ព្រឹតិ្តការណ៍ថ្មីៗ

សិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ ស្តីពីការពិន័យជាប្រាក់ និងការដាក់ទោសទណ្ឌលើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

11 ខែ មុន 70 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី៖ “ប្រកាសរួមលេខ១៤២៩ សហវ ប្រក ស្តីការពិន័យជាប្រាក់ និងការដាក់ទោសទណ្ឌលើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់” និងប្រកាសរួមលេខ ១៤៣០ សហវ-ប្រក “ស្តីពីការផ្តល់រង្វាន់លើការអនុវត្តប្រមូលចំណូលពីការពិន័យជាប្រាក់លើយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងនីតិវិធីទូទាត់ប្រាក់រង្វាន់លើកទឹកចិត្ត”

សិក្ខាសាលានេះក៏មានការចូលរួមពីឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការនិងប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រូបង្គោល តំណាងមកពីបណ្តាស្ថានីយ៍ថ្លឹងយានយន្តរាជធានី-ខេត្ត។

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការយល់ដឹងស្តីអំពីការប្រមូលចំណូល ការកត់ត្រាចំណូលដែលប្រមូលបាន ការបង់ចំណូលបានត្រឹមត្រូវនិងទាន់ពេល ការបែងចែកប្រាក់រង្វាន់ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ ការផ្ទេរចំណូលចូលថវិកាជាតិបានទាន់ពេលវេលា ការកត់ត្រាចំណូលបានត្រឹមត្រូវ និងគ្រប់គ្រាន់។

សូមជម្រាបជូនថា៖ ប្រកាសរួមទាំងពីរនេះនឹងផ្តល់ជាយន្តការគ្រប់គ្រាន់ក្នុងការកត់ត្រាចំណូល ចំណាយថវិកាជាតិ កត់ត្រាចំណូលដែលបានបង់ និងចំណូលប្រាក់រង្វាន់ដែលបានកាត់ទុក ព្រមទាំងពង្រឹងការផ្តល់សេវាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

តាមរយៈបទបង្ហាញសំខាន់ៗរបស់គ្រូបង្គោលសិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ ធាតុចូលការយល់ដឹងថ្មីៗបន្ថែមទៀត ដើម្បីយកទៅអនុវត្តការងារកត់ត្រាចំណូលឱ្យបានត្រឹមត្រូវ ប្រកបដោយ សុគតភាព សំដៅលើកកម្ពស់គុណភាព និងបង្កើនការពេញចិត្ត និងប្រសិទ្ធភាពនៃសេវាសាធារណៈថែមទៀតស្របតាមការកែទម្រង់របស់ក្រសួង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សួង ហេង បានណែនាំឱ្យមន្ត្រីស្ថានីយ៍ជញ្ជីងដែលអនុវត្តការងារជាក់ស្តែង ទាំងអស់យកចិត្តទុកដាក់ពង្រឹងវិធានការត្រួតពិនិត្យ និងទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដើម្បីថែរក្សាហេដ្ឋារចនាសម្ព័ន្ធថ្នល់ស្ពានឱ្យប្រើប្រាស់បានយូរអង្វែង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!