ព្រឹតិ្តការណ៍ថ្មីៗ

កុងតឺន័របើកបុកម៉ូតូកង់បី២គ្រឿង ម៉ូតូសេ១២៥មួយគ្រឿងពីក្រោយរបួសធ្ងន់ស្រាល៣នាក់

2 ថ្ងៃ មុន 20 តូ សុផល

ភ្នំពេញ ៖ មន្រ្តីនគរបាល ផ្នែកអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ម្នាក់រងរបួសធ្ងន់ បាក់ដៃ និងមនុស្ស២នាក់ទៀតរងរបួសស្រាល

ក្នុងនោះមានក្មេងតូចម្នាក់ផង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តកុងតៃន័រដឹកសុីម៉ង់ត៍ បើកបុកពីក្រោយ ម៉ូតូសេ១២៥មួយគ្រឿង ម៉ូតូកង់បី២គ្រឿង ទាំងកម្រោល កំពុងឈប់រងចាំចរាចរណ៍ ត្រង់ចំណុចរង្វង់មូលចោមចៅ ជ្រុងខាងកើត ចំកន្លែងគោលដៅ នគរបាលចរាចរណ៍ក្រុងប្រចាំការ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ របួសធ្ងន់ ឈ្មោះ សូរ សំអូន ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្រ្តីនគរបាល ផ្នែកអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ព្រះនាមA9 មានទីលំនៅ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រងរបួសបាក់ដៃឆ្វេង ។

ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០០៧ ពណ៌ខ្មៅ ។ ចំណែកម៉ូតូ កង់បី មួយគ្រឿងទៀត ម៉ាក ស៊ូរ៉ុស ពណ៌ខ្មៅ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-3168 មានដឹកកញ្ចក់រថយន្ត ក្រឡាប់ផ្ងារជើង រងការខូចខាតខ្ទេច ។ និងម៉ូតូកង់បីមួយគ្រឿងទៀត ប្រភេទកង់បីឥណ្ឌា រងខូចខាតបន្តិចបន្តួច និងរបួសក្មេងម្នាក់ ។ រីឯរថយន្តបង្ក ម៉ាកមុីស៊ុយប៊ីសុី កុងតៃន័រ ពណ៌ក្រហម ដឹកសុីម៉ង់ត៍ ពាក់ស្លាកលេខ កំពង់ធំ 3A-1446 បើកបរដោយឈ្មោះ យ៉ែម សំណាង ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តក្រុមហ៊ុនឡុងម៉េង មានទីលំនៅ ភូមិតាំងស្រឡៅ ឃុំតាំងខ្យា ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

តាមប្រភពនគរបាល ចរាចរណ៍ប្រចាំគោលដៅខាងលើ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ខណៈដែលយានជំនិះ លើផ្លូវកំណាត់ផ្លូវវេងស្រេង ពីត្បូងទៅជើង ទាំងម៉ូតូជនរងគ្រោះ កំពុងឈប់ រងចាំប៉ូលីសសម្រួលចរាចរណ៍ ស្រាប់តែរថយន្តបង្ក បើកពីត្បូងទៅជើង លឿនជ្រុល មកបុករះពីក្រោយ ម៉ូតូកង់បី២គ្រឿង ម៉ូតូសេ១២៥មួយគ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៣នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះម្នាក់ របួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ រួមទាំងអ្នកបើកបររថយន្តបង្កផង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

%d bloggers like this: