ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកតំបន់អង្គរប្រារព្ធទំនៀមឡើងអ្នកតា

6 ខែ មុន 222 តូ សុផល

ខេត្តសៀមរាប៖ ជារៀងរាល់ឆ្នាំនៅថ្ងៃ៣កើត ខែមាឃធំ អ្នកស្រុកក្នុងតំបន់អង្គរ តែងតែប្រជុំគ្នាតាមស្រុកភូមិរបស់ខ្លួនរៀបចំទំនៀមឡើងអ្នកតាឬហៅថាឡើងមាឃ។

ទោះបីសម័យកាលមានការរីកចម្រើនទៅហើយក្តី តែអ្នកស្រុកអង្គរ នៅតែថែរក្សាទំនៀមបែបបុរាណនេះបានយ៉ាងល្អ ហើយគេតែងបានឃើញការរៀបចំពិធីឡើងអ្នកតានេះ ពេញដោយភាពអ៊ូអរ និងសប្បាយរីករាយបំផុត។

ពីតំបន់មួយទៅតំបន់មួយនៅក្នុងឧទ្យានអង្គរឬខេត្តសៀមរាប មានការរៀបចំពិធីនេះមិនខុសគ្នាប៉ុន្មាននោះទេ។ អ្នកស្រុក អ្នកភូមិ តែងមកជុំគ្នារៀបចំពិធីនេះនៅតាមសាលាឆទាន វត្តអារាម ឬនៅទីសក្ការបូជាផ្សេងៗដែលមានអ្នកតាតាំងនៅ។ អ្នកខ្លះយកបាយសម្លរ បង្អែមចម្អាប គ្រឿងសំណែនផ្សេងៗ ពិសេសគឺនំបញ្ចុកតែម្តងពីផ្ទះរៀងៗខ្លយន ដើម្បីយកសែនអ្នកតា សុំសេចក្តីសុខចម្រើនក្នុងគ្រួសារផង ក្នុងភូមិស្រុកខ្លួនផង។

គ្រឿងរណ្តាប់សំខាន់ៗបន្ថែមពីលើចំណីអាហារ យើងសង្កេតឃើញមាន៖ ស្លាធម៌ បាយសី ទៀន ធូប ភ្ញីផ្កា គ្រឿងក្រអូប អំបោះចងដៃ ផ្លែឈើ ភេសជ្ជៈ ពិសេសស្រាស មាន់លុងស្ងោរ ក្បាលជ្រូកទៅតាមលទ្ធភាពរបស់អ្នកភូមិ។ លើសពីនោះ តួអង្គសំខាន់នៅក្នុងពិធី គឺអ្នកស្នងរូបអ្នកតានិងអ្នកភ្លេង ដើម្បីញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែសប្បាយរីករាយផង ដើម្បីឱ្យមនុស្សមានទំនាក់ទំនងជាមួយអមនុស្សផង ដោយសួរនាំពីតម្រូវការរបស់អ្នកតាថែរក្សាភូមិស្រុក រួមទាំងសុំពរសុំជ័យពីគាត់។

ភាគច្រើននៃការប្រារព្ធពិធីឡើងអ្នកតា គឺគេតែងធ្វើឡើងចាប់ពីម៉ោង២រសៀល រហូតដល់ម៉ោង៧យប់តាមតំបន់ ព្រោះកន្លែងខ្លះមានការបញ្ជាន់រូប ហើយកន្លែងខ្លះទៀតត្រឹមសែនព្រេនធម្មតា (ករណីគ្មានអ្នកបញ្ជាន់រូបចូលរួម)។ នៅពេលដល់ម៉ោងកំណត់ហើយ អ្នកស្រុក អ្នកភូមិ បានយកចំណីអាហារ គ្រឿងសំណែនពីផ្ទះរៀងៗខ្លួន មកជុំគ្នានៅខ្ទមអ្នកតា វត្តអារាម សាលាឆទាន និងកន្លែងសក្ការបូជាដែលអ្នកភូមិគោរព ដោយតម្រៀបម្ហូបអាហារយ៉ាងច្រើននៅពីមុខខ្ទម ហើយចាប់ផ្តើមសែនព្រេន តែបើកន្លែងខ្លះដែលបញ្ជាន់រូប គឺគេមានការប្រគំភ្លេងជាច្រើនបទ ដែលសុទ្ធតែជាបទចំណូលចិត្តរបស់អ្នកតាឬអមនុស្សផ្សេងៗឱ្យរាំលេងសប្បាយរីករាយ ហើយមានអ្នកស្រុក អ្នកភូមិសួរឆ្លងឆ្លើយនឹងរូបនោះ។

ឯរូបនោះក៏និយាយ រាំរែក ហូបចុកតាមចំណង់ចិត្ត ឯអ្នកស្រុកខ្លះក៏សុំពរសុំជ័យ សុំចងអំបោះដៃ សុំទឹកមន្តមកប្រោះព្រំជាដើម។ ពេលសែនព្រេនរួចរាល់ឬរាំរែកអស់ចិត្ត អស់ចង់ហើយ គេក៏យកសំណែននោះទៅចាក់គរគ្នានៅមុខខ្ទមអ្នកតា ទុកជាកិច្ចបង្ហើយនៃកម្មវិធី។ ពេលចប់ហើយ អ្នកស្រុកតំបន់ខ្លះ ក៏ត្រឡប់ទៅផ្ទះជាធម្មតា តែអ្នកស្រុកនៅតំបន់ខ្លះ គេនៅបន្តសប្បាយរីករាយដោយការជះទឹក ប៉ាតម្សៅគ្នា រាំរែកស្គរដៃយ៉ាងគគ្រឹកគគ្រេង។

លោកយាយ ព្រឿង ចាស់ព្រឹទ្ធាចារ្យ ដែលបានចូលរួមក្នុងពិធីឡើងអ្នកតានៅភូមិសំរោង សង្កាត់នគរធំ បានឱ្យដឹងថា លោកយាយតែងចូលរួមក្នុងពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំ មិនដែលខកខានទេ។ លោកយាយបន្ថែមថា ពិធីនេះធ្វើឡើងដើម្បីគោរពដល់អ្នកតាម្ចាស់ស្រុក បំណងឱ្យលោកថែរក្សាភូមិករ និងឱ្យអ្នកភូមិបានសុខសប្បាយ ចៀសផុតរោគរាតត្បាត ធ្វើស្រែធ្វើស្រូវឱ្យបានភោគផលច្រើន រកស៊ីទទួលទានមានបាននៅក្នុងឆ្នាំថ្មី។

តាមការឱ្យដឹងពីលោកយាយ ព្រឿង អ្នកតាម្ចាស់ស្រុកនៅភូមិសំរោង ឈ្មោះតា រឹទ្ធិមានជ័យ ដែលជាអ្នកតាថ្មី ក្រោយអ្នកតាចាស់ ឈ្មោះតាគង់ បានបាត់នៅសម័យសង្រ្គាម។ យ៉ាងណា លោកយាយថា លោកតា រឹទ្ធិមានជ័យ តែងជួយថែរក្សាអ្នកភូមិឱ្យមានសេចក្តីសុខជារហូតមក។

រីឯលោកយាយ នុក គិក ក៏បង្ហាញអារម្មណ៍រីករាយក្នុងការចូលរួមពិធីឡើងអ្នកតានេះដែរ។ លោកយាយថា នៅឆ្នាំថ្មីនេះ លោកយាយបន់អ្នកតាសុំឱ្យស្រុកទេសសុខសប្បាយ មានអាយុវែង និងឱ្យមានភ្លៀងផ្គរច្រើន ដើម្បីស្រោចស្រពផលដំណាំបានផលល្អ។

បន្ថែមយោបល់របស់អ្នក

យោបល់