ព្រឹតិ្តការណ៍ថ្មីៗ

ល្បែងស៊ីសងពេញបន្ទុកក្នុង ខណ្ឌ៧មករា លោក លឹម សុភា ថាចាំចុះទៅមើល!

10 ខែ មុន 297 តូ សុផល

ភ្នំពេញ៖  បន្ទាប់ពីមានការចុះផ្សាយព័ត៌មានស្តីពីភាពរីកចំរើននៃល្បែងស៊ីសងគ្រប់ប្រភេទទូទាំង ខណ្ឌ៧មករាលោក លឹម សុភា អភិបាលខណ្ឌ៧មករា បានប្រាប់ TNN តាមរយៈ whatsapp ថា ចាំលោកចុះទៅមើល។  តែអភិបាលខណ្ឌ៧មករា រូបនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ថាតើចុះថ្ងៃខែ ឬឆ្នាំណានោះឡើយ។

បើយោងតាមសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា បណ្តាសង្កាត់ ក្នុងខណ្ឌ៧មករា មានភាពរីកចំរើនសម្បូរសប្បាយយ៉ាងខ្លាំងចំពោះទីតាំងល្បែងស៊ីសង ដូចជា ៖ ទីតាំងណេត២៤ម៉ោង និងកន្ទុយលេខ (ឆ្នោតយួន) ដែលអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ៧មករា ធ្វើព្រងើយផ្គើន​ប្រសាសន៍ថ្នាក់ដឹកនាំ រឿងមិនបង្រ្កាប។ 

ជាពិសេសរឿងមេកន្ទុយលេខវៀតណាម ដ៏ធំ២នាក់ ទី១ ឈ្មោះ(ចែលី) ទី២ឈ្មោះ (ដា) ដែលកំពុងតែបើក​ដំណើរការយ៉ាង​រលូន ដោយម្នាក់ៗ មានកូនកញ្ច្រែងជាច្រើន និងប្រើប្រាស់សុទ្ធតែប្រព័ន​កុំព្យូទ័រ ​ដើម្បីគិតលុយ និងផ្ញើឯកសារ ។

ប្រភពច្បាស់ការបានប្រាប់​  អោយដឹងថា ទីតាំងមេកន្ទុយលេខវៀតណាមដ៏ធំ ដែល​មានម្ចាស់ឈ្មោះ (ចែលី) មានទីតាំងស្ថិតនៅផ្លូវ១៦៤ ទល់មុខសាលាសុវណ្ណភូមិ សង្កាត់ផ្សារអូរ ឬស្សី៣ ទីតាំងទី២ អាគារទី៤ បុរីកីឡា ផ្ទះលក់ទឹកកក និងលក់ចាប់ផួយ ទីតាំងទី៣ ផ្ទះ លេខ១៤៦ E0z ផ្លូវ១២៨ ច្រកដៀងហែម សង្កាត់មនោរម្យ។ ម្ចាស់ទីតាំងឈ្មោះ ដា ដែល​មានទីតាំង ស្ថិតនៅច្រកដៀងហែម១៦៦ ក្បែរផ្សារអូរឬស្សី ក្នុងសង្កាត់​អូរ​ឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំង កន្ទុយលេខធំៗខាងលើនោះ បានប្រាប់បន្តអោយដឹងថា ទឹកដីខ​ណ្ឌ៧មករា ជាសំបុកល្បែងកន្ទុយលេខ ហើយមួយកន្លែងៗ គឺបើកលក្ខណៈ​យិនស៊ិនមកហើយ មិនដែល​ឃើញអាជ្ញាធរ​ មានសមត្ថកិច្ចខណ្ឌ៧មករា មានទាំងសាលាខណ្ឌ អធិការខណ្ឌ មេបញ្ជាការខណ្ឌ បង្ក្រាបម្ដងណាឡើយ។

ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា បើមិនមានភ្លើងខៀវ ពីអាជ្ញាធរខណ្ឌ៧ មករាទេ កុំថាបើកទីតាំងធំៗយ៉ាងនេះ​គ្រាន់តែបើកកត់កន្ទុយលេខ កំប៉េកកំប៉ុកក៏មិនអាចបើកបានដែរ។

បើក្រឡេកភ្នែកមកមើល ល្បែងស៊ីសងតាមប្រព័ន្ធOnlineជ្រកក្រោមរូបភាពទីតាំងInternet  ណេត២៤ម៉ោងវិញ ច្រើនស្អេកស្កះ តែដោយព័ត៌មានចុះផ្សាយកន្លងមក ទីតាំងមួយចំនួនបានរុះរើស្លាកយីហោ ចេញដើម្បីបានបិទបាំងលួចលេងបន្ត។

គួរបញ្ចាក់ផងដែរថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់មន្ត្រីរបស់ខ្លួន អោយបោសសំអាតល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយ៩ចំនុចរបស់ប្រមុខរាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពខ្ពស់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និងលោក ក៍បានប្រកាសជាបន្តបន្ទាប់ អោយលុបបំបាត់ នូវល្បែងស៊ីសង​គ្រប់ប្រភេទ ដែលបង្កើតអោយមានបទល្មើស លួច ឆក់ ប្លន់ ផងដែរ តែបើក្រឡេកមកមើលខណ្ឌ៧មករាវិញចប់ដោយគ្មានវាចាតែម្តង៕

ពលរដ្ឋសំណូមពរដល់ លោក លឹម សុភា អភិបាលខណ្ឌ៧មករា និង លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការខណ្ឌ៧មករា ត្រូវជាប្អូនប្រុសបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ  ល្មមដល់ពេលចាត់វិធានការចំពោះល្បែងស៊ីសង ខាងលើហើយ ព្រោះទីតាំងទាំងនោះបើកដំណើរការដុះស្លែអស់ហើយ។

រូបភាពខាងក្រោមខ្លះគ្រាន់ជារូបតំណាង៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ