ព្រឹតិ្តការណ៍ថ្មីៗ

តើអ្នកឆ្លងឆ្នាំនៅឯណា?

9 ខែ មុន 120 តូ សុផល

តើអ្នកឆ្លងឆ្នាំនៅឯណា? យុវជនមួយក្រុមទៅឆ្លងឆ្នាំនៅមណ្ឌលគិរីលំហែរកាយនៅតំបន់ធម្មជាតិ

«ពេលដើរលេងនៅតំបន់ធម្មជាតិច្រើន ទើបដឹងថាស្រុកខ្មែរស្រស់បំព្រងជាងមុន»

ក្រុមហ៊ុនAnnusa Event Planner នឹងរៀបចំបោះតង់នៅមណ្ឌលគិរីដែលមានរយៈពេលបីថ្ងៃ២យប់ចាប់ពីថ្ងៃ ៣០ខែធ្នូរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។ ជាការបោះតង់បែបលក្ខណៈទូលាយដែលយុវជនចូលរួមទាំងអស់អាចស្រូបអាកាសធាតុត្រជាក់នៅលើកំពូលភ្នំនានិទាឃរដូវ ការកំសាន្តតាមដងព្រៃ សំដៅទឹកជ្រោះ ឈាងចូលភូមិជនជាតិដើមភាគតិចស្គាល់ពីវប្បធម៌ជនប្រពៃណីរបស់បងប្អូនខ្មែរលើ មើលថ្ងៃលិចលើខ្នងព្រៃ មើលថ្ងៃរះពីលើកំពូលភ្នំ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុនAnnusa Event Planner បានឱ្យដឹងថា ការទៅបោះតង់នៅមណ្ឌលគិរីនេះ មិនមែនជាលើកទី១នោះទេសម្រាប់ក្រុមលោកស្របពេលដែលនិន្នាការនៃការកំសាន្តរបស់យុវជនតាមតំបន់ធម្មជាតិបានកើនឡើង។ លោកបន្តថា ការជ្រើសរើសខេត្តមណ្ឌលគិរីនេះ គឺដោយសារតែសក្តានុពលខេត្តមានភាពទាក់ទាញទាំងវប្បធម៌ និងធម្មជាតិ។ មណ្ឌលគិរីមានទឹកជ្រោះស្រស់ស្អាត មានសមុទ្រឈើដាច់កន្ទុយភ្នែក និងវប្បធម៌បងប្អូនខ្មែរជនជាតិដើមភាគតិចដែលបាននិងកំពុងរងចាំសម្តែងជូនភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។

បើតាមអ្នកជំនាញរៀបចំបោះតង់ តំបន់ធម្មជាតិគឺកំពុងជាទីចំណាប់អារម្មណ៍ពីក្រុមយុវជនសម្រាប់ដើរកំសាន្ត ឬសម្រាកលំហែរកាយ ទន្ទឹមនឹងតំបន់ធម្មជាតិ ត្រូវបានបង្កើតឡើងជាច្រើន និងជាបន្តបន្ទាប់។ សូមរំលឹកថា កម្ពុជាមានព្រៃធម្មជាតិប្រមាណ ៤១%នៃផ្ទៃដីប្រទេស ខណៈដែលតំបន់ការពារធម្មជាតិ និងអភរិក្សមានរហូតទៅដល់៧,៥លានហិកតាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។

លោក សេង ពិសិដ្ឋថា៖ “យុវជនកម្ពុជាបច្ចុប្បន្ន ស្រឡាញ់ការដើរលេងក្នុងតំបន់ធម្មជាតិច្រើនជាងមុន សម្រាកជាក្រុមធ្វើការងារជាក្រុម ទាញទូរស័ព្ទផ្តិតរូបភាពទេសភាពប្លែកៗស្អាតៗចែករំលែកដល់មិត្តភក្តិបងប្អូន ហៅគ្នីគ្នាទៅកំសាន្តជាដើមដែលជានិន្នាការថ្មីគួរឱ្យកត់សម្គាល់”។

“គិតមកទល់នឹងពេលនេះ ពលរដ្ឋកម្ពុជាជាពិសេសយុវជន បានដឹងថាស្រុកខ្មែរស្អាតជាងមុន ស្រស់បំព្រងជាងមុន”។ នេះបើតាមការបញ្ជាក់ពីលោក សេង ពិសិដ្ឋដដែល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ