ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលរងខេត្តប៉ៃលិនថ្មី ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសឱ្យចូលកាន់មុខតំណែង

8 ខែ មុន 231 តូ សុផល

ប៉ៃលិន៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តប៉ៃលិន ឯកឧត្តម ប៉ុល លឹន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ចេង ញ៉ាន់ ជាអភិបាលរងខេត្តប៉ៃលិនថ្មី។

ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ និងមុខងារសាធារណៈនៅតែជាអទិភាពក្នុងដំណើការពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀតប្រកបដោយរលូនល្អ និងរីកចំរើនជាលំដាប់ ដោយមានច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនិងច្បាប់គោលមួយចំនួនទៀត ដូច្នេះអភិបាលរងដែលបានតែងតាំងថ្មីនេះត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចស្នូលរបស់ខ្លួន ត្រូវមានការទទួលខុសត្រូវខ្ពស់ មានតម្លាភាព មានសាមគ្គីភាព និងត្រូវបន្តសិក្សាស្រាវជ្រាវរកនូវប្រភពឯកសារ លិខិតបទដ្ឋាននានា យកមកធ្វើការបណ្តុះបណ្តាលបង្កើនសមត្ថភាពក្នុងវិជ្ជាជីវៈសំដៅកែទម្រង់សេវាសាធារណៈអោយ មានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍សំដែងនូវការកោត សរសើចំពោះថ្នាក់ដឹកនាំខេត្តប៉ៃលិន ដែលបានយកអស់កំលាំងកាយចិត្ត ក្នុងការបំពេញតួនាទីភារកិច្ចលើគ្រប់វិស័យក្នុងខេត្តប៉ៃលិនអោយមានការរីចចំរើន ដោយទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

ឯកឧត្តមបានផ្តាំផ្ញើដល់អភិបាលរងខេត្ត ដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់នៅគ្រប់ពេលវេលាបំពេញភារកិច្ច ដោយអនុវត្តន៍ស្មារតីសាមគ្គីភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ហើយត្រូវខិតខំស្វែងយល់ និងអនុវត្តន៍ឱ្យបានល្អនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ជាពិសេសគឺត្រូវយល់ច្បាស់ខ្លឹមសារនិងគោលបំណងទាំង៤ នៃយុទ្ធសាស្ត្រដំណាក់កាលទី៣ គឺកំណើន ការងារ  សមធម៌ និងប្រសិទ្ធភាព។

នៅក្នុងឱកាសនោះ ឯកឧត្តម ក៍បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចេះសំរបសំរួល លើការបំរើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើអោយបានទាន់ពេលវេលា ហើយជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកធនធានមនុស្សឱ្យបានច្រើន ដើម្បីធ្វើការអភិវឌ្ឍខេត្តប៉ៃលិនឱ្យមានរីកចំរើនលើគ្រប់វិស័យទៅថ្ងៃអនាគត់។បើតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល លេខ ១៤៤ អនក្រ.តត  ត្រូវបានតែងតាំង ឯកឧត្តម ចេង ញ៉ាន់ ឋានន្តរស័ក្កឧត្តមមន្ត្រីថ្នាក់លេខ៣ នៃក្របខ័ណ្ឌក្រសួងមហាផ្ទៃ ពីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង មកកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ជំនួសឯកឧត្តម អៀង វុធ  ដែលត្រូវទៅកាន់មុខតំណែង ជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ ញ៉ឹប បូរី ប៉ៃលិន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ