ព្រឹតិ្តការណ៍ថ្មីៗ

សួនកំណាព្យអប់រំចិត្ត«ហេតុនៃបុណ្យមាឃបូជា» (កាកគតិ)

4 ខែ មុន 267 tnn_admin

ដើម្បីជាការចូលរួមក្នុងពិធីបុណ្យ«មាឃបូជា» នៅថ្ងៃស្អែកនេះ ខ្ញុំបាទ ចៅស្មេរៈដួងអរុណរង្សីបានរៀបចំចងក្រងជាកំណាព្យថ្មីមួយក្រោមចំណងជើងថា«ហេតុនៃបុណ្យមាឃបូជា» មកចែករំលែកជូនប្រិយមិត្រ ព្រះសង្ឃសមណៈនិងពុទ្ធបរិស័ទទំាងអស់បានអានកម្សាន្តអារម្មណនៅថ្ងៃចុងសប្តាហ៍នេះផងដែរ។

សួនកំណាព្យអប់រំចិត្ត«ហេតុនៃបុណ្យមាឃបូជា» (កាកគតិ)

(រូបភាពៈ អ៊ីនធ័រណេត)

១.ថ្ងៃពុធថ្ងៃថ្មី ចៅស្មេរក្មេងវ័យ លើដៃគោរព
ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាម្លប់ សទ្ធាសព្វគ្រប់
ដោយចិត្តជ្រះថ្លា។

២.ថ្ងៃពុធសាមមួយ មករាមិនព្រួយ ពួយចាប់ប៉ាកកា
ចាប់ចងក្រងច្នៃ លៃលកអ្ខរា ចងភ្ជាប់ខ្លឹមសារ
ចារជាកាព្យថ្មី។

៣.បន្ទន់ចិត្តស្រៈ អន្ទងព្យញ្ជនៈ ជាប់ចាប់សម្តី
ចែកជូនញាតិមិត្រ ឆ្ងាយជិតប្រុសស្រី ជួបខ្ញុំរង្សី
កាព្យថ្មីទៀតណា។

៤.បុណ្យមាឃបូជា នេះនឹងវេលា គ្រាសមតាមកាល
ព្រះពុទ្ធបញ្ញត្តិ ចាត់ច្បាប់សាសនា បរមសាស្តា
ទេសនាប្រាយប្រាប់។

៥.មហាសន្និបាត រៀបប្ញកក្បួនខ្នាត ចាប់ចងក្បួនច្បាប់
សមណៈព្រះសង្ឃ សូមត្រងត្រាប់ស្តាប់ ដីការសាសព្ទ
ប្រាប់ផ្សាយបន្ត

៦.បានឮបានដឹង កុំនៅស្ងៀមទ្រឹង ប្រឹងផ្សាយព្រះធម៌
អង្គតថាគត ពត់ដំកម្រ ពន្លឺបវរ
ព្រះធម៌រស្មី។

៧.ហៃអស់សមណៈ អ្នកដឹងឮច្បាស់ ជាក់ឆាប់ឃ្មាតខ្មី
ចាត់ចែងគ្នីគ្នា យាត្រាឆាប់វៃ ផ្សាយធម៌ប្រពៃ
តម្លៃគ្រប់ទី។

៨.ហៃអស់សមណៈ សូមអ្នកចាំច្បាស់ ជាក់រួមសាមគ្គី
កុំឈ្លោះបៀតបៀន ទន្រ្ទានញាំញី បក្សមួយបក្សពីរ
បែកបាក់គ្នីគ្នា។

៩.យើងតថាគត បានហាត់ដំពត់ លះអស់លោភា
លាភសក្ការៈ សម្បត្តិរាជា កិលេសតណ្ហា
ជាគ្រឿងសៅហ្មង។

១០.ស្វែងរកព្រះធម៌ ជាទីលម្អ ផ្តាច់អស់ចំណង
កើតចាស់ឈឺស្លាប់ សង្សារវដ្តផង ផ្តាច់អស់កម្មចង
ប៉ងបានត្រាស់ដឹង។

១១.ជួយរួមចំណែក ជួយចែករំលែក ព្រះធម៌ទីពឹង
បរិស័ទសមណៈ ច្បាស់ជាក់បានដឹង សូមជួយពង្រឹង
ព្រះពុទ្ធសាសនា។

១២.កុំតាំងឧប្បត្តិក កុំចេះតែនឹក ភ្លឹកតាមចិន្តា
ក្រែងនាំវឹកវរ ខូចដល់សាសនា កេរ្តិ៍ឈ្មោះនោះណា
គេសើចនិន្ទា។

១៣.ព្រះពុទ្ធសាសនា ទូន្មានខេមរា បរិស័ទគ្រប់គ្នា
ឲ្យសាងកុសល រំដោះកម្មពៀរ ផុតកម្មវេរា
ជាតិនេះជាតិមុខ។

១៤.សាងល្អបានល្អ គួរសាងបន្ត តម្កល់ក្តីសុខ
បានអានិសង្ឃ ផូរផង់ផុតទុក្ខ រីករាយស្រណុក
គ្រប់ក្រុមគ្រួសារ។

១៥.នេះនឹងសម្តែង ចាប់ចងក្រងតែង ថ្លែងជូនយាយតា
ញាតិមិត្រជិតឆ្ងាយ រីករាយផងណា ខុសទាស់ម្តេចម្តា
មេត្តាខ្ញុំផង។

១៦.ចៅស្មេរក្មេងវ័យ អរុណរង្សី លើកដៃបន់ផ្សង
ជូនពរជូនជ័យ ពុកម៉ែទាំងសង បានសុខកន្លង
ចៀសចាកទុក្ខភ័យ។

១៧.អាយុ វណ្ណៈ សុខៈ ពលៈ ពុទ្ធពរថ្លាថ្លៃ
ជូនញាតិប្អូនបង ក្មេងចាស់ប្រុសស្រី ឧបទ្រពចង្រៃ
វិនាសអន្តរាយ។

១៨.ចុងក្រោយសូមចប់ អត្ថន័យគ្រប់សព្វ លាពីចម្ងាយ
ក្មេងចាស់ប្រុសស្រី ញាតិមិត្រទាំងឡាយ សូមសុខសប្បាយ
គ្រប់ក្រុមគ្រួសារ។

ចប់

និពន្ធដោយៈ ចៅស្មេរកំណាព្យខ្មែរៈ ដួង អរុណរង្សី
(ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំវក នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧) នាវេលាម៉ោងៈ ២៣.០៤នាទីយប់
រាជធានី ភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ