ព្រឹតិ្តការណ៍ថ្មីៗ

ជូនដំណឹងម្តងទៀតហើយ!​!អាជ្ញាធរជ្រោយចង្វារ​នឹងចុះរុះរើសំណង់រោងនិងខ្ចុសស្អេកស្កះបណ្តែតតាមទឹកទន្លេមេគង្គ

2 ឆ្នាំ មុន 1 tnn_admin

 

ភ្នំពេញ ៖ រយ:ពេលជិតមួយឆ្នាំមកហើយ បើគិតកាលពីរសៀលថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៥ សាលាខណ្ឌជ្រោយចង្វារធ្លាប់បានកោះហៅម្ចាស់សំណង់រោងសង់រំលោភចូលដីច្រាំងទន្លេ និងសង់ខ្ចុសបណ្តែតទឹកក្នុងទន្លេ មកចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងដើម្បីឱ្យរុះរើចេញពីច្រាំងទន្លេ ដោយបានទុករយៈពេល១០ថ្ងៃ តែមកដល់ពេលនេះគេឃើញហាងអស់ទាំងនោះនៅតែដំណើរការបានរលូន មិនតែបុ៉ណ្ណោះគេឃើញមានទីតាំងមួយចំនួនសាងសង់ថ្មីៗបន្ថែមទៀត ដូច្នេះទើបអាជ្ញាធរ បានចេញសេចក្តីជូនដំណឹងម្តងទៀតដើម្បីចុះរុះរើនៅថ្ងៃ ទី២២ខែមិថុនាឆ្នាំ២០១៦នេះ។

 

ខ្លឹមសារនៃសេចក្តីជូនដំណឹង របស់សាលាខណ្ឌជ្រោយចង្វារ ក៏បានបានយោងផងដែរនូវអនុក្រឹត្យលេខ ១១៨ អនក្រ បក ចុះថ្ងៃទី០៧ខែតុលាឆ្នាំ២០០៥របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងដីរដ្ឋ និង ប្រកាសរួមលេខ១២២៩ ប្រ ក មជដនស ចុះថ្ងៃទី២១ខែមេសាឆ្នាំ២០០៩របស់ក្រសួងមហាផ្ទៃនិងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ស្តីពីការទប់ស្កាត់សំណង់គ្មានច្បាប់លិខិតអនុញ្ញាតឬការសង់សំណង់គ្មានច្បាប់ខុសពីលិខិតអនុញ្ញាត ។

 

នៅក្នុងខ្លឹមសារនេះដែរបានលើកឡើងថា សាលាខណ្ឌជ្រោយចង្វារបានជំរាប់ជូនដំណឹងដល់អស់លោក លោកស្រីដែលជាម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់ ដែលកំពុងប្រកបរបរអាជីវកម្មនៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ឱ្យបានជ្រាបថាកន្លងមក អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដើម្បីឱ្យម្ចាស់សំណង់រុះរើសំណង់ដែលសង់បណ្តែតទឹក ចំនួន២លើករួចមកហើយ ដោយលើកទី១កាលពីថ្ងៃទី៤ខែសីហាឆ្នាំ២០១៥ និងលើកទី២ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ ប៉ុន្តែអស់លោកលោកស្រី មិនបានអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរទេ ដោយមកដល់ពេលនេះមិនទាន់មានម្ចាស់សំណង់មួយណារុះរើនៅឡើយ ។

 

ដូច្នេះដើម្បីរចូលរួមកែលំអរ និងដើម្បីរក្សាបាននូវសោភណ្ឌភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងការពារនូវបរិស្ថានការពារសម្បត្តិសាធារណៈរបស់រដ្ឋ ស្របតាមការណែនាំរបស់សាលារាធានីភ្នំពេញ និងក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ អាជ្ញាធរខណ្ឌជ្រោយចង្វារបានតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្មទាំងអស់ រុះរើសំណង់រោងនិងខ្ចុសអានាធិបតេយ្យទាំងអស់ ឱ្យអស់ពីច្រាំងនិងតាមដងទន្លេ សាលាខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់ ដោយចុះរុះរើចាប់ពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៦តទៅនិងមិនទទួលខុសត្រូវរាល់ការខូចខាតឬបាត់បង់ទ្រព្យសម្បត្តិនិងសំភារៈអ្វីឡើយ ។

លោក ហ៊ុយ សារ៉ុន អភិបាលរងខណ្ឌជ្រោយចង្វារធ្លាប់បានមានប្រសាសន៍ថា សំណង់អានាធិបតេយ្យដែលសង់រំលោភលើដីចំណីទន្លេនិងខ្ចុសបណ្តែតទឹកនេះគឺមិនអាចអនុគ្រោះបាននោះទេ ព្រោះវាខុសនឹងច្បាប់ ដូច្នេះមេភូមិ ត្រូវដើរប្រាប់ម្ចាស់ហាងឱ្យរុះរើឱ្យបានមុន ថ្ងៃដែលអាជ្ញាធរចុះរុះរើ ហើយកម្លាំងយើងត្រូវ អនុវត្តតាមស្មារតីលិខិតជូនដំណឹងកុំបីខាន។

 

អភិបាលនៃគណៈអភិបាល ខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ធ្លាប់បានមានប្រសាសន៍ថា សំណង់ខ្ចុស ទាំងអស់ដែលប៉ះពាល់ដល់ដីចំណីទន្លេនោះត្រូវរុះរើចេញតាមការជូនដំណឹងរបស់សាលាខណ្ឌ បើមិនដូច្នេះទេអាជ្ញាធរនឹងចុះអនុវត្តតាមច្បាប់រដ្ឋបាលដោយមិនទទួលខុសត្រូវនូវការខូចខាតឬបាត់បង់ទ្រព្យសមត្តិអ្វីឡើយ ព្រោះករណីនេះវាខុសនឹងច្បាប់ទាំងស្រុង ហើយមិនអាចបណ្តែតបណ្តោយដូចបច្ចុប្បន្នបានទេ ដោយសារតែសំណង់អានាធិបតេយ្យមិនរៀបរយ អាចមានបញ្ហាប្រឈម៣ ទី១បញ្ហាបរិស្ថាន ទី២ ការសង់រំលោភលើដីចំណីទន្លេ ដែលជាដីសាធារណៈរបស់រដ្ឋនិងទី៣ គឺបញ្ហាសុវត្ថិភាព របស់ភ្ញៀវ ។  ដូច្នេះចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជារក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ ម្ចាស់ត្រូវតែអនុវត្តនូវខ្លឹមសារសេចក្តីជូនដំណឹងនិងស្មារតីប្រជុំថ្ងៃកន្លងមកកុំបីខាន ។

សូមបញ្ជាក់ថាតំបន់ព្រែកលៀបនរណាៗក៏ស្គាល់យ៉ាងច្បាស់ គឺជា សង្កាត់ជាយក្រុងមួយក្រោមការគ្រប់គ្រងរបស់រដ្ឋបាល ខណ្ឌ ជ្រោយចង្វារ ហើយសង្កាត់មួយនេះសំបូរទៅដោយ ភោជនីយ ដ្ឋានក៏ដូចជាហាងអាហារតូចធំ អគារខុនដូរ សណ្ឋាគារផ្ទះ សំណាក់ស្អេកស្កះ ទាំងនៅតាមបណ្តោយមាត់ទន្លេមេគង្គក៏ដូចជានៅតាមបណ្តោយផ្លូវជាតិលេខ៦។  អាចថាជាតំបន់ជាប់ចំណាត់ថ្នាក់លេខ១ដែលមានហាងអាហារ ភោជនីយដ្ឋានច្រើនជាងគេនៅតំបន់ជាយក្រុងភ្នំពេញ ត្រើយម្ខាង ដែលជាសក្តានុពលទេសចរសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិចូលមកកំសាន្ត ពិសារអាហារដែលមានឱជារសឆ្ងាញ់ផងដែរ ។

ជាងនេះទៀតតំបន់នេះក៏ជាទីកន្លែងស្ងាត់របស់តាតាឬអ្នកមានប្រាក់ច្រើនៗ មកពិសារអាហារពេលថ្ងៃអោបនាងនាងក្មេងៗកំសាន្តនៅហាងមាត់ទន្លេ ហើយពេលយប់ចូលខារ៉ាអូខេ រាល់ថ្ងៃសៅរិ៍អាទិត្យ រួចដេកតាមផ្ទះសំណាក់សណ្ឋាគារ ជាមួយនាងក្មេងៗ ដែលមានសាច់ សខ្ចីហើយកុហកប្រពន្ធថា ចុះបំពេញការងារតាមខេត្តឆ្ងាយៗ ។

ទន្ទឹមនឹងភាពរីកចំរើនផ្នែកភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ខុនដូរទាំងអស់នេះ អាជ្ញាធរខណ្ឌជ្រោយចង្វារ ក៏បានជម្រុញឱ្យប្រជាពលរដ្ឋភ្ញាក់រលឹក ក្នុងការរៀបចំសណ្តាប់ធ្នាប់សំអាតអនាម័យ ប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាចាត់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវជាតិលេខ៦ និងចុះពិនិត្យព្រមទាំងជំរុញឱ្យថៅកែហាងទាំងអស់ឱ្យធ្វើច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវគ្រប់ៗគ្នា ។

ខណៈនៅតំបន់មួយនេះមានការរីកចំរើន លើវិស័យភោជនីយដ្ឋាន និងវិស័យផ្សេងៗទៀត ក៏នៅមានចំណុចអវិជមានជាច្រើនផងដែរ ។

ជាក់ស្តែងនៅពេលថ្មីៗនេះក៏ស្រាប់តែមានម្ចាស់ផ្ទះនិងម្ចាស់ភោជនីយដ្ឋានខ្លះ បានចាក់ដីរំលោភចូលទន្លេជាដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងម្ចាស់ហាងមួយចំនួនធំបានធ្វើខ្ចូស លើដីមាត់ទន្លេ និងធ្វើខ្ចូសបណ្តែតទឹកក្នុងទន្លេមេគង្គជាច្រើន ផុសត្រៀបត្រាពេញមាត់ទន្លេ យ៉ាងអនាធិបតេយ្យដែលទីតាំងទាំងនោះ គឺជាដីចំណីទន្លេមេគង្គ ជាដីរបស់រដ្ឋ សម្រាប់ជាផ្លូវទឹក និងជាទីលំហែរកាយទស្សនាមាត់ទន្លេមេគង្គរបស់ភ្ញៀវជាតិនិងអន្តរជាតិនារដូវទឹកឡើង ។

ជាមួយគ្នានេះម្ចាស់ហាងនីមួយៗបានធ្វើបង្គន់លើទន្លេនោះតែម្តង មិនតែប៉ុណ្ណោះពួកម្ចាស់ហាងបានបោះសំរាមនិងកាកសំណល់ផ្ទះបាយផ្សេៗក៏ដូចជាបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេនោះតែម្តង បង្កឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

ក្រៅពីម្ចាស់ហាងបំពុលបរិស្ថានក៏នៅមានម្ចាស់សិប្បកម្មមួយចំនួន ចូលរួមបំផ្លាញបំពុលបរិស្ថាននិងសោភ័ណភាពមាត់ទន្លេផងដែរ ដូចជាសិប្បកម្មផលិតទឹកកក សិប្បកម្មផលិតសរសៃគុយទាវ និងសិប្បកម្មផលិតឱសថជាដើម ។

IMG-20160525-WA0104IMG-20160525-WA0106IMG-20160525-WA0107IMG-20160525-WA0108IMG-20160525-WA0098}

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ