ព្រឹតិ្តការណ៍ថ្មីៗ

ឈ្មួញកាយភ្នំទ្រង់បាត្រស្ទើររលាយហិនហោចអាជ្ញាធរមិនខ្វល់តែប្រជាពលរដ្ឋបារម្ភ

8 ខែ មុន 6 tnn_admin

សៀមរាប: ប្រជាពលមានការបារម្ភខណះឈ្មួញសំរុកយកគ្រឿងចក្រទៅកាយភ្នំទ្រង់បាត្រស្ទើររលាយហិនហោចដោយគ្មានសមត្ថកិច្ចណាទប់ស្កាត់ដោយអាងលេសថា កាយដីធ្វើថ្នល់ តែមហាជនឆ្ងល់ភ្នំគឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ចំណែកផ្លូវមានគេដេញថ្លៃពីរដ្ឋដើម្បីស្ថាបនាផ្លូវម៉េចបានត្រូវយកប្រាក់ចំណេញដាក់ហោប៉ៅខ្លួនឯងហើយទៅកាយដីភ្នំទៅវិញ។

កាលពីរសៀលថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ ២០១៧ នេះ ដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ អ្នកសារព័ត៌មានយើងបានចុះទៅដល់ចំណុច ខាងជើង នៃភ្នំទ្រង់បាត្រ ស្ថិតនៅភូមិ ភ្នំ ឃុំកំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្ត សៀមរាប ។ ក៏បានឃើញ សកម្មភាព កាយបំផ្លិចបំផ្លាញ ភ្នំដែលជាទ្រព្យសម្បត្តិរបស់រដ្ឋស្ទើរតែហិនហោច ដូចពាក្យដែលប្រជាពលរដ្ឋរាយការណ៍ប្រាប់មែនដោយ ឃើញមានរថយន្ត ដឹកដីនិងថ្មភ្នំ ជាង១០គ្រឿង កំពុងតែ មមាញ៉ឹក ក្នុងការដឹកជញ្ជូន ហើយគ្រឿងចក្រកាយដីមិនតិចជាង៨គ្រឿងឡើយដែលកំពុងតែកកាយដីភ្នំទ្រង់បាត្រនោះ។ អ្នកសារព័ត៌មានយើងក៏បាន ទំនាក់ទំនងទៅកាន់អ្នកស្រី ម៉ននីរង្សី អភិបាលស្រុកក្រឡាញ់ដើម្បីសាកសួរចំពោះបញ្ហានេះ។

អ្នកស្រី ម៉ននីរង្សី បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមរយៈទូរស័ព្ទថា ចំពោះរឿងការកាយភ្នំ នេះអ្នកស្រីក៏បានជ្រាបដែរព្រោះមានក្រុមហ៊ុន២ប៉ុណ្ណោះដែលបានកាយដីភ្នំទ្រុងបាត្រនេះ គឺទី១ ជាក្រុមហ៊ុនឯកឧត្តមសៀងណាំ គាត់កាយដីភ្នំនេះដើម្បី ធ្វើផ្លូវទៅសំបួរ និងទី២គឺអ្នកស្រីអោយគេកាយដីភ្នំនេះមកចាក់បរិវេណសាលាស្រុកសំរាប់ចតរថយន្តអីហ្នឹងតែ២ទៅ៣ថ្ងៃទៀតគេឈប់កាយហើយ។តែចំពោះក្រុមហ៊ុនឯកឧត្តមសៀងណាំប្រហែលជាអាចយូរព្រោះទាល់តែធ្វើផ្លូវរួចរាល់ទើបគាត់ឈប់កាយ។

តែជុំវិញរឿងនេះប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់ថានេះគ្រាន់តែពាក្យដោះសាររបស់អភិបាលស្រុកតែប៉ុណ្ណោះព្រោះការកាយភ្នំស្ទើរតែហិនហោចកើតឡើងជាយូរមកហើយៗមិនមែនមានតែ២ក្រុមហ៊ុនឡើយគឺមានឈ្មួញច្រើននាក់ណាស់ដែយកគ្រឿងចក្រមកកាយដីធ្វើអាជីវកម្មនោះតែសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរចេះតែបិទបាំងដោយមានការឃុបឃិតចែកផលប្រយោជន៍គ្នាស៊ី។ព្រោះសូម្បីតែប្រជាពលរដ្ឋដែលខ្វះខាតជីវភាពមកវាយថ្មលក់ឬវាយថ្មបន្តិចបន្តួចយកប្រើប្រាស់ក៏គេទារពន្ធដាដែរដោយក្នុង១គោយន្ត២ម៉ឺនរៀលដោយយកលេសថាប៉ះពាល់បរិស្ថានលុះឈ្មួញធំៗមកកាយនិងដឹកជញ្ជូនមួយថ្ងៃៗរាប់រយឡានបែជាអាជ្ញាធរសម្ងំឈឹងទៅវិញ។

ទោះជាយ៉ាងណាមហាជន បានលើកឡើងថា ពួកខ្ញុំដូចមិនយល់ដែរភ្នំគឺជាសម្បត្តិធម្មជាតិរបស់រដ្ឋ ចំណែកផ្លូវមានគេដេញថ្លៃពីរដ្ឋដើម្បីស្ថាបនាផ្លូវម៉េចបានត្រូវយកប្រាក់ចំណេញដាក់ហោប៉ៅខ្លួនឯងហើយទៅកាយដីភ្នំបំផ្លាញទ្រព្យសម្បត្តិរដ្ឋបែបនេះទៅវិញ៕ដោយ៖ឡត កែវ

 

បន្ថែមយោបល់របស់អ្នក

យោបល់