ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បញ្ជូនជនជាតិវៀតណាម៨នាក់ ទៅតុលាការ ពីបទ កាប់បំផ្លាញ ដែនជម្រកសត្វព្រៃស្រែពក

5 ថ្ងៃ មុន 107 តូ សុផល

ខេត្តមណ្ឌលគិរី៖ ជនជាតិវៀតណាមចំនួន៨នាក់ត្រូវបញ្ជូនទៅសាលាដំបូង ក្រោយពី កម្លាំងចម្រុះចុះឃាត់ខ្លួន និងបញ្ជូនទៅសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា ពួកគេបាននឹងកំពុងធ្វើសកម្មភាព​កាប់នឹងឈូសឆាយព្រៃឈើខុសច្បាប់នៅក្នុង​ដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា ។
ប្រតិបត្តិការនេះបានធ្វើឡើងតាំងពីព្រឹកថ្ងៃទី១០ មករា រហូតដល់រសៀលថ្ងៃដដែល ទើបកម្លាំងជំនាញសម្រេចបញ្ជូនជន​ជាតិវៀត​ណា​ម​ទាំង​៨នាក់ទៅសាកសួរបន្ថែមនៅខណ្ឌរដ្ឋបាលព្រៃឈើ។

សេចក្តីរាយការណ៏បានឲ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ គេបានឃើញមានក្រុមជនជាតិ​វៀតណាមជាច្រើននាក់​ប្រើ​ប្រា​ស់​​គ្រឿងចក្រធំៗចំនួនបីគ្រឿង ធ្វើសកម្មភាពឈូសឆាយដីព្រៃ នឹងកាប់រំលំដើមឈើរាប់ពាន់ដើម គរទុកក្នុងព្រៃជិតអូរផ្លាយ ក្នុ​ង​ភូមិ​សាស្ត្រខាង​លើ។
ប្រភពបន្តថា ជនជាតិវៀតណាមដែលបានធ្វើសកម្មភាពកាប់ផ្តួលដើមឈើរាប់ពាន់ដើមនោះ បានប្រើប្រាស់គ្រឿងចក្រដែលមានបិទ​ស្លាករបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប(DSG) ។នៅពេលសមត្ថកិច្ចចុះទៅដល់ទីតាំងនោះ គេបានប្រទះឃើញគំនរឈើធំៗចំនួន៧ ដែលមាន​ឈើប្រមាណជិតមួយពាន់ដើម ដែលត្រូវបានគេកាត់គល់កាត់ចុង រាយប៉ាយពេញព្រៃ។

ក្រុមអ្នកតាមដានបទល្មើសព្រៃឈើបាននិយាយថា សកម្មភាពរបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប ដែលបានជួលជនជាតិវៀតណាមឲ្យអា​រកាប់រំលំដើមឈើក្នុងដែនជម្រកការពារសត្វព្រៃបែបនេះ គឺបានធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានបំផ្លាញដល់​ជម្រកសត្វព្រៃរាប់រយប្រភេទដែលកំពុងអាស្រ័យជីវិតក្នុងព្រៃមួយនេះ។

ជាការជាក់ស្តែងសកម្មភាពក្រុមហ៊ុនដួងស្រួចដែលបាននឹងកំពុងធ្វើនោះ គឺមិនបានប្រមូលផលអនុផលព្រៃឈើទៅតាមច្បាប់ដែល​បានកំណត់នោះទេ គឺគេបានប្រើបប្រាស់គ្រឿងចក្រធនធ្ងន់ឈូសឆាយផ្តួលរំលំដើមឈើតែម្ត។ព្រោះបើយោងទៅតាមលិខិតរបស់រដ្ឋ​បាលសាលាខេត្តមណ្ឌលគិរី បានសរសេរក្នុងរបាយការណ៏ក្នុងកិច្ចប្រជុំមួយ ដែលមានសមាភាពចូលរួមដូចជា តំណាងរដ្ឋបាលសា​លា តំណាងមន្ទីរ អង្គភាពជំនាញរួមមានមន្ទីរបរិស្ថាន ខណ្ឌរដ្ឋបាលព្រៃឈើ ផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យ អាជ្ញារស្រុក អាជ្ញារ​ឃុំ នឹងតំណាងក្រុមហ៊ុន ដួងស្រួច ​ដាក់ជូនគណៈអភិបាលខេត្តមណ្ឌលគិរី មានចំនុចដែលត្រូវអនុវត្តន៏ដូចជា ក្រុមហ៊ុនដួងស្រួច ត្រូវអនុវត្តន៏សាកល្បងក្នុងការប្រមូលផលអនុផលព្រៃឈើ នៅក្នុងឃុំចំនួនពីរ គឺឃុំស្រែអំពូម ឃុំក្រង់តេះ។ចំពោះការប្រមូលផលអនុ​ផលព្រៃឈើ ក្រុមហ៊ុនត្រូវទិញពីប្រជាពលរដ្ឋ មិនត្រូវឲ្យមានការបង្ខិតបង្ខំ ឬការគាបសង្កត់ ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលដ្ឋ។ក្រុ​មហ៊ុនត្រូវទទួលខុសត្រូវក្នុងករណីមានបាតុភាពជាមួយប្រជាពលរដ្ឋ នឹងជាមួយអាជ្ញាធរ។មិនត្រូវឲ្យមានប៉ះពាល់ជាមួយប្រជាពលរដ្ឋ​ប៉ះពាល់ដីព្រៃតម ព្រៃអារក្ស នឹងចំនីអូរ។ក្រុមហ៊ុនត្រូវអនុវត្តនតែក្នុងរង្វង់ទីតាំង ដែលបានស្នើរសុំធ្វើការសាកល្បង ប្រសិនបើធ្វើក្រៅ​ពីទីតាំងនេះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់…..។

យោងតាមសម្តីរបស់លោក ប៊ុន លី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រង់តេះបាននិយាយថា ក្រុមហ៊ុនដួងស្រួច បានឈូសឆាយដីព្រៃ​ខុ​សទីតាំងដែលបានកំណត់ក្នុងឯកសារ ថែមទាំងធ្វើឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែលមានប្លង់ត្រឹមត្រូវទៀតផង។
លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរ​ម្យបានឲ្យដឹងនៅព្រឹកថ្ងៃទី១១ មករា ២០១៨ ថា នៅពេលនេះជនជាតិវៀត​ទាំង៨នាក់ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ណោះអាសន្នសិន ដោយរង់ចាំក្រុមហ៊ុន យកឯកសារពាក់ព័ន្ឋមកផ្ទៀងផ្ទាត់។លោកនាយផ្នែ​កបន្តថា ចំពោះសកម្មភាពរបស់ក្រុមហ៊ុនធ្វើខុសបច្ចេកទេសយ៉ាងណានោះ ត្រូវចាំមើលរបាយការណ៏ ដែលខេត្តបានប្រជុំនាពេលកន្ល​ង​មក។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីខាងលើនេះ លោកមិនដឹងថា តើក្រុមហ៊ុនមានច្បាប់កម្រិត​ណានោះទេ។តែដោយផ្អែកលើជំនាញរបស់លោក ត្រូវតែឃាត់ព្រោះបើតាមអ្វីដែលលោកដឹង សកម្មភាពក្រុមហ៊ុនខាងលើគឺផ្ទុយពី​ច្បាប់ច្រើនជាងត្រូវច្បាប់។

ករណីខាងលើនេះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក៏បានសម្តែងការងឿឆ្ងល់ចំពោះការចេញច្បាប់អនុញ្ញាតរបស់ក្រសួង​នឹងខេត្ត ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនដួង ស្រួច អាចធ្វើសកម្មភាពកាប់ឈើក្នុងតំបន់ដែលសម្បូរជីវចម្រុះបែបនេះ។ដោយលោក​បានស្នើរចំពោះក្រសួងពាក់ព័ន្ឋគួរសិក្សាឲ្យបានស៊ីជម្រៅ លើតំបន់ដែលចេញច្បាប់អនុញ្ញាតឲ្យមានការប្រមូលផលអនុផលព្រៃឈើ ព្រោះជៀសវាងការប៉ះពាល់លើបញ្ហានានាដែលនាំឲ្យពិបាកដោះស្រាយនាពេលក្រោយ។
ចំណែកលោក សុខ សេរ៉ា នាយយករងសាលាខេត្តបានឲ្យដឹងថា «ក្រុមហ៊ុនខាងលើនោះពិតជាមានច្បាប់ដី សម្ប​ទានសង្គម​កិ​ច្ច​​ពិ​ត​ប្រាកដមែនតែការឈូសឆាយរបស់ក្រុមហ៊ុន ត្រឹមត្រូវតាមទីតាំង រឺមិនត្រឹមត្រូវខ្ញុំមិនដឹងទេ ចំណែកជនជាតិវៀតណាមមកធ្វើ​ការនោះ​ស្របច្បាប់ រឺមិនស្របច្បាប់នោះជារឿងរបស់ក្រុមហ៊ុន»។

លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីបានថ្លែងថា យើងនៅមិនទាន់មានវិធានការយ៉ាងណានោះ​ទេ ចំពោះពួកគេទាំង៨នាក់ ដោយនៅពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ នឹងយកឯកសារនានាមកផ្ទៀងផ្ទាត់ថាតើស​កម្ម​ភាពរបស់ក្រុមជនទាំងនោះខុសច្បាប់បែបណា។

លោកព្រះរាជអាជ្ញាររងក៏បានបញ្ជាកដែរថា ចំពោះទីតាំងកំបន់កាប់ឈើនោះ ប្រសិនបើមានការអភិវឌ្ឍន៏បន្ថែមនឹងអាចក្លាយទៅជា​តំបន់អេកូទេសចរណ៏ដ៏ទាក់ទាញ ព្រោះទីតាំងនោះមានទឹកអូរ ទឹកធ្លាក់ រួមនឹងសម្រល់ព្រៃព្រឹក្សាដ៏ល្អឯក ថែមទាំងសម្បូរសត្វស្លាប ជាច្រើនប្រភេទផងដែរ។

តំណាងក្រុមហ៊ុន ដួង ស្រួច គ្រុប ឈ្មោះ ធី បាននិយាយយ៉ាងខ្លីនៅព្រឹកថ្ងៃទី១១ មករា ២០១៨ ថា នៅពេលនេះ គេកំពុងធ្វើការផ្ទៀ​ងផ្ទាត់លើផែនទីថា​ តើការកាប់ឈួសឆាយនោះក្នុងទីតាំងបានកំណត់ ឬអត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: