ព្រឹតិ្តការណ៍ថ្មីៗ

បុរសញៀនស្រាជាប្រចាំ ត្រូវគេប្រទះឃើញដេកស្លាប់

6 ខែ មុន 127 តូ សុផល

ត្បូងឃ្មុំ ៖បុរសម្នាក់ដេកនៅក្បែប្រពន្ធស្លាប់ដោយសារខ្យល់គរ នៅយប់ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨

រហូតទាល់តែព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ទើបដឹងថាប្តីស្លាប់ នៅចំណុចសំយ៉ាបផ្ទះរបស់ឈ្មោះ ឆាន អិត ភេទស្រី អាយុ ៥១ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ព័ត៌មានដែលទទួលបានពីឈ្មោះ ឆាន អិត ត្រូវជាប្រពន្ធបានដឹងថា ៖ សពបុរសខាងលើមានឈ្មោះ កែក ថា អាយុ ៥២ ឆ្នាំ ជាតិខ្មែរ ជាមនុស្សញៀនស្រាខ្លាំងរហូតប្រពន្ធលែងយកចិត្តទុកចំពោះប្តី ព្រោះបើកភ្នែកកាន់តែដបស្រា (ផឹកស្រាស-ថ្នាំ) និងមានអាការៈរោគមិនស្រួលខ្លួនកើតឡើងជាញឹកញាប់ ហើយមានយប់ខ្លះដេកនោមដាក់កន្ទេល ខ្នើយ មុង និងរូបគាត់ជោគជាំដោយមិនខ្លួនក៏មាន ទើបគាត់មិនជាយកចិត្តទុកដាក់ឡើយ ។

ប្រភពព័ត៌មានពីបុរសម្នាក់ឈ្មោះ ស៊ុំ ធា អាយុ ៥២ ឆ្នាំ ជាជិតខាងរស់នៅក្បែរខាង បុរសដែលស្លាប់ខាងលើបានប្រាប់សមត្ថកិច្ចយើងឲ្យដឹងថានៅយប់ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ២៣ បានលឺឈ្មោះ កែក ថា ប្រាប់ទៅប្រពន្ធឲ្យជួយកោសខ្យល់ឲ្យខ្លួន តែប្រពន្ធស្រែកថាទៅរកអ្នកផ្សេងៗកោសឲ្យទៅ រូបខ្ញុំមិនកោសឲ្យឯងទេ ហើយក៏សង្ងំដេកក្បែរប្តីទៀតទៅ ។ បន្តិចក្រោយឈ្មោះ ឆាន អិត ត្រូវជាប្រពន្ធនោះបានរអ៊ូរទាំដាក់ប្តីគាត់ថាដេកនោមដាក់គាត់ជោគជាំទៀតហើយ បន្ទាប់ពីនោះរូបគាត់បានក្រោកទៅផ្លាស់សំល្លៀកបំពាក់ រួចប្រាប់ទៅប្តីថាមិនទៅដេកជិតទៀតឡើយ ។ តាមការបញ្ជាក់ពីឈ្មោះ ស៊ុំ ធា បានឲ្យដឹងបន្ថែមទៀតថា ៖ លុះព្រឹកឡើងប្រពន្ធគាត់ធ្វើការនៅក្បែផ្ទះដោយមិនខ្វល់ពីប្តីឡើយ ទើបរូបគាត់បានទៅមើល និងហៅឈ្មោះ កែក ថា ឲ្យក្រោកប៉ុន្តែពេលទៅដល់ឃើញដេកស្តូកស្តឹង មិនដឹងជាដាច់ខ្យល់ស្លាប់តាំងពីពេលណា ។

តាមការពិនិត្យទៅសាកសព និងមានការបំភ្លឺពីបងប្អូនសាច់ញាតិ អ្នកជិតខាង ឃើញថាមិនមានស្លាកស្នាមណាមួយគួរឲ្យកត់សំគាល់ដែលពាក់ព័ន្ធជាមួយករណីឃាត់ឡើយ គឺស្លាប់ដោយខ្យល់ពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារសពធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕

អត្ថបទ ៖ កូនដំរីស្រុក
រូបភាព ៖ សូរិយាK01

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ