ព្រឹតិ្តការណ៍ថ្មីៗ

នាយករដ្ឋមន្ត្រី​ជប៉ុនបានជំរុញ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ​៣%​ដល់​បុគ្គលិក

7 ខែ មុន 125 tnn_admin

អន្តរជាតិ៖ នាយក​រដ្ឋមន្ត្រីជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ បានជំរុញ​ក្រុមហ៊ុន​សហគ្រាស​ជប៉ុន​ទូទាំង​ប្រទេស​ទាំ​ងអស់​ឱ្យ​ដំឡើង​ប្រាក់បៀរវត្ស៣%ឬ​ច្រើន​ជាង​នេះ​ក៏​បាន ដល់​បុគ្គលិក នៅ​ឆ្នាំ​ក្រោយ​​។ នេះ​ជា​សេចក្តី​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ដែល​ចង់​ឱ្យ​ក្រុមហ៊ុន​សហគ្រាសប្រឹង​ប្រែង​​​ចូល​ចំណែក​ជា​ថ្មី​ទៀត ជួយស្រោចស្រង់​ប្រទេស​ឱ្យ​សម្រេច​កម្មវត្ថុ​ដើរ​ចេញ​ផុត​ពី​វិបត្តិ​បរិត្តផរណា។ វិបត្តិ​ផរណា​ដែល​បាន​ញាំញី​និង​ អូសបន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​មកហើយ។

សេដ្ឋកិច្ចជប៉ុន​កំពុងប្រែពណ៌ ​មាន​សញ្ញាវិជ្ជមាន​ច្រើន​ គួរ​ឱ្យ​ភ្ញាក់ផ្អើល ៖ អត្រា​អ្នក​ឥត​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​ដល់​កំរិត​ទាប​បំផុត ២,៧% ចំណែក​សកម្មភាព​ចាយ​វាយ​របស់​ពលរដ្ឋ​​បាន​ស្ទុះ​ឡើង​ខ្លាំង អតិផរណាបាន​ចាប់​កំរើក​យ៉ាង​លឿន ហួស​ពី​ការ​គ្រោង​ទុក។ ប៉ុន្តែ​ ធនាគារ​ជាតិ​ជប៉ុន​មិន​ទាន់​ស្រែកជ័យឃោស​បាន​នៅ​ឡើយ​ទេ ព្រោះ​ដំណើរ​ផ្លូវ​នៅ​វែង​ឆ្ងាយ​ទៀត ដោយ​ចាំ​បាច់​ត្រូវ​ដោះស្រាយ មាន​អាទិ៍​​បញ្ហា​ប្រាក់​ខែ​មួយ​ទៀត។

“យើង​ត្រូវ​ពង្រឹង​និង​ពង្រីកវដ្ត​សេដ្ឋកិច្ច​វិជ្ជមាន​របស់​ជប៉ុនបន្ថែម​ទៀត នៅ​ឆ្នាំ​ក្រោយ ដើម្បី​នាំ​ប្រទេសដើរ​ចេញ​ពី​វិបត្តិបរិត្តផរណា ​ដែលជា​កម្មវត្ថុ​ប៉ង​ប្រាថ្នា​តាំង​ពីជា​ច្រើន​ឆ្នាំ​មក​ហើយ » ! ហេតុដូច្នេះ​ បាន​ជា​រដ្ឋាភិបាលសុំ​ស្នើ​ឱ្យក្រុមហ៊ុន​សហគ្រាសជប៉ុន​ទាំង​អស់ ដំឡើង​ប្រាក់​ខែ​ជូន​បុគ្គិលិក ឱ្យ​បាន​៣% ឬ​ច្រើន​ជាង​នេះ​ក៏​កាន់​តែ​ប្រសើរ ! នេះ​ជា​ប្រសាសន៍​របស់​លោក ស្ហ៊ីនហ្សូ អាបេ ទៅ​កាន់​អង្គប្រជុំ​សហព័ន្ធ​និយោជកជប៉ុន។

កាលពីពីរ​សប្តាហ៍​មុន រដ្ឋាភិបាល​ចម្រុះ​របស់​លោក អាបេ បាន​អនុម័ត​រួច​មក​ហើយ​គម្រោង​បញ្ចុះ​ពន្ធលើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន ​ពី​៣០​មក​២០% ជា​ថ្នូ​រនឹង​ការ​ដំឡើង​ប្រាក់​បៀរវត្ស និងការ​វិនិយោគ។

បើ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​សហគ្រាសធំៗ​ជប៉ុន តែង​តែ​ដំឡើង​ប្រាក់​ខែ​ ក្នុង​មួយ​ឆ្នាំៗ​ចំនួន ២% គិត​ចាប់​ពី​ឆ្នាំ២០១៤មក។ ហើយ​បើ​ចាប់​ពី​ថ្ងៃទី ១​មេសា ឆ្នាំ​២០១៨ ការ​ដំឡើង​ប្រាក់​ខែ​ឡើង​ដល់​ឬ​ច្រើន​ជាង​៣%​ ​នោះ​ធនាគារ​ជាតិជប៉ុន​នឹង​អាច​សម្រេច​កម្មវត្ថុ​ មាន​អតិផរណា ២%។

ប៉ុន្តែ​បើ​តាម​ប្រធានធនាគារ​ជាតិ ក្រុម​និយោជក​ជប៉ុន ហាក់​ដូច​ជា​មិន​សូវ​អើពើ​នឹង​សេចក្តី​អំពាវនាវ​របស់​រដ្ឋាភិបាលសុំ​ដំឡើង​ប្រាក់​បៀរវត្ស​បុគ្គលិក​ឡើយ។ ក្រុមហ៊ុន​សហគ្រាស​មាន​ទម្លាប់ ជាង​១៥​ឆ្នាំ​មក ​គិត​គូរ​ផ្តល់អាទិភាព​ដល់​សន្តិសុខ​ការងារ​ច្រើន​ជាង​ប្រាក់​ខែ។ ម្យ៉ាង​វិញ​ទៀត ជប៉ុន​ហាក់​បាន​ដើរ​ចេញ​ពី​វិបត្តិ​បរិត្តផរណា បាតុភូត​ដែល​ទំនិញ​ធ្លាក់​ថ្លៃ​​រយៈ​ពេល​អូសបន្លាយ​វែង យូរ​មក​ហើយ។ នេះ​បើ​តាម​ប្រធានធនាគារ​ជាតិ​ជប៉ុន​ដដែល។ នៅក្នុង​សុន្ទរកថា​ ​ប្រធាន​សហព័ន្ធ​និយោជក បាន​សង្កត់​ធ្ងន់​តែ​លើ​ភាព​ចាំបាច់​របស់​ប្រទេស​ក្នុង​ការ​លើក​ស្ទួយ​គណនី​សាធារណៈ គ្មាន​ប៉ះពាល់​សោះ​ដល់​បញ្ហា​ប្រាក់ខែបុគ្គលិក៕

បន្ថែមយោបល់របស់អ្នក

យោបល់