ព្រឹតិ្តការណ៍ថ្មីៗ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានផ្តល់នូវអនុសាសន៍ ៥ចំណុច ដើម្បីឈានលុបបំបាត់អំពើហិង្សាលើកុមារនាពេលខាងមុខ

8 ខែ មុន 39 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ គ.ស. ២០១៧

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការសកម្មភាពដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ នៅកម្ពុជា (២០១៧-២០២១) នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចការពារកុមារលើគ្រប់វិស័យ និងបានកំណត់ថា “កុមារជាសសរទ្រូងនៃប្រទេសជាតិ”។ លោកជំទាវក៏បានរំលឹកឡើងអំពីសាររបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចេញផ្សាយតាមទំព័រហ្វេប៊ុករបស់សម្តេច កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ យើងចាំបានថា “៧ថ្ងៃក្នុង១អាទិត្យ” ចាប់ពីថ្ងៃ ១៧ មេសា ១៩៧៥-៦ មករា ១៩៧៩ គឺជាថ្ងៃដែលពលរដ្ឋខ្មែរគ្មានសិទ្ឋិសេរីភាពអ្វីទាំងអស់ រួមទាំងសិទ្ឋិរស់រានមានជីវិត និងសិទ្ឋិទទួលទានអាហារគ្រប់គ្រាន់។ តែថ្ងៃអាទិត្យ ទី ១០ ធ្នូនេះ គឺជាថ្ងៃនៃទិវាសិទ្ឋមនុស្សអន្តរជាតិដែលពលរដ្ឋទូទាំងពិភពលោកបានចូលរួមអបអរសាទរ។ ថ្ងៃ៧ មករា ១៩៧៩ គឺបាននាំមកវិញនូវសិទ្ឋិសេរីភាព និងវឌ្ឍនះភាពសម្រាប់ពលរដ្ឋកម្ពុជារហូតមកដល់សព្វថ្ងៃ។ តាមរយៈការផ្សព្វផ្សាយផែនការសកម្មភាពនាថ្ងៃនេះ កន្លងមកកម្ពុជាសម្រេចបាននូវផែនការសកម្មភាពមួយដែលមានលក្ខណៈជាក់លាក់ប្រាកដនិយម ដើម្បីបង្ការ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ក្នុងប្រទេសកម្ពុជាសម្រាប់ រយៈពេល ៥ឆ្នាំ គឺឆ្នាំ២០១៧-២០២១។ ផែនការនេះត្រូវបានអនុវត្តន៍ជាពហុវិស័យ ក្នុងគោលបំណងរួមគ្នា ចូលរួមចលនាសកលដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ដូចមានចែងនៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ២០៣០ និងផែនការសកម្មភាពតំបន់អាស៊ានឆ្នាំ២០១៥-២០២៥ ស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ។ ជាមួយគ្នានេះ ផែនការសម្មភាពនេះ ក៏មានសង្គតភាព (ភាពស្របគ្នា) ទៅនឹងក្របខណ្ឌសកលសម្រាប់ដោះស្រាយបញ្ហាអំពើហិង្សាលើកុមារហៅថា អ៊ីនស្ប៉ាយ (INSPIRE) ផងដែរ។
លោកជំទាវបានផ្តល់នូវអនុសាសន៍ ៥ចំណុច ដើម្បីឈានលុបបំបាត់អំពើហិង្សាលើកុមារ ដូចតទៅ៖
១. រៀបចំនិងដាក់បញ្ចូលផែនការសកម្មភាព ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ ទៅក្នុងផែនការតាមវិស័យ។
២. ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីលិខិតបទដ្ឋាន ផែនការជាតិ យុទ្ធសាស្រ្តជាតិ អនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែម និងលិខិតុបករណ៍អន្តរជាតិ ពាក់ព័ន្ធស្តីពីការការពារកុមារ ការកាត់បន្ថយអំពើហិង្សា ការកេងប្រវ័ញ្ចគ្រប់រូបភាព ការស្មុំកូនអន្តរប្រទេស។ល។
៣. ពង្រឹងប្រព័ន្ធទិន្នន័យកុមារ ពិនិត្យតាមដាន និងវាយតម្លៃលើស្ថានភាពកុមារ ផ្តល់សេវាសមស្របដល់កុមាររងគ្រោះ និងងាយរងគ្រោះ តាមរយៈការការពារ ទប់ស្កាត់ ស្តានីតិសម្បទា ការផ្តល់ជំនាញ និងការមិនរើសអើង ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
៤. លើកកម្ពស់ការបង្កើតកម្មវិធីកិច្ចគាំពារសង្គម និងផ្តល់សេវានានាដល់កុមារ ជាពិសេស កុមារដែលកំពុងធ្វើការងារប្រកបដោយគ្រោះថ្នាក់ អំពើហិង្សាលើកុមារ ដោយធានាថា ប្រព័ន្ធសន្តិសុខសង្គមបានទៅដល់ក្រុមកុមារដែលរងគ្រោះ និងងាយរងគ្រោះរួមមាន កុមារកំព្រា កុមារដែលរងគ្រោះដោយសារជំងឺអេដស៍ កុមារចំណាកស្រុក តាមរយៈការអនុវត្តកម្មវិធី ការផ្ទេរសាច់ប្រាក់ដោយមានលក្ខខណ្ឌ ដើម្បីលើកកម្ពស់ការគាំពារដល់កុមារ និងពង្រឹងការសិក្សារបស់កុមារ។
៥. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងតំបន់ និងអន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជនក្នុងគោលបំណងបង្កើនកម្លាំងចលករ ដើម្បីធានាសម្រេចបាននូវសូចនាករសំខាន់ៗ ដែលបានកំណត់នៅក្នុងផែនការសកម្មភាពនេះ ក៏ដូចចូលរូមចលនាសកលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ ឱ្យសម្រេចបានតាមគោលដៅសកល “គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” (SDGs)។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ