ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីជំនាញធំៗឆ្លើយថាមិនដឹងយករួចខ្លួន​ ករណីឈ្មួញឈើរកស៊ីខុសច្បាប់ នៅចំណ្តាលក្រុងដូនកែវ 

7 ខែ មុន 4669 តូ សុផល

ខេត្តតាកែវ៖ ជារឿងមួយគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តសម្រាប់អ្នកខេត្តតាកែវ ខណៈដែលខេត្តមួយនេះ ជាខេត្តដែលគ្មានព្រៃឈើធំៗ តែបែរជាកើតមានបទល្មើសព្រៃឈើនៅកណ្តាលក្រុង និងមានមន្ត្រីនគរបាលជាន់ខ្ពស់ក្នុងខេត្តជាអ្នករកស៊ីបទល្មើសនេះទៅវិញ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ ឃ្លាំងឈើមួយកន្លែងដែលនៅភូមិ ប្រហូត សង្កាត់ រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កំពុងតែរៀបចំស្ទូចឈើត្រៀមនឹងដឹកចេញទៅលក់បន្តឲ្យឈ្មួញម្ខាងទៀត ។ សកម្មភាពនៃការដឹកឈើចូល និងចេញគឺឈ្មូញធ្វើសកម្មភាពស្ទើរតែរាល់ថ្ងៃ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅម្តុំនោះ ដឹងស្ទើគ្រប់គ្នាថាជាឃ្លាំងស្តុកឈើ តែអ្វីដែលនឹកស្មានមិនដល់នោះ និងគួរឲ្យអស់សំណើចនោះ គឺឃ្លាំងឈើខុសច្បាប់កណ្តាលក្រុងនេះ អាជ្ញាធរធំៗនៅក្នុងខេត្តឆ្លើយថាមិនដឹងគ្រប់ៗគ្នា ហាក់បីដូចជាឈ្មួញឈើនេះ ទើបមករកស៊ីពីម្សិលមិញអញ្ចឹង។ នៅមុខឃ្លាំងស្តុកឈើនោះ មានដាក់បញ្ឈររថយន្តស្លាកលេខណគរបាលនៅពីមុខ ដែលប្រភពអះអាងថា ជារថយន្តរបស់មន្ត្រីនគរបាលខ្នងក្រាស់ម្នាក់នៅក្នុងជួរនគរបាលខេត្ត។

នៅព្រឹកនេះផងដែរ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ភ្នាក់ងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដែលប្រជាពលរដ្ឋរាយការណ៍ ក៏ឃើញសកម្មភាពកំពុងស្ទូចឈើមែន ភ្លាមនោះអ្នកសារព័ត៌មានបានទាក់ទងទៅលោក ស៊ឹម ឡាប៉ាំង នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តតាកែវ លោកបានប្រាប់តាមទូរស័ព្ទថា រឿងឃ្លាំងឈើនេះ លោកមិនបានដឹងទេ លោកនឹងចាត់កម្លាំងចុះទៅពិនិត្យ តែចុងក្រោយមិនឃើញសូម្បីស្រមោលមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់។


ចំណែកឯ លោក សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកក៏ឆ្លើយថាមិនដឹងដែរ ហើយលោកបានប្រាប់ថា ឲ្យសួរមេបញ្ជាការកងរាជអាវុធហត្ថទៅបានដឹង ។

ករណីនេះភ្នាងារសារព័ត៌មានបានទាក់ទងទៅលោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានឲ្យដឹងតាមទូរស័ព្ទថា ទាក់ទិននឹងករណីនេះមានតែនាយខ័ណ្ឌរដ្ឋបាលព្រៃឈើទេបានដឹង ចំណែកខាងកងរាជអាវុធហត្ថលោកមិនដឹងទេ។ លោកបានបន្តថាកម្លាំងលោកគ្រាន់តែជាអាជ្ញាធរ ដែលស្ថិតក្រោមបញ្ជារបស់គណៈបញ្ជាការខេត្តតែប៉ុណ្ណោះ ហើយលោកបានបន្ថែមទៀតថា បញ្ហាបទល្មើលព្រៃឈើមានតែរដ្ឋបាលព្រៃឈើទេ ដែលមានសមត្ថកិច្ចបង្ក្រាប ឬអាចឃុបឃិតគ្នាជាមួយឈ្មួញ ហេតុអ្វីត្រូវឆ្លើយថាមិនដឹង លោកបានប្រាប់ទៀតថា ចាំលោកទាក់ទងទូរស័ព្ទទៅសួរសិន។

ចំណែកលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្រោយពេលអ្នកសារព័ត៌មានខលចូល និងរាយការណ៍ជូន លោកថា លោកកំពុងជាប់រវល់។

ភ្នាក់ងារសារព័ត៌មានក៏បានទំនាក់ទំនងទៅលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ តែទូរស័ព្ទខលចូលគ្មានអ្នកទទួល។

សូមបញ្ជាក់ថា ករណីឈើខុសច្បាប់នេះមន្ត្រីនគរបាលម្នាក់នៅស្នងការ ដ្ឋានខេត្តសូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ឲ្យដឹងថា ឃ្លាំងឈើនេះជារបស់នគរម្នាក់ទៀតដែលមានសក្តិធំហើយខ្នងក្រាស់នៅក្នុងខេត្ត ដូច្នេះហើយគ្មានអ្នកណាឆ្លើយថាដឹងទេ បើទោះជាដឹងក៏ធ្វើមិនដឹងដែរ។

ជាក់ស្តែងអ្នកសារព័ត៌មានបានរាយការណ៍ទៅគណៈបញ្ជាការធំៗនៅក្នុងខេត្ត និងមន្ត្រីជំនាញ តែចុងក្រោយមិនមានមន្ត្រីជំនាញណាចុះមកពិនិត្យឡើយ នេះសបញ្ជាក់ឲ្យឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺមិនខុសឡើយ។ ប្រភពបានបន្ថែមថា ទំនងជាឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធផងក៏មិនដឹង ទើបរុញដាក់គ្នាយ៉ាងដូច្នេះ៕ ប្រភព៖ San Prum

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ