ព្រឹតិ្តការណ៍ថ្មីៗ

រឿង ព្រះនាងកែវប្រាំពីរពណ៌ បានចេញផ្សាយហើយ!

5 ខែ មុន 74 តូ សុផល

រឿង «ព្រះនាងកែវប្រាំពីរពណ៌» ជារឿងព្រេងខ្មែរទាក់ទងនឹងប្រវត្តិសាស្ត្រ បូជនីយដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តសៀមរាប បានចេញផ្សាយហើយ និងតម្កល់ទុកនៅបណ្តាល័យអាជ្ញាធរជាតិអប្សរា។

ប្រភពនៃរឿងព្រេងនេះដកស្រង់ចេញពីប្រសាសន៍របស់លោកតា ឈ្នាង នៅវត្តសា្វយរមៀត នាឆ្នាំ១៩៩៩ ហើយសហការៀបរៀងដោយក្រុមអ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាជាមួយនឹងសាកលវិទ្យាល័យសូហ្វីយ៉ា បោះពុម្ពដោយអង្គការព្រះពុទ្ធសាសនា ស៊ីនញូ-អិន។ ការចងក្រងរឿងព្រេងនេះឡើង ក្នុងបំណងរក្សារឿងទាំងឡាយដែលមានមនុស្សចាស់ទុំតិចតួចនៅចេះចាំ ឱ្យមានស្នាដៃជាសំណេរ រក្សាទុកដល់អ្នកជំនាន់ក្រោយ។

តាមរយៈសាច់រឿង «ព្រះនាងកែវប្រាំពីរពណ៌» ជាបុត្រីរបស់ព្រះមហាក្សត្រមួយអង្គសោយរាជ្យនៅរាជធានីអង្គរព្រះនាម កងចក្រ។ ព្រះនាងមានរូបសម្បត្តិល្អឥតខ្ចោះ ហើយសម្រស់អាចប្រែប្រួលបានប្រាំពីរដងក្នុងមួយថ្ងៃ។ ភាពល្បីល្បាញនៃរូបឆោមរបស់ព្រះនាងល្បីរន្ទឺដល់ព្រះរាជបុត្រានៃស្តេចចិត្តឱ្យចាប់ចិត្តមកដណ្តឹង ជាហេតុធ្វើឱ្យព្រះនាងត្រូវឃ្លាតឆ្ងាយពីស្រុកទេសនិងក្រពើសំណព្វរបស់ខ្លួនទាំងមិនដាច់ចិត្ត។ ពេលដឹងថា ម្ចាស់ខ្លួនត្រូវចាកចេញ អាធន ជាក្រពើក៏បាននាំម្ចាស់ស្រីខ្លួនជិះលម្ហែក្នុងបារាយណ៍ទឹកថ្លា ហើយក៏លេបព្រះនាងចូលក្នុងពោះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ព្រះបិតា រាស្ត្រពេញនគរ បង្កើតការតាមចាប់ក្រពើជាបន្ទាន់ដោយប្រកាសរកអ្នកល្បីខាងចាប់ក្រពើមកជួយ។ ទីតាំងទាំងអស់នោះ រួមនឹងមនុស្សមួយចំនួន បានក្លាយជាទីតាំងប្រវត្តិសាស្ត្រនិងមានឈ្មោះរហូតដល់សព្វថ្ងៃនេះនៅក្នុងខេត្តសៀមរាប។

ចង់ដឹងថាសាច់រឿងមានខ្លឹមសារលម្អិតយ៉ាងណា មានទីតាំងប្រវត្តិសាស្ត្រនៅកន្លែងណាខ្លះ សូមប្រិយមិត្តរកអានសៀវភៅរឿង «ព្រះនាងកែវប្រាំពីរពណ៌» នៅបណ្ណាល័យអាជ្ញាធរជាតិអប្សរា៕

អាជ្ញាធរជាតិអប្សរា Apsara Authority

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ