ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! កាស៊ីណូអត់ច្បាប់ ថៅកែប្រើអង្គរក្សគំរាមបាញ់សមត្ថកិច្ចពេលចុះសួរនាំ!

1 ឆ្នាំ មុន 3 តូ សុផល

ព្រៃវែង៖ កាស៊ីណូមួយកន្លែងនៅចំណុចភូមិប្រោះស្វាឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននឹងកំពុងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទដោយមិនបានធ្វើច្បាប់ទម្លាប់អ្វីទេ។

មិនតែប៉ុណ្ណោះនៅពេលដែលសមត្ថកិច្ចស្រុកចុះសួរនាំរកឯកសារច្បាប់ទម្លាប់!ស្រាប់តែម្ចាស់កាស៊ីណូនោះបានប្រើភាសាមិនសមរម្យមកលើពួកគាត់និងឲ្យអង្គរក្សម្នាក់ដែលកាន់កាំភ្លើងខ្លីច្រានសមត្ថកិច្ចប៉ើងរួចគំរាមបាញ់ចោលទៀតផង។
ប្រភពបានឲ្យដឹងថាកាស៊ីណូនេះគឺទើបនិងបើកលេងនៅថ្ងៃទី០៤តុលាឆ្នាំ២០១៧នេះហើយបានបង្កកើតជាហឹង្សាប្រតាយប្រតប់គ្នារវាងភាគីម្ចាស់កាស៊ីនិងសមត្ថកិច្ចមូលដ្ឋាន។

ក្រុមអ្នកលេងល្បែងទាំងនោះបានឲ្យរស្មីកម្ពុជាថា ពួកគេហ៊ានមកលេងល្បែងទីនេះព្រោះម្ចាស់កាស៊ីណូខាងលើជាអ្នកមានអំណាចធំ ហើយមុននឹងគេបើកលេងគឺបានរត់ការជាមួយចៅហ្វាយខេត្តនិងស្នងការខេត្តអស់ហើយ។ក្នុងនោះអ្នកដែលមកលេងល្បែងភាគច្រើនជាខ្មែរយើង! រីឯជនបរទេសមិនសូវជាមានមកលេងទេ។

ពោលគឺនៅរសៀលថ្ងៃទី០៤ខែតុលានេះគឺអង្គរក្សម្ចាស់កាស៊ីណូបានច្រាននិងគំរាមប៉ូលិសជានាយផ្នែកម្នាក់គឺនៅពេលដែលប៉ូលិសរូបនោះដឹកនាំកំលាំងចុះសួរនាំក្នុងកាស៊ីណូ។

លោក សុខ ចន្ទ័ឬទ្ធី នាយផ្នែកនគរអន្តោប្រវេសន៍ស្រុកព្រះស្ដេច បានឲ្យដឹងថា លោកហួសចិត្តយ៉ាងខ្លាំងទៅលើម្ចាស់កាស៊ីខាងលើដែលបានបញ្ជាឲ្យអង្គរក្សរបស់ខ្លួនច្រានលោកប៉ើង ហើយគំរាមបាញ់លោកចោលទៀតផងគឺអយុត្តិធម៌ណាស់សម្រាប់រូបលោក។ ជាមួយគ្នានោះបានធ្វើឲ្យលោកមានការភិតភ័យយ៉ាងខ្លាំងពីសុវត្តិភាពផ្ទាល់ខ្លួន ហើយលោកក៏បានឡើងរថយន្តនិងដឹកនាំកំលាំងចេញទីនោះ ខណៈពេលនោះក្រុមសមត្ថកិច្ចមិនទាន់ចេញផុត ពីកាស៊ីណូផង!ស្រាប់តែអង្គរក្សរូបនោះចេញតាមរកបាញ់លោកទៀតតែត្រូវបានឈ្មោះ ផល ដែលជាមេការកាស៊ីណូបានចាប់ឃាត់ទាញជនដៃដល់យកទៅក្នុងសង្វៀនជល់មាន់វិញបាត់ទៅ។

ប្រភពដដែលបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺលោកបានដឹកនាំកំលាំងចុះទៅសួរនាំរកច្បាប់ទម្លាប់គឺតាមបទបញ្ជាថ្នាក់លើហើយលោកក៏មិនបាននិយាយស្ដីអ្វីច្រើនដែរក្រៅពីសួររកច្បាប់ ប៉ុន្តែបែរជាជនដៃដល់បានប្រើភាសាអសុរស់មកលើរូបលោកនិងកូនចៅ ថាហែងចេញឲ្យផុតពីកន្លែងអញ! បើហែងចង់ដឹងច្បាប់ហែងទៅសួរចៅហ្វាយខេត្តព្រៃវែងនិងស្នងការខេត្តទៅ ភ្លាមនោះរូបគេច្រឡោតតោតតូងខឹងហក់មកច្រានរូបគាត់និងគំរាមបាញ់លោកចោលទៀតផង។

ជំវិញករណីនេះលោក ជ័យ សេងហ៊ាង អធិការស្រុកព្រះស្ដេចបានឲ្យដឹងថា កាស៊ីណូនេះមានច្បាប់ឬអត់លោកមិនដឹងទេព្រោះគេអត់ជូនដំណឹងហើយពេលឲ្យកំលាំងចុះទៅសួរនាំស្រាប់តែមានរឿង។

លោក ស្រេង ជា ស្នងការខេត្តព្រៃវែងបានឲ្យដឹងថា កាស៊ីណូនេះអត់ច្បាប់ទេហើយលោកបានបញ្ជាឲ្យកំលាំងចុះបិតហើយគឺនៅក្រោយពេលមានរឿងដូចខាងលើ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ