ភ្នំពេញ ៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងមានទទួលចែកចាយបោះដុំ និងលក់រាយគ្រប់ផលិតផលថែរក្សាសម្រស់អាហារបំប៉នអោយស្បែកស និង Make Up គ្រប់ប្រភេទ ដែលនាំចូលពីប្រទេសថៃ និង កូរ៉េ ធានាថាសុទ្ធ ១០០% យីហោរ ពេជ្រ និច ប៊ីយូធី (Pic_Nic_Beauty)។ នៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះបានធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៦៤ដេ ក្រុម១៧ ភូមិ៧ ផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងការចុះត្រួតពិនិត្យត្រូវបានខាងភាគីម្ចាស់ទីតាំងហាមអ្នកព័ត៌មានមិនអោយថតធ្វើការផ្សព្វផ្សាយឡើយ។ ហើយបានធ្វើការគំរាមប្តឹងអ្នកសារព័ត៌មាននៅពេលដែលហ៊ានថតសកម្មភាពនេះយកទៅផ្សព្វផ្សាយជាសាធារណៈនោះ។
ក្រោយមក មានមន្ត្រីសមត្ថកិច្ចរូបទៀត បានដើរចេញមកខាងក្រៅស្តីអោយអ្នកសារព័ត៌មានដែលកំពុងផ្តិតរូបភាពនេះថា នឹងធ្វើការប្តឹងអ្នកសារព័ត៌មានណាដែលហ៊ានផ្សព្វផ្សាយ ព្រមទាំងបានអោយម្ចាស់ទីតាំងថតរូបអ្នកសារព័ត៌មានទុកទៀត។
គួររំលឹកថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំឆ្នាំលើកទី២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងអស់ត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋដែលរស់នៅទូទាំប្រទេសកម្ពុជា ដើម្បីអោយពួកគាត់បានដឹងពីព័ត៌មានពិត៕
Tag: ក្លែងក្លាយ