ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលមិនស្តាយយសស័ក្តិម្នាក់ លួងលោមក្មេងស្រី២នាក់យកទៅរំលោភបានសម្រេច

1 ឆ្នាំ មុន 692 តូ សុផល

ខេត្តរតនគិរី៖  ក្មេងស្រី២នាក់មិនទាន់គ្រប់អាយុ ត្រូវមន្ត្រីនគរបាលម្នាក់ លួងលោមយកទៅផ្ទះសំណាក់ បានសម្រេច

ដោយសន្យាថា ទិញខ្សែក និងទូរស័ព្ទដៃឲ្យម្នាក់មួយ តែផ្ទុយទៅវិញ ក្រោយពេលបាន សម្រេច ទិញទូរស័ព្ទឲ្យម្នាក់មួយហើយដកយកវិញ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ក្មេងស្រីទាំង២នាក់ ដែលត្រូវ គេលួងលោមទៅផ្ទះសំណាក់នោះ ១.មានឈ្មោះ ពូយ ចន្ទ្រា អាយុ ១៣ឆ្នាំ ជនជាតិច្រាយ ២.មានឈ្មោះ សល់ លីន អាយុ ១២ឆ្នាំ ជនជាតិច្រាយដូចគ្នា ក្មេងស្រីទាំងពីរ មានលំនៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ចំណែកមន្ត្រីនគរបាល ដែលលួងលោមក្មេងស្រីទាំង ២នាក់យកទៅ រំលោភនោះ មានឈ្មោះ មាស សូភ័ណ្ណ មានលំនៅភូមិ ឃុំ ជាមួយក្មេងស្រីខាងលើ ជាមន្ត្រីនគរបាល អធិការស្រុកអូរយ៉ាដាវ។

បើតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះទាំង២នាក់ខាងលើថា ជាធម្មតាពួកនាងតែងតែទៅផ្ទះលោក មាស សូភ័ណ្ណ ដែលមានផ្ទះនៅជិតគ្នាជួយ ធ្វើការងារផ្ទះស្ទើររៀងរាល់ថ្ងៃ ដោយទទួលបានប្រាក់ ក្នុង១ខែ ៥ម៉ឺនរៀល។ ហើយនៅថ្ងៃកើតហេតុនោះ លោក មាស សូភ័ណ្ណ បានលួងលោមនាងថា ទៅខេត្ត(ក្រុងបានលុង)ជាមួយគ្នា លោកនឹងទិញខ្សែកឲ្យម្នាក់មួយខ្សែ និងទូរស័ព្ទដៃឲ្យម្នាក់មួយ។ រហូតដល់រសៀលប្រមាណជាម៉ោង៣ លោកនគរបាលរូបនោះ ក៏ឈប់រថយន្តចាំនៅក្រៅភូមិ ហើយណាត់ ឲ្យក្មេងស្រីទាំងពីរ ដើរកាត់ក្រោយភូមិទៅជួបគ្នា។

ពួកនាងបានបន្តថា ក្រោយពីដឹកនាងទៅដល់ ក្រុងបានលុងលោក មាសសូភ័ណ្ឌ ក៏នាំពួកនាងចូលផ្ទះសំណាក់ ក៏ប៉ន្តែនាងមិនស្គាល់ យីហោផ្ទះសំណាក់ នោះទេ។ ពួកនាងបានបញ្ជាក់ទៀតថា ក្រោយពីរំលោភបានសម្រេចទាំងពីរនាក់ហើយ លោក មាស សូភ័ណ្្ឌបាននាំនាងទៅផ្សារ ទិញទូរស័ព្ទដៃឲ្យម្នាក់មួយ លុះជិះរថយន្តត្រឡប់មកវិញដល់ ភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ មិនទាន់ដល់ភូមិឡំផង លោក មាសសូភ័ណ្ឌ នេះទំលាក់ពួកនាងចោល ហើយដក យកទូរស័ព្ទដែលទិញឲ្យម្នាក់មួយនោះ យកវិញទាំងអស់។

លោក ពូយ ស្រាក់ ជាឪពុកក្មេងស្រីឈ្មោះ ពូយ ចន្ទ្រា បានរៀបរប់ថា បានបាត់កូនដល់យប់ មិនឃើញកូនមកផ្ទះ ក៏ផ្អើលឆោឡោនាំគ្នាដើរកកូនស្រី រហូតដល់ម៉ោង១០យប់ថ្ងៃដដែល ទើបរក ឃើញក្មេងស្រីទាំង២នាក់នៅ ភូមិប៉ក់តូច ដែលនៅចំងាយប្រមាណជាជាង ២គីឡូម៉ែត្រ ពីភូមិឡំ ។ លោកបន្តថា ក្រោយពីបានសាកសួរកូនស្រីអំពីដំណើររឿងរួច គាត់ក៏បានដាក់ពាក្យបណ្ដឹង ទៅភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាល ឃុំប៉ក់ធំ ក៏ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនជនប្រព្រឹត្តនោះទេ។

ខាងភូមិ ឃុំ និងប៉ុស្តិ៍ បានឲ្យក្រុមគ្រួសារគាត់ធ្វើការ សម្របសម្រួលគ្នាជាមួយប្រពន្ធលោក មាស សូភ័ណ្ឌ ជាជនល្មើស ដោយពួកគាត់ទាំង២គ្រួសារជាអាព្យាបាលក្មេងទាំងពី ទាមទារក្នុងម្នាក់ ៦ ពាន់ដុល្លា ស្មើនិង១ម៉ឺន២ពាន់ដុល្លា។ លោក ពូយ ស្រាក់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះថា បច្ចុប្បន្ន ពួកគាត់ទាំងពីគ្រួសារ បានទទួលប្រាក់សំណង ចំនួន៦ពាន់ដុល្លា ក្នុងក្មេងស្រីម្នាក់គ្រប់ចំនួនហើយ។

ដោយឡែកលោក មាស សូភ័ណ្ឌ មន្ត្រីនគរបាលអធិការស្រុកអូរយ៉ាដាវ អ្នកសារព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយបានទេ ដោយទូរស័ព្ទមិនចូល ជួនកាលទូរស័ព្ទចូលហើយ ត្រូវគេបិតមិន ទទួល(០៩៧៧៣៨៣៨២៦) ។

ជុំវិញករណីខាងលើនេះ លោកស្រីឧត្ដមសេនីយ៍ត្រី កែវ ដាវី ស្នងការរងខេត្តរតនគិរី ទទួលបន្ទុក ផ្នែកជួញដូរ និងការពារ អនិតិជន (យេនឌ័រ)បានឲ្យដឹងថា ករណីខាងលើនេះ បើទោះជាមានការ សម្របសម្រួលគ្នាយ៉ាងណាក៏ដោយ ជនប្រព្រឹទ្ធខុសច្បាប់ទៅលើក្មេងស្រី ដែលមិនគ្រប់អាយុ (អនិតិជន)ត្រូវតែមានទោស លោកស្រីនឹងស្រាវជ្រាវ កសាងសំណុំរឿងនេះបញ្ជូនទៅតុលាការ។

ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ នេះ លោកស្រីបានឲ្យដឹងតាមទូរស័ព្ទថា ករណីលួងរំលោភ លើក្មេងស្រី ២នាក់ខាងលើ បានបញ្ជូនសំណុំរៀងទៅតុលាការហើយ គឺផុតពីដៃលោកស្រីហើយ។ ចំណែកតាមការស្រាវជ្រាវ គឺជាការភាន់ច្រឡំ ករណីខាងលើនេះ ឃើញថាមិនពិតដូចការចោទប្រកាន់ទេ គ្រាន់តែអាណាព្យាបាល បានបាត់កូនហើយធ្វើការចោទប្រកាន់តែប៉ុណ្ណោះ។

បើទោះជាយ៉ាងណា ករណីខាងលើនេះ ត្រូវបានមជ្ឈដ្ឋានទូទៅងឿងឆ្ងល់ថា ហាក់ដូចជាមាន អាថ៏កំបាំង បន្ទាប់ពីជនសង្ស័យបានបង់ថ្លៃខូចខាតឲ្យជនរងគ្រោះរួចហើយ បែរជាសមត្ថកិច្ចថា រឿងមិនពិតទៅវិញ។ រីឯអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី អ្នកសារព័ត៌មានយើងសុំការបំភ្លឺ មិនទាន់បាននៅឡើយទេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!