ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ កសាងផ្លូវឱ្យបានរឹងមាំស្របតាមចំនួនយានយន្តកើនឡើង និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ

5 ខែ មុន 160 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧

នៅ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាលើកកម្រិត និងថែទាំផ្លូវជាតិលេខ៧ ប្រវែង១០៧ គីឡូម៉ែត្រទៅជាកម្រាល ACរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Guangdong Provincial Changda Highway Engineeting Co.Ltd ក្រោមឥណទានសម្បទានធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងធនាគារ ពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុនម៉ៅការសាងសង់ផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនចាប់ផ្តើមពិធីចុះហត្ថលេខាលើកិច្ចសន្យានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគម្រោងជួសជុល ស្តារ និងលើកកម្ពស់គុណភាពផ្លូវពីប្រភេទDBST ទៅជាប្រភេទផ្លូវAC (ក្រាលកៅស៊ូ) ដូចជាគម្រោងផ្លូវជាតិលេខបី ពី រង្វង់មូលចោមចៅដល់ខេត្តកំពត គម្រោងផ្លូវលេខ១១ពីអ្នកលឿងដល់ថ្នល់ទទឹង គម្រោងផ្លូវក្រវាត់ក្រុងទីពីរ និងគម្រោងផ្លូវក្រវាត់ក្រុងទីបី ស្របតាមកំណើនយានយន្ត និងការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីចំណាត់ការចំពោះក្រុមហ៊ុន ទទួលម៉ៅការសាងសង់ណាដែលបានសាងសង់ផ្លូវគ្មានគុណភាពរឹងមាំដើម្បីធានាដល់ការប្រើប្រាស់ជាប់បានយូរ និងបានកត់សម្គាល់ថា៖ ដើម្បីធានាឱ្យការប្រើប្រាស់ជាប់បានយូរ យើង ត្រូវកសាងផ្លូវឱ្យមានគុណភាពរឹងមាំស្របតាមលក្ខណៈបច្ចេកទេស ទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ដែលជាកត្តាមួយក្នុងចំណោមកត្តាជាច្រើនធ្វើឱ្យខូចខាតផ្លូវថ្នល់ និងត្រូវមានការចូលរួមថែទាំពីប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងផងដែរអំពីការចូលរួមពីវិស័យឯកជនក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិតក្នុងទម្រង់ ជាBOT (កសាង ប្រតិបត្តិ ផ្ទេរ) ដែលអង្គការJICAបានបញ្ចប់ការសិក្សារបស់ខ្លួនរួចរាល់ និងការកសាងកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ។

ក្រោយពីបានចុះហត្ថលេខាលើកិច្ចសន្យា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារពិភពលោក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងជ្រើសរើសក្រុមហ៊ុនសាងសង់ ជួសជុលផ្លូវជាតិលេខ៧នេះ និងបានជំរុញ ឱ្យក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវប្រកបដោយគុណភាពស្របតាមបទដ្ឋានបច្ចេកទេសសាងសង់ ឱ្យបានចប់តាមផែនការកំណត់ និងបានស្នើឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស របស់ក្រសួងឱ្យចេះពីរបៀបសាងសង់ផ្លូវបានរឹងមាំ និងជាឱកាសសម្រាប់មន្ត្រីបានរៀនសូត្រពី ក្រុមហ៊ុនបរទេសដែលមានបច្ចេកទេសខ្ពស់ក្នុងការកសាងផ្លូវផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ