ព្រឹតិ្តការណ៍ថ្មីៗ

ចែក ១២.៥០០ មួកសុវត្ថិភាព ទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

1 ឆ្នាំ មុន 12 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន អញ្ជើញដឹកនាំយុទ្ធនាការពាក់មួកសុវត្ថិភាព ដែលបានប្រព្រឹត្តទៅនៅទីតាំងសួនព្រះគណ្ណី ជិតទីស្តីការ គណៈរដ្ឋមន្ត្រី ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ សមាជិកគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

យុទ្ធនាការនេះបាននឹងកំពុងប្រព្រឹត្តទៅនៅទូទាំង២៥រាជធានីខេត្ត ដោយនគរបាលចរាចរណ៍ បានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួក សុវត្ថិភាព ហើយចែកមួកសុវត្ថិភាពឱ្យគាត់មួយដើម្បីបង្ហាញពីសារៈសំខាន់ នៃការពាក់មួកសុត្ថិភាព។ នៅពេលប្រគល់មួកសុវត្ថិភាពនោះ នគរបាលបាន តម្រូវឱ្យគាត់ផ្តិតស្នាមមេ ដៃទទួលមួក និងមានបញ្ជាក់ ឈ្មោះរបស់អ្នកទទួល ដើម្បីបង្កាទប់ស្កាត់ការមកបន្លំយកមួកសុវត្ថិភាពម្តងជាពីរដង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍អប់រំដល់អ្នកជិះម៉ូតូដែល បានទទួលបង្កាន់ដៃផាកពិន័យនោះអំពីសុវត្ថិភាពចរាចរណ៍ ហានិភ័យនៃការមិនពាក់មួកសុវត្ថិភាព ឬ សួរសំណួរអំពីច្បាប់ចរាចរណ៍។ ប្រសិនបើគាត់ឆ្លើយត្រូវ ជូនមួកសុវត្ថិភាពគាត់មួយ និងប្រសិនបើគាត់ ឆ្លើយមិនត្រូវ មិនទទួលបានមួកសុវត្ថិភាពទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំង អស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបានជំរុញឲ្យផ្លាស់ប្តូរឥរិយាបថ ដែលធ្លាប់តែមិន គោរពច្បាប់ ងាកមកខិតខំរួមគ្នាគោរពច្បាប់ឲ្យបានស្មើភាព និងម៉ឺងម៉ាត់ដើម្បីថែរក្សាអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព។

ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧ មានចំនួនគ្រោះថ្នាក់ចរាចរណ៍ ២.៧៣១ ករណី មានអ្នកស្លាប់ ១.៣៥៧ អ្នក។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មាន៧៦% ជាអ្នកជិះម៉ូតូដែលមានកម្លាំង ១២៥CC ចុះក្រោម។

គួរកត់សម្គាល់ផងដែរថា៖ មានបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន នៅមិនទាន់មានការគោរពច្បាប់ ចរាចរណ៍បានត្រឹមត្រូវនៅឡើយទេដូចជា៖ ការមិនពាក់មួកសុវត្ថិភាពក្នុងពេលបើកបរទោចក្រយានយន្ត ដែលបង្កឱ្យស្លាប់និងរបួសជារៀងរាល់ឆ្នាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ