ព្រឹតិ្តការណ៍ថ្មីៗ

គម្រោងស្រូវសង្រ្គោះសត្វព្រៃគាំទ្រជីវភាពសហគមន៍នៃតំបន់ការពារធម្មជាតិនៅខេត្តស្ទឹងត្រែង

7 ខែ មុន 112 តូ សុផល

ខេត្តស្ទឹងត្រែង៖ នៅថ្ងេពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលជាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧

កសិករនៅភូមិខិះស្វាយ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមគ្នាអភិរក្សត្រយ៉ងយក្ស ដែលជាសត្វស្លាបតំណាងឲ្យប្រទេសកម្ពុជា ព្រមទាំងការពារព្រៃឈើជាទីជម្រក របស់វានៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច បន្ទាប់ពីពួកគាត់លក់ស្រូវរបស់ខ្លួនក្នុងតម្លៃមួយខ្ពស់ឲ្យទៅគម្រោងIbis Rice ដែលមានគោលដៅបង្កើនប្រាក់ចំណូលជូនសហគមន៍ ព្រមទាំងចូលរួមចំណែកកាត់បន្ថយកង្វះខាតសន្តិសុខស្បៀងអាហារ។ ជាការតបស្នង ប្រជាសហគមន៍ទាំងអស់នោះ នឹងត្រូវគោរពតាមគោលការណ៍មានចែងនៅក្នុងការគ្រប់គ្រងដែនជម្រកសត្វព្រៃផងដែរ។
លោក ទី ស៊្រុន ប្រធានផ្នែកគ្រប់គ្រងប្រចាំតំបន់សៀមប៉ាងរបស់អង្គការជិវិតសត្វស្លាបអន្តរជាតិ បាននិយាយថា៖ “នេះគឺជាឆ្នាំទី០១ដែលយើងអនុវត្តគម្រោងបង្កើនជីវភាពនេះនៅក្នុងស្រុកសៀមប៉ាង ហើយយើងបានសាកល្បងអនុវត្តមុនគេនៅភូមិខិះស្វាយដោយមានកសិករចំនួន៤៣គ្រួសារបានចូលរួម។ យើងមានទំនុកចិត្តយ៉ាងខ្ពស់ថាក្រោយពេលដែលអ្នកភូមិផ្សេងទៀតបានមើលឃើញអំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយគម្រោងIbis Rice នេះ ពួកគាត់នឹងសម្រចចិត្តចូលរួមជាមួយគម្រោងកាន់តែច្រើនឡើង។

 “ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាសមាជិករបស់គម្រោងIbis Rice។ គម្រោងបានលើកទឹកចិត្តឲ្យខ្ញុំ និងអ្នកភូមិការពារសត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ និងបញ្ឈប់ការប្រើប្រាស់ជីគីមី។ សំខាន់ជាងនេះ គម្រោង Ibis Rice បានជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងភូមិពីព្រោះពួកយើងអាចលក់ស្រូវទៅឲ្យគម្រោងក្នុងតម្លៃខ្ពស់ជាងទីផ្សារ។”

អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចំាកម្ពុជា តាមរយៈថវិកាគាំទ្រពី Darwin Initiative និង មូលនិធិ MacArthur Foundation កំពុងធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដើម្បីការពារដែនជម្រកសត្វព្រៃក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលមានទំហំផ្ទៃដី១៥០.០០០ហិកតា។ ដែនជម្រកសត្វព្រៃនេះ គាំទ្រដល់ការរស់នៅរបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជជាច្រើនប្រភេទដែលក្នុងនោះរួមសត្វត្រយ៉ងយក្សដែលប្រមាណជា២០ភាគរយនៃចំនួនវាទាំងអស់នៅលើសាកលលោក និងប្រមាណ៥០ភាគរយនៃសត្វត្រយ៉ងចង្កំកសទាំងអស់នៅលើសាកលលោក។ បច្ចុប្បននេះត្រយ៉ងទាំងពីរប្រភេទ មានវត្តមាននៅតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ការទន្ទ្រានយកដីព្រៃ ព្រមទាំងការបរបាញ់ និងការកាប់ព្រៃឈើខុសច្បាប់ កំពុងតែគំរាមកំហែងដល់តំបន់ការពារ និងសត្វព្រៃរស់នៅក្នុងតំបន់នេះផងដែរ។

សូមបញ្ជាក់ថា អង្គការជីវិតសត្វស្លាបអន្តរជាតិ បានស្វែងរកសកម្មភាពដែលអាចរួមចំណែកដល់ការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ និងស្ថារសន្តិសុខស្បៀងដល់ប្រជាកសិកររស់នៅក្រៅតំបន់ការពារ ដែលអាចជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យចូលរួមការពារ កុំឲ្យមានការទន្ទ្រានយកដីព្រៃ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ចេញពីសកម្មភាពមនុស្សដូចជាការបរបាញ់សត្វព្រៃជាដើម។ ជាដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ អង្គការជីវិតសត្វស្លាបអន្តរជាតិបានធ្វើការជាដៃគូជាមួយគម្រោងIbis Rice និងអង្គការWCS ដើម្បីអនុវត្តកម្មវិធបង្កើនជីវិភាពមួយដែលបាននិងកំពុងតែទទួលបានជោគជ័យរួចទៅហើយក្នុងខេត្តព្រះវិហារ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ