ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរប្លន់ និងទទួលផលចោរកម្មកើនដល់ចំនួន១០នាក់ហើយដែលសមត្ថកិច្ចតាមចាប់បាន!

1 ឆ្នាំ មុន 60 តូ សុផល

ភ្នំពេញ៖ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានបន្តបញ្ជាឱ្យ លោក សុខ បញ្ញា នាយរងផ្នែកសន្តិសុខខណ្ឌ ដឹកនាំកម្លាំង សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស

បន្តបើកប្រតិបត្តិការស្រាវជ្រាវ រហូតតាមចាប់ក្រុមបក្ខពួកចោរប្លន់ យកម៉ូតូនៅសង្កាត់កន្ទោក និងមេក្លោងទទួលទិញផលចោរកម្ម​ ដែលនៅសេសសល់២នាក់ទៀតនោះ ពេលនេះចាប់បានម្នាក់ទៀតហើយ សរុបឡើងដល់ ១០នាក់ ខណៈបក្ខពួកនៅសល់តែម្នាក់ទៀតកំពុងរត់គេចខ្លួន។

ប្រតិបត្តិការតាមប្រម៉ាញ់ក្រុមចោរប្លន់ខាងលើនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ចំណុចភូមិត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

លោក យឹម សារ៉ាន់ បានឱ្យដឹងថា ក្រុមបក្ខពួកចោរប្លន់ដែលបង្ក្រាបបានបន្ថែមម្នាក់ទៀតនៅពេលនេះ ឈ្មោះ ធឿន ម៉ានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិត្រពាំងអញ្ជាញ១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
និងបក្ខពួក០២នាក់ ឃាត់ខ្លួននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានទី១-ឈ្មោះ ផូក ចិត្ត អាយុ១៨ ឆ្នាំមុខរបរបិតតែមម៉ូតូ និងទី២-ឈ្មោះ ហែម ឌីណា អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាម្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ក្រុមចោរប្លន់ និងទទួលផលចោរកម្មមួយសំបុកធំចំនួន០៧នាក់ ដែលធ្លាប់ធ្វើសកម្មភាពកាប់ វាយប្លន់យកម៉ូតូ ក្នុងនោះមានម្នាក់ ជាមេក្លោងទទួលផលចោរកម្ម និងរៀបចំគំរោងធ្វើ សកម្មភាពទាំងអស់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការចុះបង្ក្រាបជាបន្តបន្ទាប់ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ ការបង្ក្រាបនេះបានកើតឡើង បន្ទាប់​ពីជនសង្ស័យបានកាប់ វាយប្លន់យកម៉ូតូស្កុបពីមួយគ្រឿង កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រហូតដល់វេលាម៉ោង១រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧នេះ កម្លាំងនគរបាលបានឈានដល់បើកប្រតិបត្តិការ ចុះបង្ក្រាបចាប់ជនសង្ស័យប្លន់ បានទាំងសម្បុកនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងចុះទៅដល់កន្លែងទទួលផលចោរកម្ម នៅផ្ទះជាងជួសជុលទិញ លក់ម៉ូតូ តាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ត្រពាំងក្រសាំង ដោយរកឃើញម៉ូតូជាច្រើនគ្រឿង មិនប្រក្រតី។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ជនសង្ស័យ និងជនពាក់ព័ន្ធទាំង៧នាក់ ដែលត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួននោះរួមមាន៖
ទី១៖ ឈ្មោះ ហួន វិចិត្រ អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ និងទិញលក់ម៉ូតូជាប់ពាក់ព័ន្ធទទួលផលចោរកម្ម
ទី២៖ ឈ្មោះ ផល ចារ៉ាន់ អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ តាឥន្ទ សង្កាត់ស្នោ
ទី៣៖ ឈ្មោះ វ៉ាន់ សុខនីត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំភូមិសាមគ្គី៥ សង្កាត់ត្រពាំងក្រសាំង
ទី៤៖ ឈ្មោះ អេង លីហុ័ង អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្រែអំពិល សង្កាត់សំរោងក្រោម
ទី៥៖ ឈ្មោះ ប៊ុត ជាលីនុ អាយុ១៧ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង
ទី៦៖ ឈ្មោះ ភាព មករា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្រែតេជ្ជៈ សង្កាត់សំរោងក្រោម
ទី៧៖ ឈ្មោះ លី សុគន្ធបញ្ញា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះលើកចុងក្រោយឈ្មោះ ឈាង ផាន្នី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្រាប់ម៉ូតូដែលក្រុមជនសង្ស័យវាយប្លន់ យកកាលពីវេលាម៉ោង៩៖១០នាទីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិព្រៃបឹង សង្កាត់កន្ទោក ម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-9384 ត្រូវបានរកឃើញនៅផ្ទះទទួលបញ្ចាំ ទិញលក់ខាងលើ តែត្រូវបានម្ចាស់ផ្ទះ ដោះគ្រឿងបំបែកចេញអស់ សល់តែតួឆ្អឹងប៉ុណ្ណោះ។

លោក យឹម សារ៉ាន់ បានបន្តទៀតថា ក្រោយពីស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់សកម្មក្នុងមូលដ្ឋាន ហើយឈានដល់ឃាត់ខ្លួនអ្នកទទួលផលចោរកម្ម និងឆែកឆេរផ្ទះ ក៏រកឃើញផ្ទះចំនួន៤កន្លែង ស្តុក ទុកម៉ូតូ ចម្រុះ មានទាំងម៉ូតូបញ្ចាំ ម៉ូតូ ទិញពីក្រុមចោរលួច ចោរប្លន់ ជាច្រើនគ្រឿង ក្រោមការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំដោយកម្លាំង ចុះឆែកត្រួតពិនិត្យ ផ្ទះទាំង៤ រកឃើញទាំងសម្ភារ គ្រឿង សម្រាប់ផ្លាស់ប្តូ កែច្នៃបំភ័ណ្ឌម៉ូតូទៀតផង។

សម្រាប់ជនសង្ស័យពាក់ព័ន្ធចុងក្រោយនេះ ត្រូវបានសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌពោធិ៍ សែនជ័យ ដើម្បីបន្តស្រាវជ្រាវរកម្ចាស់ និងសាកសួរជនសង្ស័យ ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់៕

https://www.facebook.com/1457832554474937/videos/2024376197820567/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ