាគម្រោងយុទ្ធសាស្រ្ត មួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានបង្ហាញពីការដឹងគុណដល់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្ត ទុកដាក់សុខទុក្ខប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសការស្ដារ និងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា យ៉ាងឆាប់រហ័ស។

បន្ថែមលើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណគុណផងដែរ ដល់រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ ស្របតាម សំណូមពរ និង សេចក្ដីត្រូវការចាំបាច់របស់កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់ផ្លូវថ្នល់ ទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពនៅពេលជិះម៉ូតូ ពាក់ខ្សែក្រវាត់សុវត្ថិភាពពេលជិះ រថយន្ដ ប្រុងប្រយ័ត្នជានិច្ចពេលកំពុងបើកបរ និងមិនត្រូវបើកបរហួសល្បឿនកំណត់ បើកបរពេលស្រវឹង ឬងងុយគេង មិនត្រូវដឹកជញ្ជូនលើសទម្ងន់និងកែឆ្នៃយានយន្តខុសលក្ខណៈបច្ចេកទេសនាំឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ផង និងឆាប់ខូចផ្លូវផង។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទ បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចាត់វិធានការឱ្យម៉ឺងមាត់ចំពោះម្ចាស់យានយន្តទាំងឡាយណាដែលដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដោយបានតម្រូវស្រុក និងខេត្តនីមួយៗពង្រីកការទទួលខុសត្រូវ របស់ខ្លួនចំពោះការដឹកជញ្ជូនលើសទម្ងន់ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាហេដ្ឋា រចនាស្ពានថ្នល់ដែលបានកសាង ដោយចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។

សម្ដេចអគ្គមហាសេនាបតីតេជោ បានមានប្រសាសន៍ថា៖ “ចាប់ពីសូន្យម៉ោងយប់ឆ្លងចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០១៨តទៅ ឱ្យតែមានឡានតទ្រុងខុសលក្ខណៈបច្ចេកទេស ត្រូវចាប់បញ្ចូលទ្រុងទាំងអស់ ពីព្រោះ យានយន្តទាំងនោះបានបំផ្លាញអាយុជីវិតមនុស្ស និងបំផ្លាញផ្លូវថ្នល់ដែលយើងរកលុយទាំងលំបាក លុយខ្លួនឯងផង លុយខ្ចីគេផង យកមកធ្វើផ្លូវ ហេតុអីបានមកបំផ្លាញផ្លូវដើម្បីចំណេញក្រុមហ៊ុនមួយ?”។

ជាមួយគ្នាផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ក៏បានដាក់បទបញ្ជានេះដោយគ្មានការលើកលែង ដោយតម្រូវឱ្យចាប់យានយន្តដែលដឹកជញ្ជូនលើសទម្ងន់នៅកន្លែងណា កាត់ទ្រុងកន្លែងនោះ អ្នកណាដោះ លែងអ្នកនោះមានទោសធ្ងន់ និងបានអំពាវនាវដល់ម្ចាស់យានយន្តដែលខុសលក្ខណៈបច្ចេកទេស ទាំងឡាយ សូមយកយានយន្តរបស់ខ្លួនទៅកាត់ទ្រុងដែលខុសលក្ខណៈបច្ចេកទេស បើកាត់មិនទាន់ទេ សូមកុំធ្វើចរាចរណ៍នៅលើដងផ្លូវឱ្យសោះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ