ព្រឹតិ្តការណ៍ថ្មីៗ

ព័ត៌មានលម្អិត ៖ ការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស លើកទី២

10 ខែ មុន 164 តូ សុផល

ភ្នំពេញ៖ នាពេលព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហោផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសន្និបាតស្តីពី ´ ការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស លើកទី២´ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ រាជធានីភ្នំពេញ ដែលរៀបបានចំដោយ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ។

សន្និបាតស្តីនេះ រៀបចំឡើងដើម្បីជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីអ្នកអនុវត្តភារកិច្ចនៅឯមូលដ្ឋានបានជួបគ្នាដោយផ្ទាល់ នឹងបង្ហាញជូនអំពីលទ្ធផលការងារ បញ្ហាប្រឈម សំណូមពរ ជាពិសេសទទួលបានអនុសាសន៍ដឹកនាំបន្ត ដើម្បីជាត្រីវិស័យសំដៅអនុវត្តឱ្យបានសម្រេចនូវគោលដៅរួមរបស់អង្គភាព គឺជាការពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សណ្តាប់ ធ្នាប់សាធារណៈ កាត់បន្ថយបទល្មើស ពង្រឹងការគ្រប់គ្រងដឹកនាំដោយស្មារតីយកចិត្តទុក ដាក់ និងទទួលខុសត្រូវខ្ពស់តាមភារកិច្ចរៀងៗខ្លួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឡើងមានមតិស្វាគមន៍ ចំពោះវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងអង្គពិធី ព្រមទាំងវត្តមានភ្ញៀវជាតិ អន្តរជាតិ កងកម្លាំងទាំងអស់ដែលបានចូលរួម សរុប ចំនួន ២៥៩០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក៏បានឡើងអាននូវរបាយការណ៍ស្តីពីស្ថានភាព សកម្មភាព និងវឌ្ឍនភាពរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្នាក់ក្រោមជាតិ គោរពជូនសម្តេចក្រឡាហោម និងអង្គប្រជុំទាំងមូលជ្រាបជាព័ត៌មាន។

បន្ទាប់មក លោក ចន រ៉េននី ប្រធានគម្រោងCPIរបស់ប្រទេសអូស្ត្រាលី ឡើងមានចំណាប់អារម្មណ៍ ស្តីពីការងារនគរបាលនិងសហគមន៍ ដែលលោកបានសហការគ្នាជាមួយនគរបាលកម្ពុជាកន្លងមក គឺមានការសហការគ្នាបានល្អ នឹងទទួលបានជោគជ័យជាទីគាប់ប្រសើរ ហើយលោកក៏បានសន្យាថានិងខំពង្រឹងការសហការការងារនេះឱ្យកាន់តែមានភាពជិតស្និទ្ធ និងទទួលបានលទ្ធផលល្អដូចដែលមាននៅក្នុងគម្រោងរបស់ CPI។

ក្នុងពិធីនេះផងដែរ ក៏មានការប្រគល់មេដាយការងារថ្នាក់សំរិទ្ធជូនប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស ដែលមានស្នាដៃឆ្នើម ចំនួន២៥ប៉ុស្តិ៍ ។ ប្រគល់ប័ណ្ណសរសើរ ជានិមិត្តរូបជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អ ចំនួន២៥ប៉ុស្តិ៍ និងការប្រគល់ឧបករណ៍សម្ភារអប់រំផ្សព្វផ្សាយ ផែនទីឃុំ សង្កាត់ និងផែនទីក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសជូនអគ្គស្នងការនគរ បាលជាតិ ។

ជាចុងបញ្ចប់នៃកម្មវិធីសម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះសំណាល និងផ្តល់អនុសាសន៍ដឹកនាំល្អៗ ក្នុងឱកាសនៃសន្និបាត ស្តីពីការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស លើកទី២ ឆ្នាំ២០១៧ផងដែរ ដោយបានបញ្ជាក់ពីការគាំទ្រ និងលើកទឹកចិត្តឱ្យអគ្គស្នងការនគរបាលជាតិអនុវត្តការងារនគរបាលនិងសហគមន៍ ដោយសារគម្រោងនេះស្របទៅនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការបង្កើនប្រសិទ្ធភាពផ្តល់សេវា និងដោះស្រាយតាមសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យទាន់ពេលវេលា ព្រោះការងារនគរ បាលនិងសហគមន៍ គឺសំដៅដល់មធ្យោបាយដែលនគរបាលត្រូវអនុវត្ត ដោយមានការផ្សារភ្ជាប់ជាមួយសហគមន៍របស់ខ្លួន ដើម្បីធ្វើការកំណត់ និងរកដំណោះស្រាយបញ្ហាបទល្មើស និងសុវត្ថិភាពក្នុងមូលដ្ឋាន មិនតែប៉ុណ្ណោះត្រូវមានការសហការជាមួយអាជ្ញាធរនិងអ្នកពាក់ព័ន្ធផ្សេងៗក្នុងឃុំ សង្កាត់ ជាពិសេស ជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាពិនិត្យ និងវិភាគអំពីបញ្ហា ថាតើមានអ្វីដែលតែងតែបានកើតឡើង និងជាមូលហេតុនៃបញ្ហានៅក្នុងឃុំ សង្កាត់របស់ខ្លួនហើយរួមគ្នារិះរកវិធីដោះស្រាយបញ្ហា។

សម្តេចបានកើតសរសើរនូវចំណុចមួយ តាមខ្សែវីដេអូខ្លីដែលបានបង្ហាញមុននេះ គឺមេប៉ុស្តិ៍បានសហការគ្នាជាមួយប្រជាការពារភូមិរួមគ្នាធ្វើការ ការពារសន្តិសុខ បង្ក្រាបបទល្មើសផ្សេងៗក្នុងភូមិ នេះហើយជាការផ្សារភ្ជាប់រវាងអាជ្ញាធរមានសមត្ថកិច្ចទៅនិងប្រជាពលរដ្ឋ ដើម្បីរួមគិត រួមធ្វើ រួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។

បន្ទាប់មក សម្តេចបានថ្លែងអំណរគុណដល់គណៈចាត់តាំងកម្មវិធី ឯកឧត្តម លោកជំទាវ ដៃគូអង្គការជាតិ អន្តរជាតិ កងកម្លាំងទាំងអស់ដែលបានចូលរួម ពិសេស ប្រធានគម្រោង CPI និងជូនពរដល់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោក លោកស្រី ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ