ព្រឹតិ្តការណ៍ថ្មីៗ

បញ្ជូនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការខេត្តត្បូងឃ្មុំ !

5 ខែ មុន 82 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៩ និង ៤៥ នាទីថ្ងៃទី២៣ ខែមករា គ.ស ២០១៨ កំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់ បានចុះបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចវាលស្រែខាងត្បូងភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ៖

ទី១ ឈ្មោះ គឹម ម៉ៅ ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិម៉ាស៊ីនទឹក ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ( ជួញដូរ និងមានសារធាតុញៀនក្នុងខ្លួន) ។ 


ទី២ ឈ្មោះ ធិញ ចាន់ដេត ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ប្រើប្រាស់ មានសារធាតុញៀនក្នុងខ្លួន) ។ បន្ទាប់ពីបានឃាត់ខ្លួនអ្នកទាំងពីរនៅចំណុចខាងលើ កម្លាំងយើងបានឆែកឆេរឃើញនូវម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀនចំនួន ០៣ កញ្ចប់ធំរួច បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងតាមនីតិវិធី ។

ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ គឹម ម៉ៅ ភេទប្រុស ថាម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿនញៀនចំនួន ០៣ កញ្ចប់នោះ ដែលសមត្ថកិច្ចបានធ្វើការដកហូតនៅចំពោះមុខផ្ទាល់គឺជារបស់ខ្លួន ហើយរូបគេបានទិញពីឈ្មោះ ប៉ែន និសាល ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិណង់ក្រពើ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្រោយពីបានទទួលចម្លើយសារភាពភ្លាមកម្លាំងផ្នែកជំនាញគ្រឿញៀន បានរាយការណ៍ជូនអធិការនគរបាលស្រុកមេមត់ ដើម្បីសុំគោលការណ៍ពីលោកស្នងការ នគរបាលខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយក៏បានអនុញ្ញាតយល់ព្រមឲ្យកម្លាំងយើងបើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរកចាប់ខ្លួនឈ្មោះ ប៉ែន និសាល មកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ។ រហូតមកដល់វេលាម៉ោង ០៦ និង ០០ នាទីព្រឹក ថ្ងៃទី ២៤ ខែមករា គ.ស ២០១៨ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវរកឃើញជនសង្ស័យឈ្មោះ ប៉ែន និសាល កំពុងអង្គុយនៅសំយ៉ាបផ្ទះខាងមុខ ហើយកម្លាំងយើងបានព័ទ្ធចាប់ខ្លួនបាន រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការសាកសួរបន្ត និងកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្ននគរបាលផ្នែកប្រឆាំងគ្រឿងញៀនកសាងសុំណុំរឿងបញ្ចូនជនសង្ស័យទាំងបីខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀនចំនួន ០៣ កញ្ចប់ធំ ទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដេីម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើចម្លើយសារភាព និងវត្ថតាងដែលសមត្ថកិច្ចបានធ្វើការដកហូតនៅចំពោះមុខជនសង្ស័យផ្ទាល់ ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយា09

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ