ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលរួមបច្ច័យមួយចំនួន ចំពោះមរណភាពរបស់មន្ត្រីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS ទាំង៣រូប ដែលពលីជីវិតក្នុងពេលបំពេញបេសកកម្ម​

9 ខែ មុន 81 តូ សុផល

ភ្នំពេញ៖ ដោយមើលឃើញពីការពលីជីវិត ក្នុងបេសកកម្មរបស់ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ទាំង ៣រូប នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ បានចាត់ចែងក្រុមការងារកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងបានចូលជាបច្ច័យបុណ្យមួយចំនួនដល់ សពជនរងគ្រោះទាំង ៣រូប ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះអាវុធ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៨ កន្លងទៅ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បង្កឡើងដោយជនល្មើសប្រដាប់អាវុធ។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការី នៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសេចក្ដីរន្ធត់យ៉ាងក្រៃលែង និងសោកស្ដាយជាទីបំផុត នៅពេលទទួលព័ត៌មានថា មន្ត្រីកងរាជអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS ទាំង ៣រូប បានទទួលមរណភាព នៅក្នុងឧបទ្ទវហេតុនេះ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយនឹងក្រុមគ្រួសារនៃសព ហើយសូមឲ្យវិញ្ញាណក្ខន្ធសពទាំង ៣រូប បានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ការនាំយកបច្ច័យ និងគ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យសពជនរងគ្រោះ ដែលបានធ្វើពលិកម្មនេះ ជាការបង្ហាញទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ កាកបាទក្រហមកម្ពុជា ដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននិងកំពុងខិតខំ យកចិត្តទុកដាក់ គិតគូរ ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ។

មរណភាពរបស់ជនរងគ្រោះទាំង ៣រូប គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី ឪពុក ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួតចំពោះ ភរិយា និងកូនៗប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ធនធានមនុស្សដែលពោរពេញដោយស្នាដៃ បានបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា សពជនរងគ្រោះទាំង ៣រូប បានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនារៀងៗខ្លួន ក្នុងនោះរួមមាន ៖
– សពលោក សេក វឌ្ឍនា មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស តម្កល់ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា នៅវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
– សពលោក តើន សុខណៃ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី តម្កល់ធ្វើបុណ្យតាមបែបគ្រីស្ទសាសនា នៅគេហដ្ឋានស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
– សពលោក ថុល ខ្នា បុគ្គលិកអង្គការសមាគមអភិរក្សសត្វព្រៃ តម្កល់ធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅ ភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ