ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០១៨-២០២០ របស់សង្កាត់-ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ

8 ខែ មុន 171 តូ សុផល

ភ្នំពេញ៖នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤,០០នាទី

នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០១៨-២០២០ របស់សង្កាត់-ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ។ ក្នុងអង្គសិក្ខាសាលានេះដែរក៏មានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខណ្ឌ អភិបាលរងខណ្ឌ ក្រុមការងារកសាងផែនការរាជធានី លោកអធិការរងខណ្ឌ មេបញ្ជាការរងខណ្ឌ តំណាងមន្ទីរពាក់ព័ន្ធជុំវិញរាជធានី ក្រុមការងារកសាងផែនការខណ្ឌ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ សង្កាត់ទាំង១១ និងតំណាងអង្គការសង្គមស៊ីវិល ក្រុមយុវជន វិស័យឯកជនក្នុងខណ្ឌ អ្នកពាក់ព័ន្ធនានាសរុបចំនួន១៣០នាក់។

គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្កឱកាសគាំទ្រគម្រោងសកម្មភាពនានារបស់ខណ្ឌនិងសង្កាត់ ដែលពុំមានមូលនិធីអនុវត្ត ធ្វើសម្របសម្រួល និងបន្ស៊ីគ្នារវាងគម្រោងសកម្មភាពវិនិយោគខណ្ឌ និងសង្កាត់ បន្ស៊ីគ្នារវាងគម្រោងសកម្មភាពវិនិយោគសង្កាត់ និងសង្កាត់ បន្ស៊ីគ្នារវាងគម្រោងសកម្មភាពវិនិយោគខណ្ឌ និងមន្ទីរ អង្គភាព និងបណ្តាដៃគូរអភិវឌ្ឍន៍ និងបន្ស៊ីគ្នារវាងគម្រោងសកម្មភាពវិនិយោគសង្កាត់ និងមន្ទីរ អង្គភាព និងបណ្តាដៃគូរអភិវឌ្ឍន៍ ព្រមទាំងដើម្បីពង្រឹងកិច្ចសហការរវាងរដ្ឋបាលខណ្ឌ ជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានា។

តាមរយៈសិក្ខាសាលានេះ ឃើញថាមានការចូលរួមពីបណ្តាអ្នកពាក់ព័ន្ធ ពិសេសការចូលរួមច្រើនផុលផុសពីបណ្តាមន្ទីរជំនាញជុំវិញរាជធានី និងអង្គការសង្គមស៊ីវិល។ ជាលទ្ធផល រដ្ឋបាលខណ្ឌមានគម្រោងដែលស្នើឡើងដើម្បីសុំការគាំទ្រមានចំនួន ១១៨គម្រោង និងទទួលបានការគាំទ្រចំនួន១១០គម្រោង ស្មើនឹង៩៣,២%។ ចំពោះគម្រោងសង្កាត់ស្នើឡើងចំនួន៣៤៦គម្រោង ទទួលបានការគាំទ្រក្នុងផែនការចំនួន២៨៥គម្រោង ស្នើនឹង៨២% និងទទួលបានការគាំទ្រក្រៅផែនការចំនួន ៣៧៩គម្រោង សរុបគម្រោងទាំងក្នុងនិងក្រៅផែនការចំនួន៦៦៤គម្រោង ស្នើនឹង១៩០%បើធៀបនឹងគម្រោងដែលបានស្នើឡើងដោយសង្កាត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ