ព្រឹតិ្តការណ៍ថ្មីៗ

ជាប់ពន្ធនាគាររាប់ភ្លេចមិនរាងចាលចេញមកវិញលួចទ្រព្យសម្បត្តិក្នុងឃ្លាំងត្រូវសមត្ថកិច្ចចាប់ខ្លួនសារជាថ្មី

4 ខែ មុន 145 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ មាន២នាក់ជាប់ចំណាត់ថ្នាក់ខាងលួច និងប្រវត្តិជាប់ពន្ធនាគាររាប់ភ្លេចទៅហើយ

រហូតយកគុកធ្វើជាផ្ទះស្នាក់នៅ ទោះជាចេញមកវិញ នៅតែមិនរាងចាល ដើរប្រព្រឹត្តល្មើសដដែល មកដល់លើកនេះ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ៣ ដឹកនាំដោយលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនសារជាថ្មី បន្ទាប់ពីជនសង្ស័យ៣នាក់ចូលធ្វើសកម្មភាពរើកកាយលួច យកទ្រព្យសម្បត្តិក្នុងឃ្លាំងមួយ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨នេះ ។

ជនសង្ស័យទាំង៣នាក់សមត្ថកិច្ចឃាត់ខ្លួនបាន ទី១ ឈ្មោះ ផាន សុវណ្ណ ភេទប្រុស អយុ៣០ឆ្នាំ មុខរបរ ផ្សារដែក មានទីលំនៅភូមិ ផ្សារកំបូល សង្កាត់ កំបូល ខណ្ឌពោធិសែនជ័យ ប្រវត្តិ ធ្លាប់លួចរាប់ភ្លេច ជាប់ពន្ធនាគារ៧លើក ។ ទី២ ឈ្មោះ ថាច ប៊ុនថន ភេទប្រុស អាយុ៣០ មុខរបរ មិនបពិតប្រាកដ មានទីលំនៅ ភូមិផ្សារកំបូល សង្កាត់កំបូល ធ្លាប់លួចរាប់ភ្លេច ធ្លាប់ជាប់ពន្ធនាគារ ១លើក ។ ទី៣ ឈ្មោះ នី នេត ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្នុងវត្ត ស្វាយផ្អែម ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ប្រវត្តិមិនដែលធ្លាប់ជាប់ខ្នោះ តែលើកនេះជាប់ចំណងរបស់ប៉ូលីស ។ ចំណែក ជនរងគ្រោះ ជាដើមបណ្តឹង មានឈ្មោះ សុិន ហួសេង ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យក្រោយពីចាប់ខ្លួនបាន នាំទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តទៅតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ