ព្រឹតិ្តការណ៍ថ្មីៗ

ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ និរន្តរភាពទេសចរណ៍ជាយន្តការសម្រាប់ការអភិវឌ្ឍន៍

1 ឆ្នាំ មុន 15 tnn_admin

មណ្ឌលគិរី៖ អភិបាលខេត្តមណ្ឌលគិរី ឯកឧត្ដម ស្វាយ សំអ៊ាង បានជម្រុញដល់មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋត្រូវមាន ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា និងរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តមណ្ឌលគិរី ក៏ដូចជាបង្កើត ផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីធ្វើឲ្យខេត្តមួយនេះមានសក្ដានុពលទេសចរណ៍កាន់តែល្អប្រសើរ ទាក់ទាញ ភ្ញៀវទេសចរណ៍បានកាន់តែច្រើន ដែលអាចធ្វើឲ្យចរន្តសេដ្ឋកិច្ចទទួលបានពីវិស័យទេសចរណ៍សម្រាប់ខេត្តមណ្ឌលគិរី កាន់តែមានកំណើន ថែមទាំងអាចបង្កើតឱកាសការងារសម្រាប់ពលរដ្ឋក្នុងស្រុកបានកាន់តែច្រើនដូចគ្នាដែរ ។

ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរីបានថ្លែង ក្នុងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៧ ក្រោមប្រធានបទ និរន្តរភាពទេសចរណ៍ជាយន្តការសម្រាប់ការអភិវឌ្ឍន៍ កាលពីថ្ងៃទី០២ តុលា ២០១៧ នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាមួយអាជីវករ និងពលរដ្ឋប្រមាណ៣០០នាក់ទៀតថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយបានដើរតួនាទីជា មាសបៃតង ដែលបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គមជាតិ ផ្អែកលើកត្តាសន្តិភាព និងស្ថេរភាពនយោបាយ ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយសម្រាប់ខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ន គឺបាននិងកំពុងអភិវឌ្ឍន៍លើ គ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលតែងមានកំណើនរៀងរាល់ឆ្នាំ ។

 

ឯកឧត្ដមបន្តថា ក្នុងនាមលោកជាថ្នាក់ ដឹកនាំខេត្ត លោកនឹងបន្តជម្រុញវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ឲ្យកាន់តែមានការរីកចំរើនជាងនេះទៀត ក្នុងពេលខាងមុខ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន និងអង្គការដៃគូ សូមបន្តចូលរួមគាំទ្រ និងរួមចំណែកឲ្យកាន់តែសកម្មក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងខេត្តមណ្ឌលគិរី តាមរយៈការថែរក្សាសម្បត្តិវប្បធម៌ រក្សាប្រពៃណីតាមតំបន់ ការពារបរិស្ថាន លើកម្ពស់គុណភាព ផលិតផល និងសេវាកម្មទេសចរណ៍ក្នុងមូលដ្ឋាន និងធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ ៕ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ