ព្រឹតិ្តការណ៍ថ្មីៗ

នាយនគរបាលប៉ុស្តិ៍អូររលែនិងយោធា ដែលរងការចោទថា បាញ់សម្លាប់មនុស្ស៣នាក់នៅខេត្តមណ្ឌលគីរី កំពុងរត់គេចខ្លួន

3 ខែ មុន 93 តូ សុផល

(មណ្ឌលគិរី)៖ នាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា និងឈ្មោះ ងួរ

ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ ដែលរងការចោទថា បានបាញ់សម្លាប់មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស, មន្រ្តីឧន្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការ WCS (យោងតាមរបាយការណ៍ដាក់ជូននាយឧត្តមសេនីយ៍ នេត សាវឿន) កាលពីរសៀលថ្ងៃម្សិលមិញនោះបាននិងកំពុងរត់គេចខ្លួន។

រហូតមកដល់ពេលនេះ ជនសង្ស័យកំពុងស្ថិតក្រោមការតាមចាប់ខ្លួនពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ខណៈមនុស្សចំនួន៥នាក់ (សាក្សី) ត្រូវបានគេរាយការណ៍ថា ត្រូវបានកោះអញ្ជើញទៅសួរនាំនៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដើម្បីប្រមូលព័ត៌មាននៃការបាញ់ប្រហារនេះ។

ស្នងការរងនគរបាលខេត្តមណ្ឌលគិរី ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន​Campost នៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨នេះថា រហូតមកដល់ម៉ោងនេះ យើងមិនទាន់រកឃើញនាយនគរបាលប៉ុស្តិ៍អូររលែនៅឡើយទេ និងមន្រ្តីយោធាទាំងនោះ តាំងពីក្រោយកើតហេតុមកម្ល៉េះ តែកម្លាំងយើង ក៏បាននិងកំពុងតាមរកផងដែរ។

ដោយឡែកសម្រាប់គណៈកមា្មធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិមួយក្រុម ដែលបានចុះទៅប្រមូលព័ត៌មានពេញមួយថ្ងៃនេះ ក៏មិនទាន់មានលទ្ធផលនៅឡើយទេ។

ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសមាជិកគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានប្រាប់បណ្តាញសារព័ត៌មានយេីងនៅយប់ថ្ងៃនេះផងដែរថា ខាងគណៈកម្មាធិការថ្នាក់ជាតិបានចុះទៅប្រមូលព័ត៌មាន និងចុះពិនិត្យផ្ទាល់នៅកន្លែងកើតហេតុតែម្តងពេញមួយថ្ងៃនេះ ហើយក៏បានសួរនាំមនុស្សចំនួន៥នាក់ផងដែរ​ដែលជាសាក្សី។

បើតាមឧត្តមសេនីយ៍ ហុង វិណុល បានឲ្យដឹងថា សម្រាប់លទ្ធផលនៃការស៊ើបអង្កេតនេះ នៅមិនទាន់បង្ហាញនោះទេ ដោយរង់ចាំការស្រាវជ្រាវចប់សិន ហើយការងារនេះនឹងបន្តនៅស្អែកទៀត។

ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ អ៊ុក​ សំណាង ដែលហាក់មិនចង់និយាយអ្វីទាំងអស់នោះ បានត្រឹមតែបញ្ជាក់យ៉ាងខ្លីថា «មកដល់ម៉ោងនេះខាងសមត្ថកិច្ចខេត្ត និងខាងថ្នាក់ជាតិ បាននិងកំពុងប្រមូលព័ត៌មានជុំវិញការបាញ់ប្រហារនេះហើយ តែនៅមិនទាន់ដឹងនៅឡើយទេ»។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ