ព្រឹតិ្តការណ៍ថ្មីៗ

ការ​ជម្លៀស​ដោយ​បង្ខំ

11 ខែ មុន 64 តូ សុផល

ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ប្រជាជន​ចេញ​ពី​ផ្ទះ​និង​បង្ខំ​ឲ្យ​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​បន្ទាប់​ពី​​ពួកគេ​បាន​ចូលកាន់​កាប់​​ក្រុង​ភ្នំពេញ។

​នេះ​ជា​បទបញ្ជា​ដាច់​ខាត ​ដោយ​មិន​មាន​ការ​លើកលែង​ ឬ​អាច​តវ៉ា​អ្វី​ឡើយ។​ប្រជាជន​ប្រហែល​ពីរ​លាន​នាក់​ ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ទីក្រុង​សំដៅ​ឆ្ពោះ​ទៅ​ទី​ជនបទ។​ ពួកគេ​ត្រូវតែ​បោះបង់​ចោល​ផ្ទះ​សម្បែង​និង​ចាកចេញ​ពី​កន្លែង​ធ្វើការ​ជាបន្ទាន់។ ​អ្នកជំងឺ​ត្រូវ​តែ​ចាក​ចេញពី​គ្រែ​ក្នុង​មន្ទីរពេទ្យ។​ ស្ត្រី​មាន​ផ្ទៃពោះ​ មនុស្ស​ចាស់​ ជន​ពិការ​ឬ​អ្នកមាន​របួស​​អ្នកជំងឺ​ដែល​ត្រូវ​បាន​គេ​សែង​ និង​កុមារ​តូចៗ​ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ដែល​មាន​មនុស្ស​កកកុញ។ ​

ម្នាក់ៗ​ខំប្រឹង​ប្រមូល​សាច់​ញាតិ​របស់​ខ្លួន​កុំ​ឲ្យ​វង្វេងគ្នា។​ មនុស្ស​ជា​ច្រើន​បាន​ចាក​ចេញ​ដោយ​ជើង​ទទេ​ អ្នកខ្លះ​ជិះកង់​ ឬ​រទេះរុញ​ អ្នកខ្លះ​​មាន​របស់​ជាប់​ខ្លួន​តែ​បន្តិចបន្តួច​ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ដាក់​របស់​របរ​ពេញ​ក្នុង​​ឡាន​តែ​ក្រោយ​មក​ត្រូវ​ខ្មែរក្រហម​បង្ខំ​ឲ្យ​បោះបង់​ចោល​អស់​នៅ​តាម​ផ្លូវ។ ​ប្រជាជន​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​យ៉ាង​យឺតៗ ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ​ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​ទីក្រុង​ខ្មោច​មួយ​បាត់​ទៅ​ហើយ៕

(ដកស្រង់ពីជំពូកទី២៖ មេរៀន​ទី​៣ នៃ​កម្មវិធី​អេប​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម)

គេហទំព័រ៖ www.moeys.gov.kh

 

ផលវិបាក​នៃ​សង្គ្រាម​ប្រាំ​ឆ្នាំ (១៩៧០-១៩៧៥)
(ដកស្រង់​ពី​ជំពូក​ទី​១៖ មេរៀន​ទី​៤ នៃ​កម្មវិធី​អេប​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម)

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់​ក្នុង​អំឡុង​ពេល​សង្គ្រាម​ដែល​មាន​តួលេខ​មិន​ច្បាស់លាស់​នៅ​ឡើយ​នោះ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ហែកហួរ​ដោយ​សង្គ្រាម​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ត្រូវ​ការ​កសាង​ឡើង​វិញ។ សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ជា​ចម្បង​ទៅ​លើ​វិស័យ​កសិកម្ម​ប៉ុន្តែ​វិស័យ​នេះ​បាន​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​អសន្តិសុខ​និង​ដោយ​សារ​ការ​ចាកចេញ​របស់​កសិករ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដើម្បី​គេច​ចេញ​ពី​សមរភូមិ​ប្រយុទ្ធ។ ជា​លទ្ធផល តម្លៃ​អង្ករ​១០០​គីឡូ​នៅ​ក្រុងភ្នំពេញ​ដែល​មាន​តម្លៃ​ជាង​២ ០០០រៀល នៅ​ខែ​សីហា ឆ្នាំ​១៩៧២ បាន​កើន​ឡើង​ដល់ ៣៩០០០​រៀល ក្នុង​ខែ​មីនា ឆ្នាំ​១៩៧៥។ នៅ​តាម​ខេត្ត​រោងចក្រ​ទាំងអស់​បាន​បន្ថយ​ឬ​បញ្ឈប់​ផលិតកម្ម​របស់​ខ្លួន។ [6] ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ទូរគមនាគមន៍​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុង។ នៅ​ពេល​នោះ ប្រជាជន​កម្ពុជា​ចង់​បាន​តែ​សន្តិភាព​ប៉ុណ្ណោះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!