ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងណេត អភ័ពមួយកន្លែង ក្នុងចំណោមរាប់រយកន្លែង ត្រូវអភិបាលខណ្ឌទួលគោកបញ្ជាអោយចុះបង្ក្រាប!

1 ខែ មុន 621 តូ សុផល

ភ្នំពេញ៖ ទីតាំងហ្គេម Internet បង្កប់ល្បែងស៊ីសង មួយកន្លែងក្នុងចំណោមរាប់រយកន្លែងទៀតត្រូវបានលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួកគោកបញ្ជាអោយចុះបង្ក្រាប និងទ្វារ កាលពី វេលាម៉ោង១០ និង ១០នាទីព្រឹក ថ្ងៃច័ន្ទ ០៨រោច ខែបុស្ស ឆ្នាំរកា ពន្វស័ក ពស.២៥៦១ ត្រូវនិងព្រឹកថ្ងៃ០៨ ខែមករា ឆ្នាំ២០១៨។

ប្រតិបត្តិការណ៍នេះ ដឹកនាំកម្លាំងដោយ លោក ទៀវ សំអឿន អភិបាលរងខណ្ឌទួលគោក រួមជាមួយលោក វ៉ាន់ សារ៉េត ជាចៅសង្កាត់បឹងកក់ទី២ និងលោក ខាត់ ខុនទិត្យ នាយនគរប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកក់ទី២ បានចុះបង្ក្រាបជាក់ស្ដែងទីតាំងល្បែងស៊ីសង តាមអ៊ីនធើណែត មួយកន្លែងដែលស្ថិតនៅផ្ទះលេខ៤៥បេ ផ្លូវលេខ២៨៧ ភូមិ១៦ សង្កាត់បឹងកក់២ រាជធានីភ្នំពេញ ។

ក្នុុងនោះ ដកហូត ម៉ាស៊ីនកុំព្យូទ័រ LCD កៅអី សម្ភារះបំរើការក្នុងហាងអ៊ីធើណេតមួយចំនួនទៀត ព្រមទាំងបានឃ្លុំបេបិតទីតាំងហាងអ៊ីធើណេតខាងលើ បណ្តោះអាសន្ន ដើម្បីអោយម្ចាស់ទីតាំងចូលមកដោះស្រាយទៅតាមនីតិវិធី ៕

ក្រោយការបង្ក្រាបទីតាំងណេតមួយកន្លែងនេះ មានពាក្យលិចលឺថា ទំនងជាមានការយឺតយ៉ាវ ក្នុងការសែនឧទ្ទិស ទើបត្រូវអាជ្ញាធរចុះបង្ក្រាបទាំងតក់ក្រហល់បែបនេះ ខណៈដែលទីតាំងខាងលើដំណើរការឡើងដុះស្លែទៅហើយ ម្តេចទើបនឹកឃើញចុះបង្ក្រាប?  ដោយឡែកទីតាំង ណេត២៤ម៉ោង បង្កប់ល្បែងស៊ីសង រាប់រយកន្លែងទៀត ក្នុងខណ្ឌទួលគោក ម្តេចដំណើរយ៉ាងរលូនទៅវិញ?

កាលពីកន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ជាមួយ តំណាង ក្រសួងប្រៃសនីយ៍ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីពាក់ព័ន្ធ ដើម្បីពិភាក្សាការងារបង្ក្រាប ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំង Internet cafe ឬ​ ណេត​24h ក្នុង រាជធានីភ្នំពេញ។

ឯកឧត្តម អភិបាល បានដាក់ចេញនូវវិធានការណ៍បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online ជ្រក ក្រោមរូបភាពទីតាំង Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្មមានច្បាប់ អនុញ្ញាត បើកទីតាំងInternet ក៏ដោយព្រោះថាល្បែងហ្គេមស៊ីសងតាមប្រព័ន្ធ Online គឺជាល្បែង បំផ្លាញការ សិក្សារបស់កុមារ និងយុវជន ហើយទីនោះក៏ជាកន្លែងប្រមូលផ្តុំនូវការប្រើប្រាស់គ្រឿងញៀន និងជន ល្មើស លួច-ឆក់ផងដែរ៕

ពាក់ព័ន្ធករណីល្បែងស៊ីសងក្នុងទឹកដីខណ្ឌទួលគោកនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រងចាំមើលលោក ឯក ឃុនឌឿន អភិបាលខណ្ឌជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌ នឹងមានវិធានការបែបណា?

លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួកគោក បានប្រា​ប់ ធី អិន អិន កាលពីកន្លងទៅតាមរយៈ whatsapp ថា លោកបានបញ្ជាមន្ត្រីក្រោមឳវាទ ចុះត្រួតពនិត្យ ទីតាំង internet ទាំងនោះអស់ហើយ តាមរបាយការណ៍ ភាគច្រើនមានច្បាប់ក្រសួងប្រៃសណីយ៍ និង បានធ្វើកិច្ចសន្យា ហាមមានល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសការទទួលផលពីល្បែង។

លោកបន្តថា និងបង្ក្រាបទីតាំងល្បែងស៊ីសងជ្រកក្រោមស្លាក Internet ២៤ម៉ោង ខុសច្បាប់នេះអោយអស់ ព្រោះលោកមិនដែលទទួលបានប្រយោជន៍អ្វីឡើយ លោកសង្កត់ធ្ងន់ថា “ខ្ញុំមិនមែនមន្ត្រីជើងដប់ ឬមន្ត្រីគ្រប់ល្ពៅទេ” ។  ផ្ទុយពីការសន្យាខាងលើ គ្មានទីតាំងហ្គេមអន ឡាញ ជ្រក់ក្រោមស្លាកសញ្ញា២៤ ម៉ោង មួយកន្លែងណា ដែលអភិបាលខណ្ឌទួលគោករូបនេះ បញ្ជាអោយបង្ក្រាបឡើយ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ចូលរួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រតដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមន្ត្រី កងកំលាំង មាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពីការអនុវត្ត វិធានការបង្រ្កាប ល្បែង ស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នក ឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ចទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲរបស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលបលួច បើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោម ស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយ លេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រក ក្រោមល្បែង ក្មេង លេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

ដូចបងប្អូនជ្រាបហើយថា ឬសគុលនៃ អំពើចោរមក្ម ឆក់ ប្លន់ និងបទល្មើសនានា អំពើហិង្សាក្នុងគ្រូសារ សិស្សគេចសាលា ការចរាចរគ្រឿងញៀន បណ្តាលអោយសង្គមធ្លាក់ចុះ បាត់បង់ភាពរីកចំរើន និងការ អភិវឌ្ឍន៍ គឺបណ្តាលមកពីអាជ្ញាធរមូលដ្ឋានរួមគំនិត និងផ្តល់ឪកាសអោយ មេល្បែងបន្តបើកយ៉ាង គគ្លើន មិនញញឺតច្បាប់។

ពលរដ្ឋសង្ឃឹមថាការអាជ្ញាធរ គ្រប់លំដាប់ជាន់ថ្នាក់អនុវត្តន៍ច្បាប់អោយបានស្មើៗគ្នា ទាំងចំពោះអ្នកមាន និងអ្នក ទាំងអ្នកតូច និងអ្នកធំ កុំអោយដូចអ្វីដែលប្រជាពលរដ្ឋលើកឡើងថា “ច្បាប់អនុវត្តន៍បានតែ ចំពោះអ្នកក្រនោះឡើយ!”៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ