ព្រឹតិ្តការណ៍ថ្មីៗ

បំផ្លាញផ្លូវ និងបង្កគ្រោះថ្នាក់យូរហើយទើបនិឹកឃើញធ្វើ

2 ឆ្នាំ មុន 1 តូ សុផល

ភ្នំពេញ៖ យូរៗម្តងគេឃើញក្រសួងសាធារណការ និងដឹកជញ្ជូនចុះឆ្មក់អនុវត្តន៍ច្បាប់ម្តង ស្របពេលដែលរថយន្តធន់ធំ ផ្ទុកលើសទំងន់គ្រប់ប្រភេទបោលសម្រុកចោលក្នុងក្រុងគ្មានពេលវេលាកំណត់ច្បាស់លាស់ និងបង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាញ៉ឹកញាប់ តែគេកម្របានឃើញក្រសួង ឬមន្ទីរពាក់ព័ន្ធអើពើណាស់ ថ្វីបើក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់ចេញសេចក្តីប្រកាសកាលពីកន្លងទៅក៍ដោយ។

 នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ដឹកនាំដោយឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្ត ដឹកលើសទម្ងន់កម្រិតកំណត់ បានដឹកនាំកម្លាំងឆ្មក់ចុះទៅចាប់ត្រួតពិនិត្យរថយន្តដឹកដី ២៩គ្រឿង ពេលកំពុងធ្វើចរាចរណ៍ដឹកដីនៅលើដងផ្លូវសាធារណៈ ក្នុងភូមិទ័ពបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ។

ប្រតិបត្តិការត្រួតពិនិត្យទម្ងន់រថយន្តទាំងនេះ បានរកឃើញថា រថយន្តដឹកដីចំនួន ២៩គ្រឿង ដឹកលើសទម្ងន់ចន្លោះពី ៥តោន រហូតដល់ទៅ ៣៣តោន។

បន្ទាប់ពីថ្លឹងរកឃើញថា ដឹកលើសទម្ងន់កំណត់ហើយនោះរថយន្តទាំងអស់ត្រូវបានឃាត់ទុករង់ចាំម្ចាស់រថយន្ត ចូលខ្លួនដោះស្រាយទៅតាមនីតិវិធី ជាពិសេសត្រូវបង់ការផាកពិន័យទៅតាមច្បាប់ដឹកជញ្ជូន ដែលមានជាធរមាន។

ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រថយន្តដឹកលើសទម្ងន់ទាំង២៩គ្រឿង ត្រូវរងការផាកពិន័យសរុប ២០០លានរៀល។

ជាមួយនឹងប្រតិបត្តិការក្តៅបង្រ្កាបរថយន្តដឹកលើសទម្ងន់ទាំងនេះ ឯកឧត្តម សេង ឈួន បានថ្លែងថា ដោយគោរពតាមការចង្អុលបង្ហាញរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ នឹងចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូន នៅគ្រប់កន្លែងទាំងអស់នៃរាជធានីខេត្ត ដើម្បីរារាំងការដឹកលើសទម្ងន់ ដែលនាំឲ្យខូចផ្លូវធ្ងន់ធ្ងរនោះ។

ឯកឧត្តម សេង ឈួន បានគូសបញ្ជាក់ផងដែរថា ប្រតិបត្តិការបង្រ្កាបរថយន្តដឹកលើសទម្ងន់នេះ នឹងធ្វើឡើងដោយតម្លាភាព ដោយមិនមានការអន្តរាគមន៍ជាដាច់ខាតទោះបីរថយន្ត ដឹកលើសទម្ងន់នោះជារបស់អ្នកមានឥទ្ធិពល ឬមានអំណាចក៏ដោយ។

សូមបញ្ជាក់ផងដែរថាកន្លងមក ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ជារឿយៗថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកជញ្ជូនលើសទម្ងន់នេះ គឺមិនរាថយនោះឡើយ ហើយធ្វើជាប់ជាប្រចាំថែមទៀតផង។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ប្រតិបត្តិការទប់ស្កាត់រថយន្តដឹកលើសទម្ងន់នេះ ធ្វើគ្រប់រថយន្ត និងស្មើភាព ដោយមិនមានការអន្តរាគមន៍នោះឡើយ បើទោះបីម្ចាស់រថ យន្តដឹកជញ្ជូនទាំងនោះ ជាអ្នកមានអំណាច មានឥទ្ធិពល ឬក៏មានលុយក៏ដោយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ម្ចាស់រថយន្តដឹកជញ្ជូន ឲ្យគោរពច្បាប់ដឹកជញ្ជូន និងកម្រិតទម្ងន់ ដែលកំណត់ដោយច្បាប់ចៀសវាងការធ្វើឲ្យខូចខាតផ្លូវ ដែលរាជរដ្ឋាភិបាលខិតខំសាងសង់ឡើង ហើយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថារាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមិនចង់បានលុយផាកពិន័យពីការដឹកលើសទម្ងន់នោះទេ ព្រោះលុយយកពីការផាកពិន័យ មិនអាចយកមកទូទាត់ជាមួយទំហំនៃការខូចខាតផ្លូវ ហើយក៏មិនអាចយកជួសជុលផ្លូវឡើងវិញបាននោះឡើយ។

ប្រជាពលរដ្ឋគាំទ្រចំពោះចំណាត់ការ ឯកឧត្តមទេសរដ្ឋមន្រ្តី​ ស៊ុន ចាន់ថុល ចំពោះការចុះ អនុវត្តន៍ និងចាត់វិធានការយ៉ាងតឹងរឹងចំពោះរថយន្តខាងលើ ជាពិសេស ពលរដ្ឋសំណូមមានការចុះយុទ្ធនាការបែបនេះ ជាប្រចាំដើម្បីលប់បំបាត់នូវពាក់ចរចាមអារាមថា សែនមិនត្រូវបានជាចុះបង្ក្រាបបែបនេះ?

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ