ព្រឹតិ្តការណ៍ថ្មីៗ

បញ្ហាផ្លូវចិត្តកើតឡើងច្រើនប្រឈមជាមួយនឹងយុវវ័យ

11 ខែ មុន 202 តូ សុផល

ភ្នំពេញ៖ ចំពោះបញ្ហាផ្លូវចិត្ដនេះ គឺមិនមែនកើតឡើងចំពោះតែយុវវ័យសម័យថ្មីនោះទេ គឺវារមែងតែកើតមានស្ទើរគ្រប់សម័យកាលទាំងអស់

តាំងពីសម័យអតីតកាល បច្ចុប្បន្នកាលនេះ និងបន្តទៅអនាគតកាលខាងមុខទៀត ក៏បញ្ហាផ្លូវចិត្ដនៅតែកើតមានឡើងដែរ។ បញ្ហាផ្លូវចិត្ដដែលកើតមានឡើងបានមកនេះ បណ្ដាលមកពីកត្ដាមួយចំនួនដូចជា វប្បធម៌ ប្រពៃណី ទំនៀមទំលាប់ បច្ចេកទេស​ បច្ចេកវិទ្យា ការអប់រំ និងកត្តាសង្គមជាដើម ។

ជាការពិតក្នុងពេលដែលពួកគេមាន បញ្ហាផ្លូវចិត្ដ ឬជម្ងឺផ្លូវចិត្ដនោះ នឹងបណ្ដាលអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើយុវជនខ្លួនឯង គ្រួសារ និងសង្គមជាតិ​​ ។

ផលប៉ះពាល់ចំពោះយុវវ័យ មានពីរដំណាក់កាល គឺរយៈពេលខ្លី និងរយៈពេលវែង។ ក្នុងរយៈពេលខ្លី បញ្ហាផ្លូវចិត្ដធ្វើឱ្យយុវជនបាត់បង់ឱកាសក្នុងការក្រេបយកចំណេះដឹង និងខាតបង់ពេលវេលា ធ្វើអោយប៉ះពាល់ដល់សុខភាពផ្លូវកាយ ករណីខ្លះបញ្ហាផ្លូវចិត្ដធ្វើអោយយយុវជនប្រើប្រាស់នូវគ្រឿងស្រវឹងហួសហេតុពេក គ្រឿងញៀនគំហុកពេក បណ្ដាលអោយបាត់បង់ជីវិតដោយសារ ការគាំងបេះដូង ការពុលគ្រឿងញៀនខ្លាំងពេកជាដើម ។

ឯការប៉ះពាល់យូរអង្វែងវិញ គឺអាចធ្វើអោយបាត់បង់អនាគត និងបាត់បង់អស់បំណងដែលខ្លួនចង់ធ្វើ។ ករណីអ្នកមានបញ្ហាផ្លូវចិត្ដ ហើយប្រើស្រា និងគ្រឿងស្រវឹងធ្វើអោយប៉ះពាល់ដល់សុខភាពកើតជាជម្ងឺផ្សេងៗដូចជា រលាកក្រពះពោះវៀន ក្រិនថ្លើមជាដើម។ ម្យ៉ាងវិញទៀតក៏អាចធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ប្រព័ន្ធសរសៃប្រាសាទ ហើយក៏វិវឌ្ឍន៍ទៅដល់ជម្ងឺផ្លូវចិត្ដរ៉ាំរ៉ៃមួយជីវិត ។

យុវវ័យដែលមានបញ្ហាផ្លូវចិត្ដខ្លួនឯងផ្ទាល់ គួរមានផែនការប្រតិបត្ដិយ៉ាងត្រឹមត្រូវ និងស្វែងយល់ឱ្យបានច្បាស់លាស់អំពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលឱ្យមានបញ្ហាផ្លូវចិត្ដ។ យុវវ័យមិនគួរជ្រើសរើសដំណោះស្រាយទាំងឡាយណាដែលនាំអោយមានផលប៉ះពាល់ ឬផ្ដល់នូវគុណវិបត្ដិសម្រាប់ខ្លួនឯង គ្រួសារ និងសង្គម ។ គួរទៅពិគ្រោះយោបល់ជាមួយនឹងអ្នកឯកទេសជំនាញផ្លូវចិត្ដ ដើម្បីស្វែងរកដំណោះស្រាយ និងព្យាបាលបញ្ហាផ្លូវចិត្ដ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!