ព្រឹតិ្តការណ៍ថ្មីៗ

ពិធីសម្ពោធដាក់ឱ្យប្រតិបត្តិការសាខាការិយាល័យ  មណ្ឌលប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក

2 ខែ មុន 25 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខាភ្នំពេញ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រតិបត្តិការសាខាការិយាល័យ MTCC-Asia សិក្ខាសាលាថ្នាក់អនុតំបន់លើកទី១របស់ MTCC-Asia និងវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយសាកលវិទ្យាល័យសៀងហៃ (MTCC Asia) នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមការឧបត្ថមរបស់អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ ដែលមានតំណាងមកពីប្រទេសចំនួន៧ចូលរួម៖ កម្ពុជា ចិន វៀតណាម មីយ៉ានម៉ា ឥណ្ឌា ថៃ និងម៉ាឡេស៊ី។

ថ្លែងទៅកាន់អង្គពិធីនាពេលនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ការសម្ពោធដាក់ឱ្យប្រតិបត្តិការសាខាការិយាល័យ MTCC-Asia នៅកម្ពុជា គឺបានផ្ដល់អត្ថប្រយោជន៍យ៉ាងមហាសាលដល់ប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ី ក្នុងការលើកកម្ពស់បច្ចេកវិទ្យាដឹកជញ្ជូនតាមផ្លូវទឹកប្រកបដោយប្រសិទ្ធផល ពោលគឺការកាត់បន្ថយការបំពុលបរិយាកាសដោយឧស្ម័នកាបូនឌីអ៊ុកស៊ីដឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើតបទៅនឹងបម្រែប្រួលអាសធាតុសកល និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបស់វា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានប្ដេជ្ញាថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការយ៉ាងមុតមាំជាមួយនឹងសាខាការិយាល័យ MTCC-Asia ដើម្បីធានាឱ្យសម្រេចបាននូវគោលបំណងសម្រាប់មនុស្សជាតិដ៏ថ្លៃថ្លានេះ ព្រមទាំងសង្ឃឹមយ៉ាងកក់ក្ដៅថាសិក្ខាសាលានេះ នឹងផ្ដល់ឱកាសដល់សិក្ខាកាមមកពីប្រទេសក្នុងតំបន់អាស៊ីបានដោះដូរបទពិសោធន៍គ្នាទៅវិញទៅមកប្រកមដោយផ្លែផ្កាបំផុត។

ជាទីបញ្ចប់ឯកឧត្ដមទេសរដ្ឋមន្ត្រី តាងនាមឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ អង្គការនាវាចរណ៍សមុទ្រអន្តរជាតិ សហគមអឺរ៉ុប និងMTCC-Asia ដែលបានជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីប្រតិបត្តិការសាខាការិយាល័យរបស់ខ្លួន ព្រមទាំងជូនពរឱ្យសាខាការិយាល័យនេះទទួលបានជោគជ័យនូវគ្រប់បេសកកម្មរបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណយោគយល់គ្នា កាត់ខ្សែបូលដាក់ឱ្យប្រតិបត្តិការសាខាការិយាល័យ MTCC-Asia និងថតរូបជាអនុស្សាវរីយ៍ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ