ព្រឹតិ្តការណ៍ថ្មីៗ

ឥឡូវនេះលោកអ្នកអាចឆៀករថយន្ត នៅមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណបច្ចេកទេសថ្មី ជ្រោយចង្វារ

9 ខែ មុន 532 តូ សុផល

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) ដែលដែលមានអាស័យដ្ឋាន ផ្ទះលេខ ២៩១ ផ្លូវជាតិលេខ ៦ អា ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន CMVIC ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណង នៃការបង្កើតមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត សាខាថ្មីនេះ គឺដើម្បីពង្រីកនិងបង្ខិតសេវាសាធារណៈឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។ ប្រជាពលរដ្ឋដែលរស់នៅខណ្ឌច្បារអំពៅនិងខណ្ឌដែលនៅជាប់អាចយកយានយន្តរបស់ខ្លូន មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅទីតាំងថ្មីនេះបាន។

ទីតាំងថ្មីនេះមានទំហំប្រមាណ៥ពាន់ម៉ែត្រការ៉េ ដែលបានចាប់ផ្តើមសាងសង់នៅដើមខែមិថុនាឆ្នាំ២០១៧នេះ។ មណ្ឌលបំពាក់ឧបករណ៍ត្រួតពិនិត្យលក្ខណៈបច្ចេកទេសទំនើប២ខ្សែ ផលិតនៅប្រទេសចិន ឆ្នាំ២០១៧ ដែលខ្សែនីមួយៗមានឧបករណ៍វាស់ផ្សែងសាំង ឧបករណ៍វាស់ផ្សែងម៉ាស៊ូត ឧបករណ៍វាស់ល្បឿន រណ្តៅមើលបាតយាន ឧបករណ៍វាស់ភ្លើង ហ្វាកូត ឧបករណ៍វាស់ស៊ីផ្លេ ឧបករណ៍វាស់លំងាកចង្កូត ឧបករណ៍ថ្លឹងទម្ងន់ និងឧបករណ៍វាស់កម្លាំងហ្វ្រាំង។ ខ្សែនីមួយៗអាចឆៀករថយន្តបានជាមធ្យម៩៥គ្រឿង ក្នុងរយៈពេល៨ម៉ោង ឬត្រូវចំណាយពេល៥នាទីក្នុងរថយន្ត១ៗគ្រឿង បើកកាត់ឧបករណ៍ត្រួតពិនិត្យប្រវែង៥០ម៉ែត្រ។

ក្រុមហ៊ុនមានគ្រូបង្គោលបណ្តុះបណ្តាលបុគ្គលិកគ្រប់ផ្នែកឲ្យមានវិជ្ជាជីវៈត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។ បុគ្គលិកម្នាក់ៗត្រូវទទួលការបណ្តុះបណ្តាល ពី៣ខែ ទៅ៦ខែ ទើបអាចក្លាយជាអ្នកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានបាន។ ទន្ទឹមនឹងការអប់រំបច្ចេកទេស យើងអប់រំលើផ្នែកសីលធ៌ម ក៏ជាកត្តាចម្បងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរដល់ក្រុមហ៊ុនCMVIC ដែលបាននិងកំពុងបន្តពង្រីកបន្ថែមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកាត់បន្ថយពេលវេលារង់ចាំទទួលសេវាយូរ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលសូមយកយានយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ដែលបណ្តាលមកពីបញ្ហាបច្ចេកទេសយានយន្តរបស់ខ្លួន និងបានស្នើឱ្យប្រជាពលរដ្ឋប្រើប្រព័ន្ធអនឡាញដើម្បីស្នើសុំឈៀកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត និងការស្នើសុំសេវាចាំបាច់ផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយក្រុមហ៊ុនឯកជននានាបង្កើតប្រព័ន្ធអនឡាញដើម្បីស្នើសុំសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការចុះបញ្ជីយានយន្ត ការចេញប័ណ្ណបើកបរ និងបានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធអនឡាញដើម្បីកាត់បន្ថយចំណាយក្រៅផ្លូវការ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើឱ្យមន្ត្រីដែលផ្តល់សេវាទាំងអស់ត្រូវតាំងខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ធ្វើឱ្យមានតម្លាភាព ធ្វើឱ្យមានប្រសិទ្ធភាព និងចំណាយពេលវេលាកាន់តិច។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋថា៖ ក្រសួងបានបង្កើតមណ្ឌលផ្តល់ព័ត៌មាន ដែលមានទីតាំងឋិតនៅក្នុងក្រសួង ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការស្វែងរកសេវាសាធារណៈ សម្រាប់បងប្អូនប្រជាជនតាមរយៈការហៅទូរសព្ទទៅកាន់លេខ (០១៥៩២៩០៩០) (០៨៥៩២៩០៩០) (០៦៧៩២៩០៩០) និងបានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំពឹងផ្អែកលើអ្នករត់ការដើម្បីដោះស្រាយបញ្ហាដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ។

សូមជម្រាបជូនថាក្រុមហ៊ុនCMVICបានចាប់ផ្តើមការត្រួតពិនិត្យយានយន្តតាំងពីឆ្នាំ ២០០០រហូតមកដល់ពេលនេះមានចំនួន១៤មណ្ឌល ព្រមទាំងមានម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័តចំនួន២គ្រឿងបន្ថែមដើម្បីការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្តរថយន្តនៅតាមបណ្តាខេត្តនានាដែលមិនទាន់មានមណ្ឌលត្រួតពិនិត្យលក្ខណះបច្ចេកទេសយានយន្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ