ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលខណ្ឌសែនសុខ៩២រូប ត្រូវបានបំពាក់ឋានន្តរស័កិ្ត នៅព្រឹកម៉ិញនេះ

7 ខែ មុន 166 តូ សុផល

ភ្នំពេញ ៖ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧ នេះ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបំពេញតួនាទីយ៉ាងសកម្ម ក្នុងការចូលរួមសហការការពារសេ្ថរភាពនយោបាយ

និងការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរាបរយក្នុងមូលដ្ឋានបានល្អប្រសើរ និងគួរជាទីមោទនៈ។ជាពិសេសបានអនុវត្តន៍នូវគោលនយោបាយភូមិ-សង្កាត់មានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាល ជូនប្រជា ពលរដ្ឋប្រកបដោយភាពសុខសាន្ត ។

ដោយទទួលបាននូវលទ្ធផលស្នាដៃសំខាន់ជាច្រើន ទើបនៅថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសថ្នាក់ដឹកនាំផ្ទាល់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចតម្លើងឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិតាមបណ្តាអង្គភាពចំណុះផែន អត្តសញ្ញាណកម្មនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សរុប៩២រូបមានថ្នាក់អនុសេនីយ៍ឯក៣៦រូបអនុសេនីយ៍ទោ៣៣រូប អនុសេនីយ៍ត្រី១០រូបព្រិនបាលឯក១២និងព្រិនទោ១រូប ។

ពិធីបំពាក់ឋានន្តរស័កិ្តនេះក៏បានប្រព្រឹត្តធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាសង្កាត់ឃ្មួញភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។ ដែល មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់ លោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរង រាជធានីភ្នំពេញ តំណាងដ៍ខ្ពស់ខ្ពស់ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ លោក ហោ វាសនាអភិបាលរងខណ្ឌសែនសុខ និង លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ថ្លែងថា ថ្ងៃនេះដោយទទួលបានការអនុវត្តន៍តាមគោលការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាល នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានរៀបចំពិធីបំពាក់ឋានន្តរស័កិ្តមន្ត្រីនគរបាលជាតិ ចំណុះផែនអត្តសញ្ញាណកម្មនិងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង បានលើកឡើងបន្ថែមឲ្យដឹងទៀតថា ក្នុងរយៈពេលពេញ១ឆ្នាំ២០១៧នេះ អធិការដ្ឋាននគរបាលខណ្ឌដង្កោបានបំពេញតួរនាទីយ៉ាងសកម្មក្នុងការចូលរួមសហការការពារសេ្ថរភាពនយោបាយ និងការពារសន្តិសុខ សុវតិ្ថភាព សណ្តាប់ ធ្នាប់សាធារណៈក្នុងមូលដ្ឋានបានល្អប្រសើរធ្វើឲ្យបរិស្ថានសន្តិសុខទូទៅជូនសង្គមជាតិ និងប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត។

ក្នុងនោះបានសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណតិ្តទី៤ ដែលបានប្រព្រឹត្តទៅបរិយាកាសសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ បទបញ្ជានីតិវិធី និងក្រមសិលធម៌ នៃការបោះឆ្នោត។

លោកបន្តថា សមិទ្ធិផលស្នាដៃរបស់កងកម្លាំងនគរបាលខណ្ឌសែនសុខទាំងមូល ដែលសម្រេចបានខាងលើនេះគឺស្តែងចេញពីខិតខំ លះបង់កម្លាំងកាយចិត្ត គោរពអនុវត្តបទបញ្ជាយ៉ាងម៉ឺនម៉ាត់ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមដែលថ្នាក់លើប្រគល់ឲ្យក្នុងស្មារតីទទួលខុសត្រូវខ្ពស់ឈរលើគោលការណ៍ច្បាប់ គោរពសិទិ្ធមនុស្ស និងអនុវត្តត្រឹមត្រូវតាមយុទ្ធសាស្ត្រចចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក លោក ឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការរងរាជធានីភ្នំពេញក៏បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ដែលទើបបំពាក់ឋានន្តរស័កិ្តត្រូវបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អ ត្រូវសហការសាមគ្គី ភាពផ្ទៃក្នុង និងត្រូវអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវតិ្ថភាពឲ្យមានប្រសិទិ្ធភាព។លោកឧត្តមសេនីយ៍ត្រីក៏បានផ្តាំផ្ញើដល់មន្ត្រីដែលពុំទាន់បានបំពាក់ស័កិ្តនោះចូរកុំអាក់អន់ស្រពន់ចិត្ត ថ្នាក់លើរបស់យើងមិនមើលរំលងនោះទេចំពោះមន្ត្រីដែលខិតខំបំពេញភារកិច្ចបានល្អ យើងនឹងបំពាក់ជូននៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ